ជាតិ
សង្គមជាតិ
ដើម្បីកុំឱ្យHackers ចូលគណនីធនាគារ ពលរដ្ឋ កុំចុចលើតំណរភ្ជាប់«ឈ្មោះដែន» តាមសារ ឬអ៊ីម៉ែល
× ភ្នំពេញ៖ ចោរបច្ចេកវិទ្យា(Hackers) កំពុងវាយប្រហារប្រជាពលរដ្ឋតាមរយៈផ្ញើសារខ្លីៗ(SMS)លើទូរសព្ទដៃ ឬសារអ៊ីម៉ែល ដោយមានខ្លឹមសារថា«Your bank account has been logged in through platform, please verify again to protect your rights »ដោយមានភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ដែលស្រដៀងនឹងឈ្មោះធនាគាររបស់លោក-អ្នក។ ដើម្បីកុំឱ្យHackers ចូលក្នុងគណនីធនាគារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានដល់ពលរដ្ឋ កុំចុចលើតំណរភ្ជាប់«ឈ្មោះដែន» នេះ។
ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២១មករានេះ បានពន្យល់ថា នៅពេលពលរដ្ឋចុចលើឈ្មោះដែននោះ ពួកគេនឹងចូលទៅគេហទំព័រក្លែងក្លាយមួយ ដែលមានរូបរាង និងទម្រង់ស្ទើរតែដូចគ្នាទៅនឹងគេហទំព័ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មាន លេខគណនី ពាក្យសំងាត់ និងលេខកូដសំងាត់ជាដើម។ បើតាមក្រសួងប្រៃសណីយ៍ នៅពេលពលរដ្ឋបញ្ចូលព័ត៌មានទាំងអស់នោះហើយ ពួក Hackers នឹងមានឱកាសអាចចូលគ្រប់គណនីធនាគារពលរដ្ឋបាន។
ក្រសួងប្រៃសណីយ៍ បានសង្កត់ធ្ងន់នៅក្នុងសេចក្តីជូនដំណឹងដូច្នេះថា៖«ប្រសិនបើអ្នកប្រើប្រាស់បញ្ចូលព័ត៌មានទាំងនោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាពលួចចូលក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់ ហើយអាចបង្វែរសាច់ប្រាក់ចេញទៅគណនីផ្សេងទៀតដែលបានគ្រោងទុកជាមុន»។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ បានស្នើដល់ជាពលរដ្ឋជាអ្នកប្រើប្រាស់ទាំងអស់ មិនត្រូវឆ្លើយតបទូរសព្ទ សារខ្លី ឬអ៊ីម៉ែល ដែលព្យាយាមសាកសួរនូវព័ត៌មានផ្ទាល់ខ្លួនទេ ព្រោះជាទូទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនដែលស្នើសុំអតិថិជនផ្តល់លេខគណនី លេខសំងាត់ ឬលេខកូដOTP ឡើយ។ ក្នុងករណីលោក-អ្នកសង្ស័យធ្លាក់ចូលអន្ទាក់ចោរបច្ចេកវិទ្យានោះ សូមទាក់ទងទៅគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុរបស់លោក-អ្នក ដើម្បីជួយដោះស្រាយទាន់ពេលវេលា។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់«ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ(CamCERT) នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬសុំជំនួយបច្ចកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល
.kh ឬលេខទូរសព្ទ ០១៦ ៨៥១៦៧៨៕
Tag:
Hackers
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com