ជាតិ
លោកស្រី មូ សុខ​ហួរ គួរ​និយាយថា យើង​នឹង​សុំ​EBA ២០​ភាគរយ​ពី​អឺរ៉ុប​មកវិញ​
21, Jan 2021 , 3:45 pm        
រូបភាព
(រាប់ពីឆ្វេង) លោក កា ម៉ា​ធុល ​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជ្យ​បណ្ឌិត​សភាព​កម្ពុជា, លោកស្រី មូ សុខហួរ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជននៃមណ្ឌលកំពង់ស្ពឺ
(រាប់ពីឆ្វេង) លោក កា ម៉ា​ធុល ​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជ្យ​បណ្ឌិត​សភាព​កម្ពុជា, លោកស្រី មូ សុខហួរ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជននៃមណ្ឌលកំពង់ស្ពឺ
​កាលពីពេល​ថ្មីៗ​នេះ លោកស្រី មូ សុខ​ហួរ បាន​ថ្លែង​តាមរយៈ​ឃ្លី​ប​វីដេអូ​ពី​សហរដ្ឋអាមេរិក​មក​ថា​បែប​អត្តនោម័ត​ថា សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា​លើសពី ២០​ភាគរយ​ទៀត​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ អ្នកវិភាគ និង​អ្នកនយោបាយ​អធិប្បាយ​តប​ថា លោកស្រី មូ សុខ​ហួរ គួរតែ​បាន​ថ្លែង​អ្វីដែល​ផ្តល់​ប្រយោជន៍​ដល់​ជាតិ​។​

 
​កាលដែល​លោកស្រី មូ សុខ​ហួរ និង​លោក នុត រំដួល អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​សេចក្តីសម្រេច​របស់​តុលាការ​កម្ពុជា មិនអាច​ឡើង​យន្តហោះ​មក​កម្ពុជា បណ្ដាលឱ្យមាន​ការអធិប្បាយ​ថា នោះ​គឺ​គ្រាន់តែ​ជា ការសម្តែង​។ លោកស្រី មូ សុខ​ហួរ ក៏បាន​ថត​ផ្សាយ​វី​ដែ​អូ​ឃ្លី​ប ដើម្បី​ច្រាន​ចោលការ​ចំអក​ទាំងនោះ ហើយ​បាន​ធ្លោយមាត់​ថា​៖«​បងប្អូន​ជឿជាក់​ទៅ អ៊ី​ប៊ី​អេ (EBA) នឹង​មិនមែន​ប៉ះពាល់​តែ ២០​ភាគរយ​ទេ​។ គេ​នឹង​ដក អ៊ី​ប៊ី​អេ លើសពី ២០​ភាគរយ​ទៀត​ក្នុងឆ្នាំនេះ (២០២១)​។ ពីព្រោះ​រឿងនេះ រឿង​ធំ​។ ហេតុអ្វី​គេ​ដក​ទៀត​? ពីព្រោះ​វា​ទាក់ទង​នឹង​សិទ្ធិមនុស្ស​។​»​។​
 
​នៅក្នុង​ឃ្លី​ប​វីដេអូ​នោះ លោកស្រី​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ថា ជា​អ្នក​រារាំង ដើម្បី​មិនឱ្យ​លោកស្រី និង​សហការី​ឡើង​យន្តហោះ​មក​ប្រទេស​កម្ពុជា​វិញ​បាន ហើយ​ថា សម្រាប់​លោកស្រី នេះ​គឺជា​ការបំពាន​លើ​បញ្ហា​សិទ្ធិមនុស្ស​។​
 
​បើតាម​ការអត្ថាធិប្បាយ​របស់លោក​ស្រី​ដដែល បើសិនជា​លោកស្រី និង​សហការី​អាចមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ នោះ​វា​នឹង​ធ្វើឱ្យ​ស្ថានការណ៍​នយោបាយ​ធូរស្រាល ហើយ​សហភាព​អឺរ៉ុប​នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​១០០​ភាគរយ​មកវិញ​។​
 
​សេចក្តីសន្និដ្ឋាន​នេះ​របស់​លោកស្រី មូ សុខ​ហួរ មិនអាច​ធ្វើឱ្យ​លោក កា ម៉ា​ធុល ដែលជា​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជ្យ​បណ្ឌិត​សភាព​កម្ពុជា យល់ស្រប​ឡើយ​។ ទីមួយ លោក កា ម៉ា​ធុល អធិប្បាយ​ថា ការដែល​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​បង្ហាញ​ផែនការ​មាតុភូមិ​និវត្ត​នោះ គឺ​គ្រាន់តែ​ជា​ព្យាយាម​បើក​សន្លឹក​បៀ​របស់ខ្លួន ដែល​ត្រូវបាន​គេ​ផ្កាប់​ចោល​នោះ​ប៉ុណ្ណោះ​។ ទី​ពីរ អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ​បញ្ជាក់ថា សហភាព​អឺរ៉ុប​មិន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា ហើយ​ថា បើ​ទាក់ទង​នឹង​សំណុំរឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នោះ​ទៀត អ្វីៗ​ត្រូវបាន​អនុវត្តតាម​នីតិវិធី​។​
 
«​បើសិនជា​ពួកគាត់​យល់ថា ពួកគាត់​មាន​ទឹកមាត់ប្រៃ​ចំពោះ​បញ្ហា EBA នេះ ដែល​អាចធ្វើឱ្យ​សហភាព​អឺរ៉ុប​ដក  EBA បន្ថែមទៀត​មែន ដូច្នេះ​ពួកគេ​គាត់​គួរតែ​សុំ EBA ឱ្យបាន​១០០​ភាគរយ​មកវិញ ដើម្បី​ជួយ​ជាតិ​។​»​។ នេះ​គឺជា​ការអះអាង​របស់លោក កា ម៉ា​ធុល ដែល​បញ្ជាក់​បន្ថែមថា ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនគួរ​ប្រើប្រាស់​តែ​បរទេស​ជា​បង្អែក​ដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។​
 
​ដូច្នេះ តើ​មេដឹកនាំ​នយោបាយ​ត្រូវ​សន្ទនា​គ្នា​ឡើងវិញ​? លោក កា ម៉ា​ធុល ឆ្លើយតប​ថា​៖«​វប្បធម៌​សន្ទនា​មិនអាច​មាន​ជា​លើក​ទី​២​ទេ បើសិនជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្មានអ្វី​នៅក្នុង​ដៃ​។ អ្វី​នៅក្នុង​ដៃ ខ្ញុំ​ចង់​និយាយថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្វី​សម្រាប់​ជាតិខ្មែរ​? ឧទាហរណ៍ គាត់​ថា គាត់​អាច​និយាយ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​សុំ EBA ២០​ភាគរយ​មកវិញ​។​»​។​
 
​ទំនងជា​ចង់​ឆ្លើយតប​ដោយ​ប្រយោល​ទៅ​លោកស្រី មូ សុខ​ហួរ ដែរ លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​របស់​គណបក្សកាន់អំណាច​ក៏បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែល​គេ​អាច​អាន​បាន​យ៉ាង​ដូច្នេះ​៖«​ហានិភ័យ​ដ៏​ធំ​មួយ​សម្រាប់​អនាគត​កម្ពុជា​គឺ​ការធ្វើ​នយោបាយ​ដោយ​មិន​ទទួលខុសត្រូវ មិន​ខ្លាច ឬ​បារម្ភ​ពី​ផលប៉ះពាល់ និង​ការខាតបង់​ផលប្រយោជន៍​ប្រទេសជាតិ​។ នយោបាយ​បែប​អ​ត្មា​និយម និង​ជាន់ពន្លិច​។​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com