FIFA
អន្តរជាតិ
លោក បៃ​ឌិន ដាក់​អាមេរិក​ចូល​កិច្ចព្រមព្រៀង​អាកាសធាតុ និង​ប្រកាស​ចូល WHO វិញ​
21, Jan 2021 , 6:39 pm        
រូបភាព
លោកប្រធានាធិបតី ចូ បៃឌិន ថ្លែងសុន្ទរកថានៅវិមានកាពីតូល។ រូបថត Xinhua
លោកប្រធានាធិបតី ចូ បៃឌិន ថ្លែងសុន្ទរកថានៅវិមានកាពីតូល។ រូបថត Xinhua
ដោយ:
​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន នៅ​ថ្ងៃទី​២០ មករា បានចេញ​បញ្ជា​ប្រតិបត្តិ​ដាក់​អាមេរិក​ចូល​កិច្ចព្រមព្រៀង​អាកាសធាតុ ក៏ដូចជា​ប្រកាស​ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក (WHO) សារជាថ្មី​។ ការចេញ​បញ្ជា​ប្រតិបត្តិ និង​ប្រកាស​របស់​រដ្ឋបាល​លោក​បៃ​ឌិន ជាការ​សើរើ​ឡើងវិញ​គោលនយោបាយ​ការបរទេស​បួន​ឆ្នាំ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​

 
​ចាប់ពី​ឆ្នាំ​២០១៧​មក អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ដូចជា​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អង្គការ​សុខភាព​ពិភពលោក អង្គការ​យូណេស្កូ និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ជាដើម​។​
 
 
​ក្រោយ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ មករា លោក ចូ បៃ​ឌិន បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ដែល​ដាក់​អាមេរិក​ចូលទៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥ វិញ​។ កិច្ចព្រមព្រៀង​នេះ​មានបំណង​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល កាត់បន្ថយ​ការកើនឡើង​សីតុណ្ហភាព​ផែនដី និង​បញ្ឈប់​បម្រែបម្រួល​អាកាសធាតុ​។ អាមេរិក​ដែលជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​លំដាប់​ទី​ពីរ បន្ទាប់ពី​ចិន ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ​២០១៧​។​
 
​បញ្ជា​ប្រតិបត្តិ​នេះ ក៏មាន​ផងដែរ​ការពិនិត្យ​ឡើងវិញ​គោលនយោបាយ​ទាក់ទង​នឹង​បរិស្ថាន​ទាំងអស់ ដែល​តាក់តែងឡើង​ក្រោម​រដ្ឋបាល​របស់លោក ត្រាំ ។ ជាក់ស្តែង បញ្ជា​ប្រតិបត្តិ​នេះ ដក​លិខិតអនុញ្ញាត​ក្នុង​ការកសាង​បំពង់​បង្ហូរ​ប្រង​ពី​កាណាដា​មក​អាមេរិក និង​ផ្អាក​ការ​ចម្រាញ់​ប្រង និង​ឧស្ម័ន​ក្នុង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​នៅ​រដ្ឋ Alaska ដែល​រដ្ឋបាល​លោក ត្រាំ អនុញ្ញាតឱ្យ​រុករក​។​
 
«​ខ្ញុំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ជំហាន​របស់លោក​ប្រធានាធិបតី បៃ​ឌិន ក្នុងការ​ចូលរួម​ជាថ្មី​ក្នុង​កិច្ចព្រមព្រៀង​អាកា​ធាតុ និង​ចូល​រួមជាមួយ​សម្ព័ន្ធរ​ដ្ឋា​ភិ​បាល ទីក្រុង រដ្ឋ ពាណិជ្ជកម្ម និង​ប្រជាជន​ក្នុង​សកម្មភាព​ដ៏​មាន​មហិច្ឆតា ក្នុងការ​ទប់ស្កាត់​វិបត្តិ​អាកាសធាតុ​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ប្រមុខ​អង្គការសហប្រជាជាតិ​។​
 
​លោក John Podesta ទីប្រឹក្សា​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជា​ចូលរួម​ព្រាង​កិច្ចព្រមព្រៀង​ខាងលើ និយាយថា អាមេរិក​ដើរ​ឆ្ងាយ​ពី​គន្លង​របស់ខ្លួន​ក្នុង​រយៈពេល​៤​ឆ្នាំ ដោយសារតែ​មនុស្ស​មិន​ជឿ​លើ​បម្រែបម្រួល​អាកាសធាតុ​គ្រប់គ្រង​សេត​វិមាន​។ លោក​សង្កត់ធ្ងន់ថា រដ្ឋបាល​លោក បៃ​ឌិន ឈាន​ជើង​ចូល​ឆាក​អន្តរជាតិ ដោយ​ខ្វះខាត​ភាពជឿជាក់​ពី​ប្រទេស​ឯទៀត​។ យ៉ាងណាក្តី លោក​អះអាងថា អាមេរិក​អាច​បង្កើន​ឥទ្ធិពល​របស់ខ្លួន​តាម​រយៈ​ការកែប្រែ​គោលនយោបាយ​អាកាសធាតុ​ក្នុងស្រុក​ជាមុនសិន​។ 
 
​លោក បៃ​ឌិន ក៏​គិតដល់​រឿងនេះ​រួច​ដែរ​។ លោក​បាន​សន្យា​កំណត់​អាមេរិក​សម្រេច​ឱ្យបាន​គោលដៅ​អ​ព្យា​ក្រឹត្យ​កាបូន​នៅ​ឆ្នាំ​២០៥០​។ អ​ព្យា​ក្រឹត្យ​កាបូន ជា​ស្ថានការណ៍​មួយ​ដែល​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូន ស្មើរ​ទៅនឹង​លទ្ធភាព​ដែល​បរិស្ថាន​នៃ​ប្រទេស​នោះ​អាច​ស្រូប​ទាញ​ទៅវិញ​បាន​។​
 
​ចំពោះ​អង្គការ​សុខភាព​ពិភពលោក​វិញ លោក បៃ​ឌិន អូស​អាមេរិក​ចូល​វិញ​ដែរ​។ ការសន្យារ​របស់លោក បៃ​ឌិន ត្រូវបាន​បញ្ជាក់​ជាថ្មី​ដោយ​លោក Antony Blinken បេក្ខភាព​រដ្ឋមន្ត្រីការបរទេស​ក្នុងការ​ឆ្លើយ​សំណួរ​របស់​គណៈកម្មកា​រ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​១៩ មករា​។ លោក Bliken និយាយថា លោក​ជឿថា ពលរដ្ឋ​អាមេរិក​គ្រប់រូប​អាច​ទទួលបាន​វ៉ាក់សាំង ប៉ុន្តែ​អាមេរិក​ក៏ត្រូវ​ជួយ​ធានា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ឱ្យទទួល​បាន​វ៉ាក់សាំង​ដែរ​។ 
 
​បេក្ខភាព​រដ្ឋមន្ត្រីការបរទេស​រូបនេះ សំដៅ​ទៅលើ​យន្តការ​ពហុភាគី​និយម COVAX ដែល​ដឹកនាំ​ដោយ​WHO ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​២​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​ខ្លាំង​ក្នុង​ឆ្នាំ​២០២១​។ ក្នុងន័យនេះ​អាមេរិក នឹង​ត្រឡប់មក​ចូល​ជា​សមាជិក WHO វិញ ក៏ដូចជា​ចូលរួម​ជាមួយ​យន្តការ COVAX ផងដែរ ៕
 
 
 
 

Tag:
 អាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com