ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២០ មករា បានចេញបញ្ជាប្រតិបត្តិដាក់អាមេរិកចូលកិច្ចព្រមព្រៀងអាកាសធាតុ ក៏ដូចជាប្រកាសចូលជាសមាជិកអង្គការសុខភាពពិភពលោក (WHO) សារជាថ្មី។ ការចេញបញ្ជាប្រតិបត្តិ និងប្រកាសរបស់រដ្ឋបាលលោកបៃឌិន ជាការសើរើឡើងវិញគោលនយោបាយការបរទេសបួនឆ្នាំដែលស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ។
ចាប់ពីឆ្នាំ២០១៧មក អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង និងស្ថាប័នអន្តរជាតិជាច្រើនដូចជាកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អង្គការសុខភាពពិភពលោក អង្គការយូណេស្កូ និងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាដើម។
ក្រោយស្បថចូលកាន់តំណែងនៅថ្ងៃទី២០ មករា លោក ចូ បៃឌិន បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដែលដាក់អាមេរិកចូលទៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ វិញ។ កិច្ចព្រមព្រៀងនេះមានបំណងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល កាត់បន្ថយការកើនឡើងសីតុណ្ហភាពផែនដី និងបញ្ឈប់បម្រែបម្រួលអាកាសធាតុ។ អាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលច្រើនលំដាប់ទីពីរ បន្ទាប់ពីចិន ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៧។
បញ្ជាប្រតិបត្តិនេះ ក៏មានផងដែរការពិនិត្យឡើងវិញគោលនយោបាយទាក់ទងនឹងបរិស្ថានទាំងអស់ ដែលតាក់តែងឡើងក្រោមរដ្ឋបាលរបស់លោក ត្រាំ ។ ជាក់ស្តែង បញ្ជាប្រតិបត្តិនេះ ដកលិខិតអនុញ្ញាតក្នុងការកសាងបំពង់បង្ហូរប្រងពីកាណាដាមកអាមេរិក និងផ្អាកការចម្រាញ់ប្រង និងឧស្ម័នក្នុងតំបន់ការពារដែនជម្រកសត្វព្រៃនៅរដ្ឋ Alaska ដែលរដ្ឋបាលលោក ត្រាំ អនុញ្ញាតឱ្យរុករក។
«ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះជំហានរបស់លោកប្រធានាធិបតី បៃឌិន ក្នុងការចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងអាកាធាតុ និងចូលរួមជាមួយសម្ព័ន្ធរដ្ឋាភិបាល ទីក្រុង រដ្ឋ ពាណិជ្ជកម្ម និងប្រជាជនក្នុងសកម្មភាពដ៏មានមហិច្ឆតា ក្នុងការទប់ស្កាត់វិបត្តិអាកាសធាតុ»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ។
លោក John Podesta ទីប្រឹក្សាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងជាចូលរួមព្រាងកិច្ចព្រមព្រៀងខាងលើ និយាយថា អាមេរិកដើរឆ្ងាយពីគន្លងរបស់ខ្លួនក្នុងរយៈពេល៤ឆ្នាំ ដោយសារតែមនុស្សមិនជឿលើបម្រែបម្រួលអាកាសធាតុគ្រប់គ្រងសេតវិមាន។ លោកសង្កត់ធ្ងន់ថា រដ្ឋបាលលោក បៃឌិន ឈានជើងចូលឆាកអន្តរជាតិ ដោយខ្វះខាតភាពជឿជាក់ពីប្រទេសឯទៀត។ យ៉ាងណាក្តី លោកអះអាងថា អាមេរិកអាចបង្កើនឥទ្ធិពលរបស់ខ្លួនតាមរយៈការកែប្រែគោលនយោបាយអាកាសធាតុក្នុងស្រុកជាមុនសិន។
លោក បៃឌិន ក៏គិតដល់រឿងនេះរួចដែរ។ លោកបានសន្យាកំណត់អាមេរិកសម្រេចឱ្យបានគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ អព្យាក្រឹត្យកាបូន ជាស្ថានការណ៍មួយដែលប្រទេសបញ្ចេញឧស្ម័នកាបូន ស្មើរទៅនឹងលទ្ធភាពដែលបរិស្ថាននៃប្រទេសនោះអាចស្រូបទាញទៅវិញបាន។
ចំពោះអង្គការសុខភាពពិភពលោកវិញ លោក បៃឌិន អូសអាមេរិកចូលវិញដែរ។ ការសន្យាររបស់លោក បៃឌិន ត្រូវបានបញ្ជាក់ជាថ្មីដោយលោក Antony Blinken បេក្ខភាពរដ្ឋមន្ត្រីការបរទេសក្នុងការឆ្លើយសំណួររបស់គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភា នៅថ្ងៃទី១៩ មករា។ លោក Bliken និយាយថា លោកជឿថា ពលរដ្ឋអាមេរិកគ្រប់រូបអាចទទួលបានវ៉ាក់សាំង ប៉ុន្តែអាមេរិកក៏ត្រូវជួយធានាប្រទេសនៅជុំវិញពិភពលោកឱ្យទទួលបានវ៉ាក់សាំងដែរ។
បេក្ខភាពរដ្ឋមន្ត្រីការបរទេសរូបនេះ សំដៅទៅលើយន្តការពហុភាគីនិយម COVAX ដែលដឹកនាំដោយWHO ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង២ពាន់លានដូសដល់ប្រទេសក្រីក្រខ្លាំងក្នុងឆ្នាំ២០២១។ ក្នុងន័យនេះអាមេរិក នឹងត្រឡប់មកចូលជាសមាជិក WHO វិញ ក៏ដូចជាចូលរួមជាមួយយន្តការ COVAX ផងដែរ ៕