កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ថាគ្មានអ្វីត្រូវខ្មាស់ឡើយ ទោះ Real ធ្លាក់ពី Copa del Rey ដោយសារក្រុមពីលីគទី៣
× អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane សារភាពថា លោកមិនខ្មាសអៀនឡើយចំពោះការធ្លាក់ចេញរបស់ Real Madrid ពីពានរង្វាន់ Copa del Rey ក្រោមថ្វីជើងក្រុមនៃលីគលំដាប់ទី៣អេស្ប៉ាញ Alcoyano ។
Real Madrid បានចាញ់ Alcoyano ក្រុមមកពីលីគ Segunda Division B របស់អេស្ប៉ាញដ៏គួរឲ្យភ្ញាក់ផ្អើលដោយលទ្ធផល ២-១ នាការប្រកួតវគ្គ៣២ចុងក្រោយ Copa del Rey នៅរាត្រីថ្ងៃទី២០ ខែមករា។
ក្រុមរហស្សនាមអធិរាជសដែលជាភ្ញៀវ មានឱកាសនាំមុខមុនទៅហើយដោយខ្សែការពារ Eder Militao នៅចុងម៉ោងវគ្គទី១ មុនពេល Jose Solbes តាមស្មើឲ្យ Alcoyano វិញនៅនាទី៨០។ យប់៩០នាទីក្រុមទាំងពីរស្មើគ្នា ១-១ តែដោយតម្រូវរកមួយក្រុមទៅវគ្គបន្ត ទើបត្រូវថែមម៉ោង១៥នាទី២ដង។
នៅក្នុងម៉ោងបន្ថែមនាទី១១៥ កីឡាករ Juanan ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះដើម្បីជួយ Alcoyano ឈ្នះ Real Madrid ២-១ ហើយបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
បើទោះបរាជ័យក្រោមថ្វីជើងក្រុមកម្រិតទាបបែបនេះក្តី ប៉ុន្តែលោក Zidane អ្នកចាត់ការទូទៅ Real Madrid បានច្រានចោលការលើកឡើងថាការបរាជ័យនេះពិតជាគួរឲ្យអាម៉ាស់បំផុតសម្រាប់ក្រុមជើងឯក La Liga។
អ្នកចាត់ការសញ្ជាតិបារាំងបានប្រាប់សន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា៖ «នោះគឺជាពាក្យរបស់អ្នក។ ពាក្យទាំងនោះមិនមែនជារបស់ខ្ញុំទេ។ បាល់ទាត់ជារឿងដែលលំបាកព្រោះជាការពិតយើងបានលេងទល់នឹង Segunda B និងត្រូវការឈ្នះ ប៉ុន្តែនៅចុងបញ្ចប់វាមិនដូចយើងចង់បាន តែនេះមិនមែនមានន័យថាជាការអាម៉ាស់នោះទេ។ ក្នុងបាល់ទាត់ អ្វីៗសុទ្ធតែអាចកើតឡើងទាំងអស់»។ ស្របពេលការលើកឡើងបែបនេះ Zidane អះអាងថា នឹងពង្រឹងក្រុមឡើងវិញ ព្រោះរាល់ការប្រកួតក្រុមរបស់លោកពិតជាត្រូវការឈ្នះបំផុត។
នេះជាការធ្លាក់ចេញពីក្របខណ្ឌ Copa del Rey ត្រឹមវគ្គ៣២ក្រុមដោយសារក្រុមនៃលីគទាបជាលើកដំបូងរបស់ Real Madrid គិតចាប់ពីឆ្នាំ២០០៩មក។ Real Madrid ជាក្រុមមានប្រវត្តិលើកពាននេះច្រើនជាងគេលំដាប់ទី៣ក្នុងចំនួន១៩លើក ខណៈ Barcelona ច្រើនជាងគេ៣០ និងលេខ២ Athletic Bilbao ២៣លើក។ Valencia ជាក្រុមការពារជើងឯក និងបានកៅអីទៅវគ្គ១៦ក្រុមផងដែរ៕
Tag:
Zinedine Zidane
Copa del Rey
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com