COVID-19
ជាតិ
សង្គមជាតិ
មនុស្ស៣នាក់មកពីអាមេរិក និងនីហ្សេរីយ៉ា មានកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី២២ ខែមករា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣នាក់ថ្មី និងអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន៣នាក់។ នេះបើតាមក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានចំនួន៣នាក់ថ្មីនៅថ្ងៃនេះ គឺជាស្ត្រី និងបុរសជនជាតិខ្មែរអាយុ៦៦ឆ្នាំ និងអាយុ៧០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញដូចគ្នា ។ពួកគេបានធ្វើដំណើរមកពីប្រទេសអារមរិក ចូលមកកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
ចំណែកអ្នកឆ្លងម្នាក់ទៀតជា បុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំមានអាសយដ្ឋាននៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ហើយចូលមកកម្ពុជានៅថ្ងៃទី២០ ខែមករា។ បច្ចុប្បន្នបុរសនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ចំពោះអ្នករួមដំណើរជាមួយនឹងអ្នកជំងឺទាំង៣នាក់ ចំនួន១២៧នាក់ទៀត ត្រូវបានធ្វើតេស្តដោយលទ្ធផលអវិជ្ជមានកូវីដ-១៩ ហើយក៏កំពុងតែបន្តធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារមួយចំនួនផងដែរ។
សម្រាប់អ្នកដែលជាសះស្បើយចំនួន៣នាក់នៅថ្ងៃនេះ គឺសុទ្ធតែជាពលករមកពីប្រទេសថៃ ក្នុងនោះជាស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចូលមកកម្ពុជានៅថ្ងៃទី៥ ខែមករា។ ស្ត្រីខ្មែរអាយុ៣៤ឆ្នាំ រស់នៅក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបង បានចូលមកកម្ពុជានៅថ្ងៃទី១១ ខែមករា និងស្ត្រីខ្មែរម្នាក់ទៀតមានអាយុ៣៦ឆ្នាំ ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន៤៥៦ នាក់ និងជាសះស្បើយ៣៩៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com