COVID-19
អន្តរជាតិ
លោក​ចូ បៃ​ឌិន ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩
22, Jan 2021 , 12:36 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ រូបភាព៖ AFP
​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី​២១ ខែមករា បានប្រកាស​ពី​យុទ្ធសាស្ត្រ​ជាតិ ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅក្នុង​ប្រទេស និង​ធ្វើឱ្យ​ប្រជាជន​អាមេរិក​ស្លាប់​ជាច្រើន​នាក់​។ ក្រោម​យុទ្ធសាស្ត្រ​នេះ អាមេរិក បានកំណត់​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ខ្លួន​ចំនួន ១០០​លាន​ដូ​ស ក្នុង​រយៈពេល ១០០​ថ្ងៃ​។

 
​បន្ទាប់ពី​ឡើងកាន់តំណែង​បាន​ពីរ​ថ្ងៃ លោក ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិក បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ចំនួន​២៨ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នៅ​អាមេរិក​។ ជាមួយគ្នានេះ ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​២១ ខែមករា បានដាក់​ចេញ «​យុទ្ធសាស្ត្រ​ជាតិ ក្នុងការ​ឆ្លើយតប​កូ​វីដ​-១៩ និង​ត្រៀមខ្លួន​សម្រាប់​ជំងឺឆ្លង​សកល​» ថែមទៀត​។ 
 
«​យុទ្ធសាស្ត្រ​ជាតិ​របស់​យើង គឺ​ទូលំទូលាយ ផ្អែកលើ​វិទ្យាសាស្ត្រ មិនមែន​នយោបាយ ផ្អែកលើ​ការពិត មិនអាច​ប្រកែក​បាន និង​លម្អិត​»​។ លោក បៃ​ឌិន បានលើកឡើង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​សេត​វិមាន​។​
 
​នៅ​ថ្ងៃទី​២១ ខែមករា អាមេរិក បាន​រាយការណ៍​មាន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ចំនួន ១៩៣ ៧៥៨​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៤៣៦៣​នាក់​។ តួលេខ​សរុប អាមេរិក​មាន​កូ​វីដ​-១៩ សរុប​ចំនួន​ជាង ២៥​លាន​នាក់ និង​អ្នកស្លាប់​ជាង ៤២​ម៉ឺន​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង​១៥ លាន​នាក់​។ ទាំង​ករណី​ស្លាប់ និង​ឆ្លង​សរុប អាមេរិក មាន​ចំនួន​ច្រើនជាង​ប្រទេស​ណា​ទាំងអស់​។ 
 
​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ប្រចាំថ្ងៃ ដែលមាន​ជាច្រើន​ម៉ឺន​ករណីនេះ លោក បៃ​ឌិន បានកំណត់​រយៈពេល ១០០​ថ្ងៃ បន្ទាប់ពី​ការឡើង​កាន់តំណែង​រប​ស់​ខ្លួន ក្នុង​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​អាមេរិក​ចំនួន ៥០​លាន​នាក់ ឬ ១០០​លាន​ដូ​ស​។ បន្ថែម​ពីលើ​នេះ យុទ្ធសាស្ត្រ​ជាតិ​ខាងលើ ក៏​នឹង​ផ្តល់​អំណាច​ដល់​អ្នកជំនាញ​ជំងឺឆ្លង ដូចជា​លោក​វេជ្ជបណ្ឌិត Anthony Fauci ផងដែរ​។ បើតាម​ប្រមុខរដ្ឋ​អាមេរិក សាធារណៈជន​អាមេរិក នឹង​លឺ​ការណែនាំ និង​វិធាន​ទប់ស្កាត់​ច្រើនជាង​មុន​ពី​លោក​វេជ្ជបណ្ឌិត Fauci ច្រើនជាង​ចេញពី​ប្រធានាធិបតី​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ CNN ។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល លោក​បៃ​ឌិន ក៏បាន​បន្ទោស​ការទប់ស្កាត់​កូ​វីដ​-១៩ ក្រោម​ការដឹកនាំ​របស់​លោក​ដូ ណា​ល់​ត្រាំ នាពេល​កន្លងមក​ផងដែរ ដែល​បង្ក​ឱ្យ​ប្រជាជន​អាមេរិក​ស្លាប់​ច្រើនជាង​សង្គ្រាមលោកលើកទីពីរ​។ ការណ៍​នេះ លោក​ប្រធានាធិបតី បាន​អំពាវនាវ​ឱ្យ​ប្រជាជន​អាមេរិក​ទាំងអស់​រួម​គ្នា្ និង​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បីឱ្យ​យុទ្ធសាស្ត្រ​ជាតិ​នេះ អាច​សម្រេច​ទៅបាន​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បៃ​ឌិន​បាន​បញ្ជាក់ថា អាមេរិក កំពុងស្ថិត​ក្នុងស្ថានភាព​អាសន្ន ដែល​ទាមទារ​ទីភ្នាក់ងារ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​បន្ទាន់ ដោយ​ស្នើ​ឲ្យ​មាន​ការពាក់​ម៉ាស់​ទាំង​នៅក្នុង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ នៅក្នុង​អាកាសយានដ្ឋាន លើ​យន្តហោះ រថភ្លើង ក​ប៉ាស់​ដឹកជញ្ជូន​សាធារណៈ​ជាដើម​។ លើសពីនេះ អ្នកដំណើរ​ត្រូវមាន​លទ្ធផល​អវិជ្ជមាន​មុននឹង​ចូលមក​ទឹកដី​អាមេរិក និង​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​ក្នុងពេល​ធ្វើដំណើរ​មកដល់​អាមេរិក​។ សម្រាប់​អ្នករស់នៅ​អាមេរិក ការដាក់​ច​ត្តា​ឡី​ស័ក​ពេល​ត្រលប់​មកពី​ក្រៅប្រទេស​វិញ ត្រូវដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ៧​ថ្ងៃ​។ 
 
​ក្នុងអំឡុងពេល​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​នេះ លោក​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ថា អ្នកស្លាប់​នៅ​អាមេរិក ទំនង​នឹង​កើន​ដល់ ៥០​ម៉ឺន​នាក់​នៅ​ខែក្រោយ​។ 
 
​អាមេរិក នឹង​បង្កើន​ការផ្គត់ផ្គង់​វ៉ាក់សាំង​, ឧបករណ៍​ធ្វើតេស្តរ​កកូ​វីដ​-១៩, សម្ភារ​ការពារ​ជាដើម​។ ទន្ទឹមនេះ លោក​បៃ​ឌិន ក៏បាន​ចុះ​បញ្ជា​ប្រតិបត្តិ​ឱ្យ​ពាក់​ម៉ាស់​ក្នុង​អគារ​រដ្ឋ​ផងដែរ​។ លោក​បៃ​ឌិន​ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រជាជន​អាមេរិក គួរតែ​ពាក់​ម៉ាស់ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស ដោយ​លោក​សង្កត់ធ្ងន់ថា​៖ «​ម៉ាស់ គឺ​សំខាន់​ជាង​វ៉ាក់សាំង​»​។ 
 
​សូមបញ្ជាក់ថា លោក​បៃ​ឌិន ក៏បាន​បង្កើត​គណៈកម្មកា​រ​ជាច្រើន​ផងដែរ តាម​បញ្ជា​ប្រតិបត្តិ​ខាងលើ ដើម្បី​ធានាថា​កូ​វីដ​-១៩ អាច​ស្ថិតនៅក្រោម​ការគ្រប់គ្រង​។ គណៈកម្មការ​ទាំងនោះ​មានដូចជា ក្រុមប្រឹក្សា​ជាតិ​ធ្វើតេស្ត​ជំងឺឆ្លង​សកល ទទួលបន្ទុក​ការកែលម្អ​សមត្ថភាព​ធ្វើតេស្ត​កូ​វីដ​-១៩, ក្រុមការងារ​សមធម៌​សុខុមាលភាព ដើម្បី​ធានា​លើ​ការឆ្លើយតប​កូ​វីដ​-១៩ និង​គណៈកម្មការ​ផ្សេងទៀត​៕ 

Tag:
 អាមេរិក​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com