ពីនេះ ពីនោះ
សុខភាព
កុំ​រំលង ពិសេស​អ្នក​កំពុង​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​! គន្លឹះ​បង្ការ​ការឈាន​ចូល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
22, Jan 2021 , 8:59 pm        
រូបភាព
​នក​ត្រៀម ឬ​បម្រុង​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ប្រយ័ត្ន​ណាស់​ដើម្បី​អាច​ចៀស​ផុតពី​ការវិវត្តន៍​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បង្ការ​ការឈាន​ចូលទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ៖

 
១. រួមបញ្ចូល​អាហារ​ប្រូ​បាយ​អូ​ទិ​ក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​រួមមាន​យ៉ា​អួរ និង​គីម​ឈី​ជាដើម​សុទ្ធ​តែមាន​ផ្ទុក​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក​ដែល​ល្អ​សម្រាប់​សុខភាព​ពោះវៀន​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​សុខភាព​ពោះវៀន​មិនល្អ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា​សុខភាព​ពោះវៀន​ល្អ​ដោយសារ​វត្ត​មាននៃ​ប្រូ​បាយ​អូ​ទិ​ក​អាចជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សុខភាព​បានជា​ច្រើន​។ មួយ​ក្នុងចំណោម​នោះ គឺ​ការ​រលាក​ដែល​ផ្សារភ្ជាប់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។​
 
២. សម្រក​ទម្ងន់​ដែល​លើស​
 
​ប្រសិនបើ​អ្នក​ធាត់​ជ្រុល ឬ​លើស​ទម្ងន់ នោះ​អ្នក​ចាំបាច់​ត្រូវ​ព្យាយាម​សម្រក​ទម្ងន់​ចេញ​ខ្លះ​ទើប​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ការ​ធាត់​លើស​ទម្ងន់​ជា​កត្តា​ចម្បង​មួយ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ហើយ​ពិតជា​គ្រោះថ្នាក់​ណាស់​សម្រាប់​អ្នក​ដែលមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ត្រៀម​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​។​
 
៣. រក្សា​ភាព​សកម្ម​នៃ​រាងកាយ ឬ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​
 
​ភាព​សកម្ម​នៃ​រាងកាយ​អាច​កម្ចាត់​ជាតិ​ស្ករ​ដែល​លើស​ចេញពី​ក្នុង​លំហូរ​ឈាម​។ ម្យ៉ាងវិញទៀត​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​ទៀងទាត់​ថែមទាំង​ជួយ​សម្រក​ទម្ងន់​ដែល​លើស​ទៀតផង​។ អ្នក​មិនចាំបាច់​តែ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ ត្រឹមតែ​ការដើរ រត់ ឬ​ជិះ​កង់ គឺអាច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​បាន​ហើយ​។ សកម្មភាព​រាងកាយ​ជួយ​ឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាមមាន​តុល្យភាព​ដែល​នេះ​ជា​មូល​ហេតុដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​ចៀសផុត ឬ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ទោះជា​យ៉ាងណា​អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អំពី​ប្រភេទ​នៃ​លំ​ហាត់ប្រាណ​ដែល​សាក​សម​សម្រាប់​អ្នក​។​
 
៤. គ្រប់គ្រង​ស្ត្រេ​ស​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​សឹងតែ​គ្រប់ពេល គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​គ្រប់គ្នា ពិសេស​អ្នក​ត្រៀម​បម្រុង​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​។ នេះ​ក៏​ព្រោះតែ​ភាព​ស្ត្រេ​ស​ពេក​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ម្យ៉ាងវិញទៀត​នៅពេល​ស្ត្រេ​ស​អ្នក​អាច​នឹងមាន​អារម្មណ៍​ឃ្លាន​អាហារ​ផ្អែមៗ​ខ្លាំង​។​
 
៥. ទទួលទាន​អាហារ​ឱ្យបាន​ត្រឹមត្រូវ​
 
​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​អ្នក​ក្នុងការ​ចាប់ផ្ដើម​យកចិត្តទុកដាក់​និង​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​អាហារ​ផ្សេងៗ នៅពេល​កំពុង​ស្ថិតក្នុង​ស្ថានភាព​ត្រៀម​បម្រុង​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​។ មិន​ដូច្នោះ​ទេ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​បន្ត​កើនឡើង​ដែល​ងាយ​វិ​វត្ត​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ដើម្បី​ជាការ​ប្រសើរ​ចៀសវាង​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស្ករ ដោយ​បង្កើន​ការ​ទទួលទាន​បន្លែស្រស់ៗ​ជំនួស​វិញ​។​
 
៦. កុំ​ភ្លេច​លេបថ្នាំ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ​
 
​ប្រសិនបើ​វេជ្ជបណ្ឌិត​បានចេញ​វេជ្ជបញ្ជា​ឱ្យ​អ្នកប្រើប្រាស់​ថ្នាំ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម នោះ​អ្នក​ចាំបាច់​ត្រូវ​លេប​ឱ្យបាន​ទៀងទាត់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com