COVID-19
អន្តរជាតិ
ឥណ្ឌា៖ មនុស្ស៥នាក់ស្លាប់ក្នុងភ្លើងឆេះរោងចក្រឱសថដ៏ធំ តែមិនរំខានផលិតកម្មវ៉ាក់សាំងកូវីដ-១៩ ឡើយ ភ្លើងឆេះអាគារមួយ នៅក្នុងវិទ្យាស្ថានSerum ឥណ្ឌា។ រូបភាព៖ Reuters
× មនុស្សយ៉ាងហោចណាស់ ៥នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារអគ្គិភ័យនៅក្នុងវិទ្យាស្ថាន Serum របស់ឥណ្ឌាដែលរោងចងក្រផលិតវ៉ាក់សាំងដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក។ យ៉ាងណាមិញ អគ្គិភ័យនេះ មិនធ្វើឱ្យប៉ះពាល់ដល់ការផលិតវ៉ាក់សាំងឡើយ។
នៅថ្ងៃទី២១ ខែមករា អគ្គិភ័យបានកើតឡើងនៅក្នុងអាគារមួយ ដែលស្ថិតនៅក្រោមការសាងសង់ ក្នុងវិទ្យាស្ថាន Serum។ មនុស្សចំនួន ៤នាក់ ត្រូវបានជម្លៀសចេញពីអគ្គិភ័យ ខណៈមនុស្សចំនួន ៥នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក្រុមហ៊ុននេះ បញ្ជាក់ថា អគ្គិភ័យ មិនបានបង្កឱ្យមានការប៉ះពាល់ដល់ផលិតកម្មនៃវ៉ាក់សាំងកូវីដ-១៩ ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ឲ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានថ្លែងសាររំលែកទុក្ខដល់អ្នកបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។ ក្រៅពីនាយករដ្ឋមន្ត្រី ប្រធានប្រតិបត្តិវិទ្យាស្ថាន Serum ក៏បានចូលរួមរំលែកទុក្ខអ្នកស្លាប់ផងដែរ។
តាមការបញ្ជាក់របស់ប៉ូលិសក្រុង Pune រដ្ឋ Maharashtra អ្នកស្លាប់ទាំង ៥រូបនេះ ជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន Suvidha Engineers ដែលជាក្រុមហ៊ុនបំពាក់ម៉ាស៊ីនត្រជាក់ឱ្យក្រុមហ៊ុនឱសថនេះ។ ចំណែកមូលហេតុ ដែលបង្កឱ្យមានភ្លើងឆេះ និងទំហំនៃការខូតខាត អាជ្ញាធរ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ខណៈប៉ូលិស កំពុងប្រមូលព័ត៌មានលម្អិត។
វិទ្យាស្ថាន Serum គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំជាងគេរបស់ពិភពលោក។ ក្រុមហ៊ុន បានចុះកុងត្រាជាមួយក្រុមហ៊ុន AstraZeneca ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១ពាន់លានដូស។ ក្រុមហ៊ុនអាចផលិតវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានដាក់យីហោថា «COVISHIELD» បាន៥០លានដូស ក្នុងមួយខែៗ។ ក្នុងបរិបទកូវីដ-១៩ ប្រទេសជាច្រើន បានពឹងផ្អែកលើវិទ្យាស្ថានមួយនេះ ក្នុងការទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួន។
ក្រុមហ៊ុននេះ និង AstraZeneca បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធី COVAX ដែលស្ថិតក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក និងសម្ព័ន្ធមិត្តវ៉ាក់សាំង ប្រមាណ ៤០០លានដូស។ ទន្ទឹមនេះ ឥណ្ឌា បានចាប់ផ្តើមនាំចេញវ៉ាក់សាំង ក្រោមការផ្តល់ជាជំនួយទៅឱ្យប្រទេសជិតខាង ដូចជាប៊ូតង់ ម៉ាល់ឌី បង់ក្លាដែស នេប៉ាល់ មីយ៉ាន់ម៉ា និងសីស្ហែល។
បន្ថែមពីលើនេះ ក្រោមការផលិតរបស់វិទ្យាស្ថានSerum ឥណ្ឌានៅថ្ងៃទី២២ ខែមករា បានចាប់ផ្តើមនាំចេញបែបពាណិជ្ជកម្មលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូងទៅប្រេស៊ីល និងម៉ារ៉ុក៕
Tag:
ឥណ្ឌា
វ៉ាក់សាំង
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com