អន្តរជាតិ
ដោយសារ​កូ​វីដ​-១៩ ការធ្វើអត្តឃាត​នៅ​ជប៉ុន​កើនឡើង​ក្រោយ​ថយចុះ​មួយ​ទសវត្សរ៍
22, Jan 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ដោយ ឈួន ឈី​វ​អ៊ីង
 
​ក្នុង​ឆ្នាំ ២០២០ ករណី​អត្តឃាត​របស់​ប្រជាជន​ជប៉ុន មានការ​កើនឡើង​បន្ទាប់ពី​បាន​ថយចុះ​១០​ឆ្នាំ​មកហើយ​។ ករណី​ភាគច្រើន កើតឡើង​ស្ត្រី​ដែលមាន​វិបត្តិ​ផ្លូវចិត្ត និង​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

 
​នៅ​ជប៉ុន ការធ្វើអត្តឃាត​មាន​ប្រវត្តិ​ជា​យូរណាស់​មកហើយ ជាមួយ​គោលបំណង​ចៀស​ពី​ភាពអាម៉ាស់ ឬ​អាប់ឱន​កិត្តិយស​ជាដើម​។ នៅ​មួយ​ទសវត្ស៍​មុន ជប៉ុន​មាន​អាត្រា​អ្នកធ្វើ​អត្តឃាត​យ៉ាងច្រើន​ប៉ុន្តែ​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល តួលេខ​នេះ​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ គឺ​ប្រមាណ​៤០​ភាគរយ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុ​ក្រោយ​។ បើ​រាប់​ពី​ឆ្នាំ​២០០៩ ករណី​អត្តឃាត​ក៏​ធ្លាក់ចុះ​រហូតមក​ដែរ​។ 
 
​យ៉ាងណាមិញ ករណី​ធ្វើអត្តឃាត ត្រូវ​មើលឃើញថា កើន​ឡើងវិញ​អំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ។ បើតាម​ទីភ្នាក់ងារ​ពត៌មាន Reuters អ្នកធ្វើ​អត្តឃាត​ក្នុង​ឆ្នាំ​២០២០ មាន​សរុប ២០,៩១៩​នាក់ ច្រើនជាង​ឆ្នាំ​២០១៩ ចំនួន​២៥០​នាក់​។ ខែតុលា​នៃ​ឆ្នាំ ២០២០ ជា​ខែ​ដែលមាន​ករណី​សម្លាប់ខ្លួន​ច្រើនជាងគេ គឺ​ជាង​២​ពាន់​ករណី​ឯណោះ​។ 
 
​តាមពិតទៅ នៅ​ដើមឆ្នាំ​២០២០ អត្រា​អ្នកធ្វើ​អត្តឃាត​នៅមានកម្រិត​ទាប​នៅឡើយ ប៉ុន្តែ​ចាប់ពី​ខែកក្កដា​មក ចំនួន​ចាប់ផ្តើម​កើន​ឡើងជា​បន្តបន្ទាប់​ដោយសារ​ការរីក​រាលដាល​កូ​វីដ​-១៩ ផ្ទុះឡើង​កាន់តែខ្លាំង​។ នេះ​បើតាម​សម្តី​របស់​អ្នកជំនាញ​។ លើសពីនេះ គេ​ឃើញ​មាន​ចំនួន​ស្ត្រី​ធ្វើអត្តឃាត​កើនឡើង​ដែរ ដែល​ភាគច្រើន​ជា​អ្នក​បម្រើការ​ក្នុង​ហាង​លក់ដូរ​ដែល​ប្រឈម​នឹង​ការបាត់បង់​ការងារ​អំឡុងពេល​កូ​វីដ​-១៩ នេះ​។ 
 
​ក្នុង​សន្និសីទ​សារពត៌មាន​ថ្ងៃទី​២១ ខែមករា មន្ត្រី​សុខាភិបាល​ជប៉ុន​ម្នាក់​បាន​និយាយថា ការធ្វើអត្តឃាត​អាចជា​លទ្ធផល​នៃ​រឿងហេតុ​ជាច្រើន​។ វិបត្តិ​សេដ្ឋកិច្ច និង​ការ​រស់នៅក្នុង​បរិបទ​សង្គម​នា​សម័យ​កូ​វីដ​-១៩​នេះ​ក៏​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ដទៃទៀត​ដែល​ជះឥទ្ធិពល​ដល់​ការសម្រេចចិត្ត​ធ្វើអត្តឃាត​ផងដែរ​។ 
 
​តាំងពី​ឆ្នាំ​២០០៣ នៅពេលដែល​ករណី​អត្តឃាត​នៅក្នុង​ប្រទេស​ជប៉ុន​បាន​កើនឡើង​ខ្លាំង ដល់​ជាង ៣​ម៉ឺន​ករណី​។ រដ្ឋាភិបាល​ជប៉ុន ក៏​ចាប់ផ្ដើម​យ​កក​ចិត្ត​ទុកដាក់​បង្កើតជា​កម្មវិធី​អប់រំ និង​ឱ្យ​ជា​ដំបូន្មាន​ដល់​ប្រជាជន ហើយ​ក្រោយមក​ក៏មាន​ការថយចុះ​មក​នៅ​ប្រមាណ​២​ម៉ឺន​ករណី​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៩ មុនពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​។ 

Tag:
 ជប៉ុន​
  អត្តឃាត​
© រក្សាសិទ្ធិដោយ thmeythmey.com