ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖សាលារៀន៤៦ទៀត មិនទាន់បើកដំណើរការ ដោយសារដាក់ពលករចត្តាឡីស័ក អគារសិក្សានៅក្នុងសាលារៀនមួយក្នុងខេត្តបាត់ដំបងដែលកំពុងដាក់អ្នកចត្តាឡីស័កដែលជាពលករមកពីប្រទេសថៃ រូបភាពពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែមករា សាលារៀន៤៦ទៀត មិនទាន់បើកដំណើរការសិក្សាវិញឡើយ ដោយសារជាប់ដាក់ចត្តាឡីស័ក ពលករមកពីថៃ ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា គ្រឹះស្ថានសិក្សាទាំង៤៦នោះ គឺមានសាលាបឋមសិក្សាចំនួន១៦, អនុវិទ្យាល័យចំនួន៨ និងវិទ្យាល័យចំនួន២២ ដែលស្ថិតនៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង និងកំពត។
បើតាមលោក រស់ សុវាចា ការផ្អាកដំណើរការសាលារៀនទាំងនោះ គឺមិនបានប៉ះពាល់ដល់ការសិក្សារបស់សិស្សឡើយ ព្រោះពួកគេត្រូវបានផ្ទេរទៅសិក្សានៅសាលារៀនផ្សេង ដែលនៅក្បែរទីនោះ។
អ្នកជំនាញអប់រំរូបនេះបានថ្នែងដូច្នេះថា៖«ចំពោះមុខនេះមិនមានផលប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្សនៃគ្រឹះស្ថានសិក្សាទាំង៤៦នោះទេ។ ចំពោះសាលាដែលមានសិស្សតិច បានផ្ញើសិស្សទៅរៀននៅសាលាផ្សេងដែលមានទីតាំងនៅក្បែរនោះ។ ចំពោះសាលារៀនដែលមានសិស្សច្រើន គឺត្រូវបានរៀបចំឲ្យរៀនតាមបណ្តុំតូចៗ និងរៀនតាមអនឡាញ ដោយអនុវត្តតាមវិធានការសុវត្ថិភាពសុខភាពយ៉ាងខ្ជាប់ខ្ជួន។ រឺក៏សាលារៀនខ្លះទៀត បានប្រើប្រាស់ផ្ទះនាយករង ឬផ្ទះគ្រូបង្រៀនដែលនៅជិតនោះដើម្បីឲ្យសិស្សមករៀន»។
កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន៤៥៦ នាក់ និងជាសះស្បើយ៣៩៩នាក់៕
Tag:
សាលារៀន
ចត្តាឡីស័ក
អប់រំ
សិស្សានុសិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com