ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ បារម្ភ​ពី​ហានិភ័យ នៃ​ការប្រើប្រាស់​ដីធ្លី​មិន​ត្រឹមត្រូវ​
22, Jan 2021 , 4:27 pm        
រូបភាព
(ឆ្វេង)លោក ឆេង គីមឡុង_ លោក តឹក វណ្ណារ៉ា_លោក យ៉ង់ សាំងកុមារ និងលោក គី សេរីវឌ្ឍន៍។
(ឆ្វេង)លោក ឆេង គីមឡុង_ លោក តឹក វណ្ណារ៉ា_លោក យ៉ង់ សាំងកុមារ និងលោក គី សេរីវឌ្ឍន៍។
​ដំណើរ​វិវត្តន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ តែងតែ​ផ្លាស់ប្តូរ​នូវ​ការប្រើប្រាស់​ដី ជាពិសេស ដី​កសិកម្ម និង​ដី​បម្រើ​នៅក្នុង​វិស័យ​លំនៅដ្ឋាន និង​ឧស្សាហកម្ម​។  សម្រាប់​កម្ពុជា​ផ្ទាល់ គឺ​កំពុង​ឆ្លងកាត់​នូវ​ដំណាក់កាល​នេះ ដោយ​កំពុង​បំ​លែង​ដី​កសិកម្ម​ទៅជា​ដី​លំនៅដ្ឋាន តាមរយៈ​គម្រោង​ពុះ​ដីឡូត៍ និង គម្រោង​អភិវឌ្ឍ​នានា​នៅក្នុង​វិស័យ​អចលនទ្រព្យ​។ បញ្ហា​នេះ នាំឱ្យ​អ្នកជំនាញ បារម្ភ​ពី​ហានិភ័យ នៃ​ការប្រើប្រាស់​ដីធ្លី​មិន​ត្រឹមត្រូវ​។​

 
​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​លើដី​កសិកម្ម​នាបច្ចុប្បន្ន​បាន​បំ​លែង​ដីស្រែ​-​ចម្ការ នៅក្បែរ​ភូមិ​របស់​ពលរដ្ឋ ក្លាយជា​លំនៅដ្ឋាន​ដែលមាន​តម្លៃ​ខ្ពស់​។ លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ថា ការ​បំ​លែង​ដីស្រែ​ទៅ​វិស័យ​អចលនទ្រព្យ​បែបនេះ  វា​មិនមាន​ផលប៉ះពាល់​ច្រើន​ភ្លាមៗ​ទេ ប៉ុន្តែ​និន្នាការ​បែបនេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ស​ន្តិ​សុខ​ស្បៀង​ក្នុងប្រទេស​នៅពេល​ខាងមុខ​។ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​៖«​ការវិវត្តន៍​បែបនេះ​យូរៗ​ប​ន្តិ​ត​ទៀ​តទៅ វា​អាច​ទៅជា​បញ្ហា​សន្តិសុខ​ស្បៀង​ក្នុងប្រទេស ដែល​យើង​ផ្គត់ផ្គង់​ស្បៀង​នៅក្នុង​ស្រុក​យើង​មិនបាន​»​។​
 
​ជាមួយគ្នានេះ លោក​បណ្ឌិត ឆេង គីម​ឡុង នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក៏​មើលឃើញថា កម្ពុជា​នឹង​បាត់បង់​លទ្ធភាព ឬ​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នាពេល​អនាគត ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ហានិភ័យ​ដែល​បណ្តាលមកពី​សន្ទុះ​ដីធ្លី និង​ការកែប្រែ​ដី​កសិកម្ម​ទៅជា​ដី​លំនៅដ្ឋាន ឬ​ទៅជា​ដី​ឧស្សាហកម្ម ពី​សំណាក់​ក្រុម​អ្នក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ 
 
​លោក ឆេង គីម​ឡុង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​និន្នាការ​នៃ​ការ​បំ​លែង​ដី​កសិកម្ម​ទៅជា​ដី​លំនៅដ្ឋាន​ឬ​ដី​ឧស្សាហកម្ម បើ​គ្មាន​ការគ្រប់គ្រង​នូវ​ការប្រើប្រាស​ដីធ្លី​និង​ការទប់ស្កាត់​មួយចំនួន​ពី​រដ្ឋាភិបាល​ទេ គឺ​មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​មួយទៀត ដែល​បានកើត​ចេញពី​វិស័យ​ក​សិ​-​ឧស្សាហកម្ម​។ ព្រោះ វិស័យនេះ ជា​ផ្នែក​មួយ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដែល​ទាក់ទង​ទៅនឹង​ការវិនិយោគ ការកែច្នៃ ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការជំរុញ​នូវ​ការនាំចេញ​ទំនិញ​នៅក្នុង​វិស័យ​កសិកម្ម​»​។ 
 
​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ បាន​អះអាងថា ការគ្រប់គ្រង​ដី​ប្រើប្រាស់ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ភាពចាំបាច់​ណាស់​ក្នុង​ការរក្សា​តុល្យភាព​។ 
 
តុល្យភាព​ដី​រវាង​កសិក​ម្ម និង​ដី​លំនៅដ្ឋាន ឬ ឧស្សាហកម្ម​
 
​ដើម្បី​ឱ្យមាន​តុល្យភាព​រវាង​ការកែប្រែ​ដី​កសិកម្ម​ទៅជា​ដី​លំនៅដ្ឋាន ឬ​ដី​សម្រាប់​ប្រើប្រាស់​នៅក្នុង​វិស័យ​ឧស្សាហកម្ម វា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គួរតែមាន​គោលនយោបាយ និង​កម្ម​វី​ធី គ្រប់គ្រង ឬ​បែង​ចែង​ដីធ្លី​ប្រើប្រាស់​ឱ្យ​ច្បាស់លាស់​។ នេះ​ជាការ​មើលឃើញ​របស់លោក ឆេង គឹម​ឡុង នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​
 
​ក្នុងន័យនេះ​លោក គឹម​ឡុង ចង់​ពន្យល់ថា រដ្ឋ​គួរ​កំណត់​តំបន់​ណា ជា​ដី​កសិកម្ម , ដី​លំនៅដ្ឋាន និង​ដី​សម្រាប់​ឧស្សាហកម្ម ដើម្បី​ធានា​នូវ​កំណើន​យូរអង្វែង និង​ប្រកបដោយ​ចីរភាព ដែល​អាច​ទ្រទ្រង់​នូវ​គ្រប់​វិស័យ​ក្ន​ជំរុញ​សេដ្ឋកិច្ចជាតិ និង​ជាពិសេស​គឺ​សន្តិសុខ​ស្បៀង រួមទាំង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ 
 
​លើសពីនេះ​រដ្ឋាភិបាល គួរតែមាន​គោលនយោបាយ​ឬ​យន្តការច្បាស់​លាស់ និង​គួរតែមាន​ការសិក្សា​ស៊ីជម្រៅ​ទៅលើ​តំបន់​ដី​ជាក់ស្តែង​ណាមួយ ដែល​គួរ​នឹង​ប្រែក្លាយជា​ដី​កសិកម្ម​ឱ្យ​ច្បាស់លាស់  ហើយ​រដ្ឋ គឺ​ត្រូវដាក់​កម្រិត​នៃ​ល្បឿន​នៃ​ការកែប្រែ​ដី​កសិកម្ម​ទៅជា​ដី​លំនៅដ្ឋាន ឬ​ដី​ឧស្សាហកម្ម​ ពីព្រោះកាលណា​ដី​កសិកម្ម​បានប្រែក្លាយ​ទៅជា​ដី​លំនៅដ្ឋាន ឬ​ដី​ឧស្សាហកម្ម​ហើយ​នោះ វា​ពុំ​អាច​កែប្រែ​ទៅជា​ដី​កសិកម្ម​វិញ​បានទេ​។ លោក ឆេង គីម​ឡុង និយាយ​ដូច្នេះ មិនមែន​ន័យ​ថា ឱ្យ​រដ្ឋាភិបាល​រារាំង​នៃ​ដំណើរការ​វិវិត្ត​វិស័យ​អចលនទ្រព្យ​នោះទេ ប៉ុន្តែ​ការអភិវឌ្ឍ​នោះ ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​លក្ខណៈ​ចីរភាព និង​មាន​លក្ខណៈ​សមស្រប​ទៅនឹង​បរិយាកាស​នៃ​សន្ទុះ​កំណើន​និង​តម្រូវការ​សេដ្ឋកិច្ច​-​សង្គម​។ 


លោក យ៉ង់ សាំងកុមារ  អ្នកជំនាញវិស័យកសិកម្ម​

ចំពោះ​បណ្ឌិត​កសិកម្ម​លោក យ៉ង់ សាំ​កុមារ ការកំណត់​ផែនការ​ប្រើប្រាស់​ដីធ្លីនា​អនាគត គឺជា​រឿង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដោយ​តំបន់​ណា​អាច​បំ​លែង​ទៅជា​ដី​លំនៅដ្ឋាន និង​តំបន់​ណា​មាន​សក្កា​នុព​ល​ដាំ​ដុះ ត្រូវ​ទុក​ធ្វើជា​ដី​កសិកម្ម​។ បច្ចុប្បន្ន​កម្ពុជា មាន​ផៃ្ទ​ដី​កសិកម្ម​ជាង​៦​លាន​ហិកតា ដោយ​លោក យ៉ង់ សាំ​កុមារ មានប្រសាសន៍ថា​៖«​ក្នុងចំណោម​ដី​នេះ តើ​ដែន​កំណត់​យើង​ត្រូវ​រក្សា​ដី​សម្រាប់​កសិកម្ម​ក្នុង​ទំហំ​ប៉ុន្មាន​ហិកតា​»​។ 
 
​បើតាម​លោក​បណ្ឌិត​កសិកម្ម​រូបនេះ តំបន់​ណា​ដែលមាន​ហានិភ័យ​ជួប​រាំ​ស្ងួត គ្រោះទឹកជំនន់ គួ​តែ​បំ​លែង​ដី​តំបន់​នោះ​ទៅជា​ផ្ទះ​លំនៅដ្ឋាន​ឬ​តំបន់ឧស្សាហកម្ម ហើយ តំបន់​ដី​ណា​ដែល​ធម្មជាតិ​អំណោយផល​ល្អ គឺ​គួរ​សម្រុក​ធ្វើ​កសិកម្ម​ឱ្យ​ច្រើន និង​រដ្ឋាភិបាល​ត្រូវ​ទុក​តំបន់​ណាខ្លះ​សម្រាប់​អភិរក្ស​ទៅជា​សួនច្បារ ឬ​បឹង​ធម្មជាតិ ជាដើម​។ 
 
​កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ចេញ​នូវ​គោលនយោបាយ​ស្តីពី​ការរៀបចំ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​ដំណាំ​កសិកម្ម​ឱ្យបាន​សមស្រប​ទៅតាម​សណ្ឋាន​ដី ប្រភេទ​ដី គុណភាព​ដី និង​ក្សេត្រ​បរិស្ថាន​របស់​ប្រភេទ​ដំណាំ​នីមួយៗ​។ 
 
​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម ការធ្វើ​យ៉ាងនេះ ដើម្បី​ធ្វើការ​កំណត់ឱ្យ​បាន​សុ​ក្រឹត្យ​អំពី​ផែនការ​អភិវឌ្ឍ​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ និង​ជាពិសេស​កាត់បន្ថយ​ហានិភ័យ ដែល​អាច​កើតមាន​ជាយថាហេតុ​ទៅលើ​ដំណាំ ដោយសារ​ធនធាន​ដី​ដែល​គ្មាន​លក្ខខណ្ឌ​សមស្រប​ឱ្យ​រុក្ខជាតិ​ដុះ​លូតលាស់​បានល្អ​។ លោក​បាន​បញ្ជាក់ថា ការយល់ដឹង​អំពី​ធនធាន​ដី គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាកសិករ ដើម្បី​រួមចំណែក​ក្នុងការ​បង្កើន​ផលិតភាព ស្ថិរភាព​ផលិតកម្ម​ដំណាំ ការគ្រប់គ្រង​ដី​កសិកម្ម ការកែលម្អ​ដី​កសិកម្ម និង​ការប្រើប្រាស់​ដី​ប្រកបដោយ​និរន្តរភាព​។ 
 
​កាល​ឆ្នាំ​១៩៩៧ អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម បាន​សិក្សា និង​កំណត់​អត្តសញ្ញាណ​ដី​សម្រាប់​ដាំ​ដុះ​ស្រូវ​នៅ​ទូទាំងប្រទេស ដោយ​តំបន់​ខ្លះ​មាន​បញ្ហា​អសន្តិសុខ និង​ផ្លូវ​គមនាគមន៍​។ លោក វេ​ង សាខុន បានបញ្ជាក់​លើ​នៅ​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន នា​ថ្ងៃទី​២២​មករា ថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​សិក្សា កំណត់​ចំណាត់ថ្នាក់ និង​រៀបចំ​ផែនទីដី​នៅ​តំបន់​ដី​ដែលមាន​បញ្ហា និង​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នៅតាម​តំបន់​មួយចំនួន ដែលមាន​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ប្រែប្រួល​។​
 


លោក តឹក  វណ្ណារ៉ា ​ប្រធាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល កំពុងផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន។​

សម្រាប់​លោក តឹក វណ្ណា​រ៉ា ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​នៃ​ការប្រើប្រាស់​ដីធ្លី​នៅតាម​ខេត្ត​នីមួយៗ ក៏​ជា​រឿង​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ដែលមាន​ការអនុវត្ត​ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​។ ប្រធាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​រូបនេះ បាន​បន្ថែមថា ផែនការមេ​នៃ​ការប្រើប្រាស់​ដីធ្លី​នេះ គឺជា​ការចង្អុលបង្ហាញ​ទាក់ទង​ពី​ទិដ្ឋភាព​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម ក៏ដូចជា​ទិដ្ឋភាព​នៃ​ការការពារ​បរិស្ថាន ។ 
 
​ប្រធាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGO Forum)​លោក តឹក វណ្ណា​រ៉ា បាន​និយាយថា​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​៖«​បើ​យើង​ប្រើប្រាស់​ដី​ប្រកបដោយ​ប្រសិទ្ធភាព មាន​ចំណាត់ថ្នាក់​ច្បាស់លាស់ ដែល​ស្របទៅនឹង​ផែនការមេ​អភិវឌ្ឍ​ដីធ្លី​នោះ គឺ​វា​មិន​ត្រឹមតែ​អាច​គ្រប់គ្រង​វិស័យ​កម្ពុជា​យើង​បានល្អ​នោះទេ តែ​ថែមទាំង​ជួយ​ឱ្យ​អាជ្ញាធរ​ងាយស្រួល​ក្នុងការ​រ​គ្រប់គ្រង​ប្រជាជន និង ជួយ​ជំរុញ​ផ្នែក​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​ល្បឿន​ទៅមុន​»​។  
 
​បើកាលណា​ទិដ្ឋភាព​អភិវឌ្ឍ​សេដ្ឋកិច្ច មិន​រំលោភបំពាន​ទិដ្ឋភាព​អភិវឌ្ឍ​សង្គម ហើយ​ទិដ្ឋភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម មិន​រំលោភបំពាន​ដល់​កិច្ចការពារបរិស្ថាន និង​កសិកម្ម នឹងធ្វើ​ឱ្យមាន​តុល្យភាព​ជាមួយគ្នា នឹង​ធ្វើឱ្យ​ពលរដ្ឋ​រួមទាំង​ប្រទេសជាតិ មាន​ភាព​រីកចម្រើន​កាន់តែ​ប្រសើរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក តឹក វណ្ណា​រ៉ា​។ 
 
​យុទ្ធ​ការលើកទឹកចិត្ត​ដី​កសិកម្ម​
 
​រដ្ឋាភិបាល​គួរតែមាន​យុទ្ធ​ការ លើក​ទឹកដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ ជាជាង​លើកទឹកចិត្ត​ចំពោះ​ដំណើរការ​របស់​ក្រុម​អចលនទ្រព្យ ដែល​កំពុង​កែប្រែ​ដី​កសិកម្ម​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក គឹម​ឡុង​។ 
 
​នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រូបនេះ បាន​និ​យ​ថា​៖ «​ដី​កសិកម្ម​គួរតែ​មិនត្រូវ​យកពន្ធ​ទេពី​រដ្ឋាភិបាល​ឡើយ ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រជាជន​នៅតែ​ប្រើប្រាស់​ដី​នោះ ជា​ដី​កសិកម្ម តទៅទៀត​។ ក៏ប៉ុន្តែ ចំពោះ​ដី​កសិកម្ម​ទាំងអស់​ណា ដែល​ប្រជាជន​ទិញ​ហើយ​មិន​ប្រកបមុខរបរ​កសិកម្ម ដោយ​គ្រាន់តែ​ហ៊ុំព័ទ្ធ​របង​ចោល ដី​ទាំងអស់នោះ គឺ​គួរតែ​ជាប់ពន្ធ​នៅក្នុង​កម្រិត​ណាមួយ ដែល​ធ្វើឱ្យ​មនុស្ស​ដែល​ទិញ​ដី​កសិកម្ម​នោះ ដាច់ខាត​ត្រូវតែ​ប្រើប្រាស់​ផ្ទៃដី​នោះ​ដាំ​ដំណាំ​ផ្សេងៗ ឬក៏​អភិវឌ្ឍ​ទៅជា​គម្រោង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុងប្រទេស​ទាំងមូល​»​។​
 
​ស្រប​ជាមួយគ្នា លោក គី សេរី​វឌ្ឍន៍​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​លោក តឹក សុវណ្ណារ៉ា ប្រធាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGO Forum) ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការជំរុញ​វិស័យ​កសិកម្ម​កម្ពុជា ឱ្យមាន​ផល​ចំណូល​ខ្ពស់​សម្រាប់​កសិករ​ផងដែរ​។ អ្នកជំនាញ​ទាំងនេះ អះអាងថា កាលណា​ប្រជាពលរដ្ឋ​ឬ​កសិករ ទទួលបាន​ផ្តល់​ចំណូល​ខ្ពស់​ពី​វិស័យ​កសិកម្ម នោះ​ប្រជាពលរដ្ឋ​នឹង​លែង​លក់​ដីស្រែ​ហើយ​។ 
 
​សម្រាប់​លោក គី សេរី​វឌ្ឍន៍​៖«​ការទទួលបាន​ផល​ចំណូល​[​ពី​វិស័យ​កសិកម្ម​]​របស់​ពលរដ្ឋ គឺ​ត្រូវការ​ក្រសួងកសិកម្ម ផ្តល់​បច្ចេកទេស មានការ​សិក្សា​ស្រាវជ្រាវ មានពូជ និង​មាន​ផ្តល់​ទីផ្សារ​ឱ្យ​គាត់​[​កសិករ​]​ត្រឹមត្រូវ​។ អ៊ីចឹង​វា​ទៅជា​និរន្តរ៍ភាព​ប្រាក់ចំណូល​រប​ស់​ប្រជាពលរដ្ឋ គឺ​គាត់​លែង​លក់​ដី​ហើយ​។ កាលណា ពលរដ្ឋ​មិនមែន​និរន្តរ៍​នៃ​ប្រាក់ចំណូល​ទេ គឺ​គាត់​ត្រូវតែ​លក់​ដី​ហ្នឹង ដើម្បី​ទៅ​ប្រកបមុខរបរ​ផ្សេង​»​។ 
 
​អ្នកជំនាញ ក៏​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ទាំងអស់ ត្រូវ​បង្កើន​លទ្ធភាព​ពង្រីក​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​ផលិតផល​កសិកម្ម ឱ្យមាន​តម្លៃ​ខ្ពស់ ដើម្បី​ឆ្លើយតប​នឹង​ជីវភាព​របស់​កសិករ និង​កំណើន​សេដ្ឋកិច្ចជាតិ​។ 
 
​បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ខិតខំ​ជំរុញ​ការបង្កើន​ទិន្នផល​ដាំ​ដុះ​របស់​កសិករ​ទាំង​ស្រូវ និង​ដំណាំ​ផ្សេងៗ ឱ្យ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​, តម្រូវការ​ទីផ្សារ និង​ឆ្លើយតប​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក វេ​ង សាខុន មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពីដើម​ខែមករា ឆ្នាំ​២០២១​ថា ៖ «​សព្វថ្ងៃ​កន្លែង​ខ្លះ ទិន្នផល​ស្រូវ​មានការ​កើនឡើង តាមរយៈ​យើង​ផលិត​ពូជ​ថ្មី និង​ការគ្រប់គ្រង​ទឹកបាន​ល្អ ជាដើម​»​។ 
 
​បើតាម​លោក​វេ​ង សាខុន ការជំរុញ​នៃ​ការបង្កើន​ទិន្នផល​ដំណាំ​នានា​របស់​កសិករ គឺ​ក្រសួងកសិកម្ម​បានកំណត់​គោលដៅ​ច្បាស់លាស់​រួចហើយ​។ «​យើង​ធ្វើតាម​គោលដៅ​របស់​យើង ដែល​បានកំណត់​នីមួយៗ​។ កន្លែង​ដែល​យើង​ជំរុញ​ក្នុង​ការដាំដុះ លុះត្រាតែ​ជា​កន្លែង​ណា​ដែល​ស្ថិតនៅក្នុង​គោលដៅ ហើយ​ប្រជាជន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​គម្រោងរ​បស់​យើង​។ ទ​ន្ទឹ​នឹង​នេះ យើង​កំពុង​ទីផ្សារ​ថ្មីៗ​ក្នុង​និង​ក្រៅប្រទេស សម្រាប់​កំណើន​នូវ​ផលិតផល​កសិកម្ម​ផងដែរ​»​។ នេះ​បើតាម​រដ្ឋមន្ត្រី​កសិកម្ម​។​
 



វិស័យ​អចលនទ្រព្យ កំពុង​លើស​តម្រូវការ​ជាក់ស្ដែង​?
 
​កាលណា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​រឹតត្បិត​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ខ្លាំងពេក ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ដីធ្លី បានន័យថា តម្លៃ​ដី​នឹង​ហក់​ខ្ពស់​ឡើង​។ ប៉ុន្តែ​វិស័យ​អចលនទ្រព្យ ក៏​កំពុង​លើស​តម្រូវការ​ជាក់ស្ដែង​ដែរ​។ នេះ​ជាការ​មើលឃើញ​លោក ឆេង គីម​ឡុង​។​
 
«​ខ្ញុំ​និយាយ​នេះ គឺ​សំដៅលើ​តម្រូវការ​ផ្ទះ​ចាំបាច់​ជាក់ស្តែង​ក្នុងការ​រស់នៅ មិនមែន​និយាយ​ពី​តម្រូវ​ការទិញ​ផ្ទះ​ហើយ​លក់​ទៅវិញ ដើម្បី​ប្រាក់ចំណេញ​លើដី​ដែល​ឡើងថ្លៃ​បន្ថែម​នោះទេ​»​។  នេះ​បើតាម​លោក ឆេង គីម​ឡុង ដែល​បាន​បន្ថែមថា កម្មវិធី​ពុះ​ដីឡូត៍​លក់​មួយចំនួន បាន​ជំរុញ​ឱ្យ​ប្រជាជន​សម្រុក​ទិញ​ដីឡូត៍​ទុកចោល ដោយ​ពុំបាន​ប្រកបមុខរបរ​កសិកម្ម ហើយក៏​ពុំបាន​ធ្វើ​សកម្ម​ភាពជា​គម្រោង​អភិវឌ្ឍ​ជំរុញ​សេដ្ឋកិច្ច​ទេ​។ ប៉ុន្តែ​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​នេះ កំពុង​បំពេញ​លើសពី​តម្រូវការ​និង​ការផ្គត់ផ្គង់​ជាក់ស្តែង​ទៅវិញ ដែល​វា​អាចមាន​ហានិភ័យ​ដល់​សង្គម និង​វិស័យ​កសិកម្ម​។​
 
​លោក ឆេង គីម​ឡុង គីម​ឡុង និយាយ​ដូច្នេះ​៖«​បើ​សន្ទុះ​គម្រោង​ពុះ​ដីឡូត៍​ឬ​ការអភិវឌ្ឍ​លំនៅដ្ឋាន​ហ្នឹង ចេះតែ​រីកដុះដាល​ខ្លាំង​ទៅៗ លើសពី​តម្រូវការ​សង្គម​ជាក់ស្តែង ឬ​មិន​ឆ្លើយតប​នឹង​តម្រូវការ​ផ្ទះសម្បែង​ជាក់ស្តែង​នោះ វា​នឹង​អាចឱ្យ​សង្គម​កម្ពុជា មាន​ហានិភ័យ នាពេល​អនាគត​ណាមួយ​»​។ 
 
​ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​គួរតែ​អនុវត្ត​គោលនយោបាយ​ដីធ្លី ដែល​ទាមទារ​ឱ្យ​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ អនុ​លោក​ស្រប​គោលនយោបាយ​និង​យុទ្ធ​ការជាក់ស្តែង​របស់​រដ្ឋា​ភិ​បាល ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដីធ្លី និង​អាច​ធានា​ឱ្យ​ប្រជាជន​កម្ពុជា មាន​លំនៅដ្ឋាន​សមរម្យ ស្របទៅនឹង​ទិសដៅ​ជាតិ នៅ​ឆ្នាំ​២០៣០​នោះ និង​ឆ្នាំ​២០៥០ ។ 
 
​សម្រាប់​លោក តឹក វណ្ណា​រ៉ា គម្រោង​សាងសង់​លំនៅ​ដា្ឋ​ន​ថ្មី​សម្រាប់​របស់​ប្រជាពលរដ្ឋ​រស់នៅ ក្រៅពី​ស្រប​នឹង​កំណើន​សេដ្ឋកិច្ចជាតិ​ហើយ​នោះ ក៏​ទាមទារ​ឱ្យមាន​ការគោរព​ស្តង់ដារ​ប្រព័ន្ធ​ផ្លូវ ប្រព័ន្ធ​លូ ទីលាន​ចាក់សំរាម​ត្រឹមត្រូវ  សួនច្បារ សួន​កម្សាន្ត​នានា ដើម្បី​រក្សា​ការរស់នៅ​របស់​ពលរ​ដ្ឋ​ប្រកបដោយ​ផាក​សុខភាព ស្របទៅនឹង​កំណើត​សេដ្ឋកិច្ចជាតិ​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​ខាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​ការឆ្លើយតប​នឹង​អ្នកជំនាញ ដែល​កំពុង​បារម្ភ​ពី​ការប្រើប្រាស់​ដីធ្លី​មិន​ត្រឹមត្រូវ បានឡើយ កាលពី​ថ្ងៃទី​២១ មករា​៕
 

Tag:
 កសិកម្ម​
  អចលនទ្រព្យ​
  សន្តិសុខ​ស្បៀង​
© រក្សាសិទ្ធិដោយ thmeythmey.com