កសិដ្ឋាន​មួយកន្លែង​នៅ​ខេត្តកណ្តាល គ្រោង​នាំចេញ​ត្រី​នាគ​តម្លៃ​១០០០​ដុល្លារ​ក្នុង​មួយ​ក្បាល ទៅ​ចិន​
ជាតិ
សេដ្ឋកិច្ច
កសិដ្ឋាន​មួយកន្លែង​នៅ​ខេត្តកណ្តាល គ្រោង​នាំចេញ​ត្រី​នាគ​តម្លៃ​១០០០​ដុល្លារ​ក្នុង​មួយ​ក្បាល ទៅ​ចិន​
22, Jan 2021 , 10:59 pm        
រូបភាព
ត្រី​នាគ​ក្នុង​ហាង​ទូ​មួយកន្លែង​របស់​កសិដ្ឋាន​First Aquatic Indutrial Co., Ltd នៅ​ខេត្តកណ្តាល​។ រូបថត​៖  គណនី​ហ្វេ​ស​ប៊ុ​ក Veng Sakhon
ត្រី​នាគ​ក្នុង​ហាង​ទូ​មួយកន្លែង​របស់​កសិដ្ឋាន​First Aquatic Indutrial Co., Ltd នៅ​ខេត្តកណ្តាល​។ រូបថត​៖ គណនី​ហ្វេ​ស​ប៊ុ​ក Veng Sakhon
​ភ្នំពេញ​៖ កសិដ្ឋាន​First Aquatic Indutrial ដែល​ចិញ្ចឹម​ត្រី​លម្អ នៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល គ្រោង​នាំចេញ​ត្រី​នាគ និង​បបែល ទៅ​ទីផ្សារ​ប្រទេស​ចិន​។ បើតាម​លោក Li Xuequn អ្នកគ្រប់គ្រង​ទូទៅ​នៃ​កសិដ្ឋាន​ចិញ្ចឹម​លម្អ​នេះ ត្រី​នាគ​ដែល​នាំទៅ​ចិន គឺមាន​តម្លៃ​១០០០​ដុល្លារ​ក្នុង​មួយ​ក្បាល និង​ត្រី​បបែល មានតម្លៃ​២០០​ដុល្លារ​ក្នុង​មួយ​ក្បាល​។

 
​លោក Li Xuequn បានបញ្ជាក់​ប្រាប់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ដំណើរ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ First Aquatic Indutrial Co., Ltd នា​រសៀល​ថ្ងៃទី​២១​មករា ថា កសិដ្ឋាន​គ្រោង​នាំចេញ​ត្រី​នាគ​ជាង​១០០០​ក្បាល និង​ត្រី​បបែល​ជាង ៥០០០​ក្បាល នៅ​ឆ្នាំ​២០២១ ដែលជា​ឆ្នាំ​ដំបូង​។​
 
​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​វេ​ង សាខុន កសិដ្ឋាន​នេះ បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១៧ ក្នុង​ទំហំ​ទុនវិនិយោគ​៤​លាន​ដុល្លារ (​មិន​រួមបញ្ចូល​ការវិនិយោគ​លើ​ការកសាង​ហេ​ដ្ឋ​រចនា​ស​ម័​ន្ធ​សំខាន់ៗ​)​។ បច្ចុប្បន្ន​កសិដ្ឋាន​នេះ ចិញ្ចឹម​ត្រី​លម្អ ប្រភេទ​ត្រី​នាគ ដែល​នាំ​ពូជ​ចូល​ពី​ប្រទេស​ចិន ត្រី​បបែល​ទឹកសាប និង​ត្រី​ទឹកសាប​កម្ពុជា ជាច្រើន​ប្រភេទ​ទៀត​។​
 
​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រៀម​រៀបចំ​ឯកសារ​បច្ចេកទេស​ពាក់ព័ន្ធ​ដល់​ការចិញ្ចឹម​ត្រី សម្រាប់​ឈានទៅដល់​ការរៀបចំ​ពិធីសារ​នាំចេញ​ត្រី​លម្អ​ទៅកាន់​ប្រទេស​ចិន ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា ធ្វើការ​ទំនាក់​ទំនងជា​មួយ​អគ្គ​រដ្ឋបាល​គយ​ចិន ស្នើសុំ​បែបបទ ឬ​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​នានា​ពី​ភាគី​ចិន​ជា​ជំហាន​បឋម ដើម្បីឱ្យ​ដំណើរការ​នាំចេញ​នាពេលខាងមុខ​ប្រព្រឹត្ត​ទៅដោយ​រលូន ចៀសវាង​ការកកស្ទះ​ផលិតផល​ដែល​កសិដ្ឋាន​ចិញ្ចឹម​បាន​៕  
 

Tag:
 កសិកម្ម​
  ត្រី​នាគ​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com