ជាតិ
ឆ្នាំ២០២០ ចំនួនទេសចរទៅលេងខេត្តស្ទឹងត្រែងធ្លាក់ចុះជាង ៤២ភាគរយ
23, Jan 2021 , 10:59 am        
រូបភាព
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង
ដោយ:
ភ្នំពេញ៖ ស្ទឹងត្រែង ជាខេត្តតែមួយគត់ក្នុងប្រទេសកម្ពុជាមានទន្លេបួនឆ្លងកាត់ គឺទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេមេគង្គ។ ភាពអំណោយផលនៃធម្មជាតិនេះហើយ បានធ្វើឲ្យខេត្តនៅភាគឦសាន្តមួយនេះ មានតំបន់ទេសចរណ៍សម្បូរបែប តែបន្ទាប់ពីមានវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ ធ្វើឲ្យខេត្តស្ទឹងត្រែងបាត់បង់ទេសចរជាង៤២ភាគរយ។


ភ្ញៀវទេសចរក្នុងខេត្តស្ទឹងត្រែង ធ្លាក់ចុះ ៤២,៣៥ ភាគរយក្នុងឆ្នាំ២០២០ ធៀបឆ្នាំ២០១៩។ ឆ្នាំ២០១៩ មានទេសចរសរុបចំនួន ៣៣៨.៦៥៣នាក់ និងឆ្នាំ២០២០មានទេសចរសរុប ១៩៦.២០៦នាក់។ ភ្ញៀវទេសចរជាតិធ្លាក់ចុះ ៤៣,៤២ភាគរយ និងទេសចរអន្តរជាតិធ្លាក់ចុះ ៦១,៥៥ភាគរយ។ នេះបើតាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរក្នុងខេត្តស្ទឹងត្រែង។
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានលើកឡើងថា ដោយសារជំងឺកូវីដ-១៩ទើបធ្វើឲ្យខេត្តស្ទឹងត្រែងធ្លាក់ចុះភ្ញៀវទេសចរបែបនេះ។ លោក បន្តថា តំបន់ទេសចរណ៍មួយចំនួននៅតែអាចឈរជើង និងទាក់ទាញទេសចរទៅលេងខេត្តស្ទឹងត្រែងបានក្នុងដំណាក់កាលកូវីដ-១៩។
  

លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង

លោក អ៊ុន ប៉ោសឿន ថ្លែងដូច្នេះថា៖ «ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍សរុប២២កន្លែង។ តំបន់ទេសចរណ៍បានទាក់ទាញភ្ញៀវទេសចរក្នុងវិបត្តិកូវីដ-១៩មាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, តំបន់ទេសចរណ៍រ៉ាមសា, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន, សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, រមណីយដ្ឋានបក្សីមេគង្គ, ស្ទឹងត្រែងរីសត, រមណីយដ្ឋានចម្ការក្រូច និងតំបន់ទេសចរណ៍អូរឫស្សីកណ្ដាល »។
 
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តស្ទឹងត្រែង» នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២១ បានលើកឡើងថាបន្ទាប់ពីជំងឺកូវីដ-១៩ ខេត្តស្ទឹងត្រែង នឹងជំរុញទេសចរណ៍តភ្ជាប់ក្នុងដើម្បីឲ្យទេសចរឆ្លងកាត់ អាចនៅសម្រាកកម្សាន្តក្នុងខេត្តមួយនេះ។ 
លោកអភិបាលរងខេត្តថ្លែងដូច្នេះថា៖ « ខេត្តកំពុងជំរុញទេសចរណ៍តភ្ជាប់ពី ប្រទេសវៀតណាម ទៅខេត្តរតនគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង មិនឲ្យទៅហួស ដោយអាចឲ្យគាត់សម្រាកនៅខេត្តស្ទឹងត្រែងមួយថ្ងៃ ឬពីរថ្ងៃ ធ្វើយ៉ាងណាអាចទាញចំណាយរបស់ទេសចរចូលក្នុងខេត្តបាន»។
 
រដ្ឋបាលខេត្តស្ទឹងត្រែង ក៏កំពុងជំរុញទេសចរណ៍បែបសហគមន៍ធម្មជាតិ សហគមន៍ទេសចរណ៍គ្រួសារ ព្រមទាំងកសិ-ទេសចរណ៍ ដើម្បីពង្រីកសក្តានុពលទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរបន្ទាប់ពីជំងឺកូវីដ-១៩ មានភាពធូរស្រាល។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង៕


រូបភាពដោយ Cambodia Amazing Trip Planner


រូបភាពដោយ Cambodia Amazing Trip Planner


រូបភាពដោយ Cambodia Amazing Trip Planner


 រូបភាពដោយ Cambodia Amazing Trip Planner
 
 

Tag:
 កូវីដ-១៩
  ស្ទឹងត្រែង
  ThmeyThmey25
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com