ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកនាំពាក្យ៖ តុលាការពាណិជ្ជកម្មនិងការងារ អាចដំណើរការ ក្នុងឆ្នាំ២០២១នេះ
22, Jan 2021 , 11:30 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពី AKP)
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពី AKP)
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា តុលាការជំនាញពីរទៀត គឺតុលាការពាណិជ្ជកម្មនិងតុលាការការងារ អាចនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗ នៅឆ្នាំ២០២១នេះ។ យ៉ាងណា លោក មិនទាន់អាចនិយាយឲ្យជាក់លាក់ថា តុលាការជំនាញទាំងពីរ នឹងដំណើរការក្នុងខែណាឡើយ។



នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចពីរទន្ទឹមគ្នា ដោយមួយ ជាសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងមួយទៀត ជាសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការការងារ។ គណៈកម្មការទាំងពីរ មានលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន។

លោក កើត រិទ្ធ ចែងពីភារកិច្ចស្នូលមួយដូចគ្នា ក្នុងចំណោមភារកិច្ចផ្សេងទៀតថា គណៈកម្មការទាំងពីរនេះ ត្រូវរៀបចំរាល់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនិងតុលាការការងារនៅតាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្ម-សភាការងាររបស់សាលាជម្រះក្តីជាន់ខ្ពស់។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ជិន ម៉ាលីន ថ្លែងថា៖«ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនិងតុលាការការងារ គឺអាចបង្កើនប្រសិទ្ធភាព គុណភាព ក្នុងការដោះសាយសំណុំរឿង និងបង្កើនល្បឿនដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ»។

តាមពិតទៅ តុលាការពាណិជ្ជកម្មនិងតុលាការការងារ មានចែងក្នុងច្បាប់ស្តីពីការរៀបចំអង្គការតុលាការរួចមកហើយ ប៉ុន្តែ មិនទាន់អាចដំណើរការបាន។ លោក ជិន ម៉ាលីន លើកហេតុផលថា ដោយសារតែកន្លងមក តុលាការកម្ពុជា មមាញឹកនឹងការងារផ្សេងៗជាច្រើន ទើបមិនទាន់អាចដាក់ឲ្យតុលាការពាណិជ្ជកម្មនិងតុលាការការងារដំណើរការបាន។ លោក បន្តថា ឥឡូវនេះ គឺដល់ពេល ដែលត្រូវដាក់ឲ្យដំណើរការតុលាការជំនាញទាំងពីរនេះហើយ។

បច្ចុប្បន្ន កម្ពុជា ដំណើរការតែតុលាការព្រហ្មទណ្ឌនិងតុលាការរដ្ឋប្បវេណីប៉ុណ្ណោះ។ រាល់សំណុំរឿង ដែលពាក់ព័ន្ធនឹងវិវាទផ្នែកពាណិជ្ជកម្មនិងផ្នែកការងារ ត្រូវបញ្ជូនទៅឲ្យតុលាការរដ្ឋប្បវេណី កាត់ក្តី៕

Tag:
 តុលាការពាណិជ្ជកម្ម
  តុលាការការងារ
  ជិន ម៉ាលីន
  ប្រព័ន្ធយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com