ជាតិ
ក្រសួងកសិកម្ម៖ ជនដែលបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា នឹងត្រូវជាប់ពន្ធនាគារ ៣ឆ្នាំទៅ១០ឆ្នាំ
23, Jan 2021 , 11:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អនុលោមតាមច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ស្ដីពីជលផល ពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវមានករណីយកិច្ច ទទួលខុសត្រូវ ថែរក្សា ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួន។ ជនណាដែលបានប្រព្រឹត្តឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំទៅ៥ឆ្នាំ ឬពី៥ឆ្នាំទៅ១០ឆ្នាំ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

 
កត្តាធម្មជាតិ អាកាសធាតុ និងមនុស្ស ជាមូលហេតុចម្បងដែលធ្វើឲ្យមានភ្លើងឆេះព្រៃ។ សកម្មភាពកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងលំនៅដ្ឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ និងការធ្វេសប្រហែសរបស់មនុស្សជាដើម។ ភ្លើងឆេះព្រៃរាល់ឆ្នាំ បានបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងអាចរាលដាលរហូតឆេះដំណាំស្រូវរបស់ពលរដ្ឋ។
 
ដោយមើលឃើញបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់អង្គភាពជំនាញ មន្ទីរកសិកម្ម រដ្ឋបាលមូលដ្ឋាន សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្មអនុវត្តនូវវិធានការមួយចំនួន។ 
 
បើតាមក្រសួងកសិកម្ម ត្រូវទប់ស្កាត់ការប្រើប្រាស់ភ្លើងជាមធ្យោបាយយកឃ្មុំ ការដុតស្ទាក់ចាប់សត្វ និងការដុតស្មៅ។ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ឈូសឆាយ ដុតព្រៃឈើនិងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីកសិកម្ម។ ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយដុតកាកសំណល់ព្រៃឈើ ក្នុងគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀតត្រូវជូនដំណឹងដល់មន្ទីរកសិកម្មជាមុន។
 
ការរុករកផល អនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀត ដែលចាំបាច់ប្រើភ្លើងជាមធ្យោបាយ(ដុតរណ្ដៅជ័រ) ត្រូវពន្លត់ភ្លើងឲ្យអស់ជាមុនចាកចេញពីទីតាំងនោះ។ ក្នុងករណីមានភ្លើងឆេះព្រៃ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ តាមរយៈការប្រកាសអាសន្ន។
 
តាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក វេង សាខុន មន្ទីរកសិកម្មត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែលបានរុករាន ដុតព្រៃ និងកាប់ព្រៃឈើដែលបានឆេះដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់។ បន្ថែមលើនេះ ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ចូលប្រើប្រាស់ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះរួច ដើម្បីទុកលទ្ធភាពឲ្យរុក្ខជាតិអាចដុះវិញតាមធម្មជាតិ។
 
ដោយឡែក សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ  នឹងចាប់ផ្ដើមពីខែមីនា ដល់ដើមខែឧសភា ហើយសីតុណ្ហភាពនៅរដូវប្រាំងកើនឡើងខ្ពស់បំផុតរង្វង់ ៣៩អង្សា។ ចាប់ពីខែមីនា ដល់ខែមេសា កម្ដៅមានការកើនឡើងជាបន្តបន្ទាប់។ ចំណែកខែមេសា និងដើមខែឧសភា សីតុណ្ហភាពអាចឡើងខ្ពស់បំផុតក្នុងរង្វង់ ៣៩អង្សា និងអាចមានភ្លៀងធ្លាក់កក់ខែច្រើន។ 
 
ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅបណ្ដាតំបន់ដាច់ស្រយាល ឆ្ងាយពីប្រភពទឹក បន្តរក្សានិងប្រើប្រាស់សន្សំសំចៃ ដោយហេតុនៅក្នុងខែមេសា និងដើមរដូវវស្សាអាចនឹងមាន ភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងធ្លាក់ មិនទាន់អាចឆ្លើយតប ទៅនឹងតម្រូវការគ្រប់គ្រាន់នៅឡើយនោះទេ៕
 

Tag:
 ព្រៃឈើ
 ឆេះព្រៃ
 កសិកម្
© រក្សាសិទ្ធិដោយ thmeythmey.com