ជាតិ
វិថីម្ហូបអាហារ នឹងលេចឡើងដំបូងគេ ក្នុងខេត្តព្រះសីហនុ
24, Jan 2021 , 8:19 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបង្កើតវិថីម្ហូបអាហារ (Street Food) ដំបូងគេបង្អស់ ក្នុងខេត្តព្រះសីហនុ ត្រង់ចំណុចសួនច្បារមហោស្រពចាស់។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ប្រាប់សារព័ត៌មាន ThmeyThmey25 តាមបណ្ដាញទំនាក់ទំនង Telegram ថា ការបង្កើតវិថីម្ហូបអាហារនេះ ក្នុងខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ គឺដើម្បីទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ តាមរយៈការផ្ដល់ជូនម្ហូបអាហារសម្បូរបែប។


 
លោក ឃាង ភារម្យ បញ្ជាក់ថា វិថីម្ហូបអាហារ ក្នុងខេត្តព្រះសីហនុ កំណត់ជ្រើសរើសយកសួនច្បារមហោស្រពចាស់ ក្នុងសង្កាត់លេខ២។ ការសម្រេចកំណត់យកទីតាំងវិថីម្ហូបអាហារនេះឡើង ដោយមើលឃើញពីសក្ដានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរ ទៅកាន់ទីតាំងមួយនេះ។ លោក មានប្រសាសន៍ដូច្នេះថា៖ «តាមរយៈវិថីម្ហូបអាហារនេះ អាចជួយជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍របស់ខេត្ត ដោយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទទួលទានម្ហូបអាហារដែលមានគុណភាព សុវត្ថិភាព អនាម័យ និងតម្លៃសមរម្យ ក្នុង Street Food»។
 


កិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវថីលក់ម្ហូបអាហារ ខេត្តព្រះសីហនុ រូបភាពពីហ្វេសប៊ុកផេក រដ្ឋបាលខេត្តព្រះសីហនុ
 
ជុំវិញគម្រោងបង្កើតវិថីម្ហូមអាហារ ឬ Street Food នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងលក់ម្ហូបអាហារខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមករា បានបង្ហាញការគាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍ ព្រមទាំងយល់ឃើញថា គម្រោងមួយនេះ នឹងក្លាយជាសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍មួយផ្នែកទៀតក្នុងខេត្តព្រះសីហនុ។ 
 
នាឱកាសនោះដែរ លោក គួច ចំរើន បានបញ្ជាក់ថា ទីតាំងគ្រោងបង្កើតវិថីម្ហូបអាហារនេះ នឹងមានរៀបចំខ្លោងទ្វារចូលចំនួន២ បន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អ រួមទាំងកន្លែងអង្គុយបរិភោគផងដែរ។ លោក បន្ថែមថា សម្រាប់អាជីវករលក់ម្ហូបអាហារ តម្រូវអនុវត្តតាមស្ដង់ដាសេវាកម្ម និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្ម តូបលក់អាហារ Street Food ដែលកំណត់ច្បាស់លាស់ ដើម្បីធានាលើគុណភាព សុវត្ថិភាពម្ហូបអាហារ ព្រមទាំងតម្លៃសមរម្យ។
 
សូមជម្រាបថា គម្រោងរៀបចំវិថីម្ហូបអាហារ (Street Food) នេះ លោកអភិបាលខេត្តព្រះសីហនុ បានប្រគល់កិច្ចការទាំងនេះ ដល់មន្ទីរទេសចេណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សិក្សាអំពីទីតាំងលម្អិតបន្ថែម ដើម្បីឈានដល់ការអនុវត្តគម្រោងនេះឡើង៕
 
 

Tag:
 ThmeyThmey25
  ទេសចរណ៍
  វិថីម្ហូបអាហារ
  ព្រះសីហនុ
  ឃាង ភារម្យ
© រក្សាសិទ្ធិដោយ thmeythmey.com