ជាតិ
មជ្ឈមណ្ឌលប្រឹក្សាការសិក្សានៅអាមេរិកមួយកន្លែងទៀត បានបើកដំណើរការក្នុងខេត្តសៀមរាប
24, Jan 2021 , 9:39 am        
រូបភាព
សៀមរាប៖ មជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្ដីពីការអប់រំនៅសហរដ្ឋអាមេរិក (EducationUSA) ថ្មីមួយបន្ថែមទៀត ត្រូវបានដាក់ឱ្យដំណើរការនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដខេត្តសៀមរាប។ នេះជាមជ្ឈមណ្ឌលក្រៅរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំ និងមានក្ដីរំពឹងថា នឹងមានកំណើនសិស្សនិស្សិតកម្ពុជាកាន់តែច្រើនចេញទៅសិក្សានៅសហរដ្ឋអាមេរិក។

 
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះវត្តមាននៃមជ្ឈមណ្ឌល EducationUSA ថ្មីនៅខេត្តសៀមរាប ថានឹងអាចផ្តល់ប្រឹក្សាយោបល់អំពីព័ត៌មានលម្អិតជុំវិញការសិក្សានៅសហរដ្ឋអាមេរិក។ ក្នុងពិធីសម្ពោធនាថ្ងៃទី១៨ ខែមករា លោកទូតក៏រំពឹងដែរថា វត្តមាននៃមជ្ឈមណ្ឌលក្រៅរាជធានីនេះ នឹងជំរុញកំណើនសិស្សនិស្សិតខ្មែរកាន់តែច្រើនចេញទៅសិក្សានៅសហរដ្ឋអាមេរិក ពិសេសអ្នករស់នៅតាមបណ្ដាខេត្ត។
 

កន្លងមក មជ្ឈមណ្ឌល EducationUSA មាន២រួចហើយនៅរាជធានីភ្នំពេញ គឺស្ថិតនៅក្នុងស្ថានទូតសហអាមេរិក និងនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ដ។ សម្រាប់ទីតាំងទី៣នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ដខេត្តសៀមរាប មជ្ឈមណ្ឌលថ្មីនេះ ជាកន្លែងដែលអាណាព្យាបាល និងសិស្ស និស្សិតអាចទទួលបានការផ្តល់ប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីស្វែងយល់ពីការសិក្សានៅសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះផ្តល់ការណែនាំស្ដីពីរបៀបស្វែងរកមើលសាកលវិទ្យាល័យនានា និងឱកាសអាហារូបករណ៍ ផ្តល់ព័ត៌មានស្ដីពីកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងផ្តល់ការប្រឹក្សាក្នុងការដាក់ពាក្យ និងសរសេរពាក្យសុំចូលរៀននៅតាមសាលាទាំងនោះ។
 
យោងតាមរបាយការណ៍អប់រំឆ្នាំ ២០២០ Open Door ស្ដីពីការផ្លាស់ប្ដូរលើការសិក្សាអប់រំអន្ដរជាតិ បានបង្ហាញថា មាននិស្សិតកម្ពុជាចំនួន ៧៤២នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំសិក្សា ២០១៩-២០២០ ដែលចំនួននេះកើនជាង៨ភាគរយធៀបនឹងឆ្នាំមុន។ សហរដ្ឋអាមេរិក ជាគោលដៅទី១នៅលើពិភពលោក សម្រាប់ទទួលយកនិស្សិតអន្ដរជាតិ ដោយក្នុងឆ្នាំ២០១៩-២០២០ មាននិស្សិតអន្ដរជាតិសិក្សាជាង១លាននាក់៕


















 
 

Tag:
 EducationUSA
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com