រុស្ស៊ី ចាប់ខ្លួនមនុស្ស ២៥០០នាក់ ក្នុងបាតុកម្មឲ្យដោះលែងលោកNavalny
អន្តរជាតិ
រុស្ស៊ី ចាប់ខ្លួនមនុស្ស ២៥០០នាក់ ក្នុងបាតុកម្មឲ្យដោះលែងលោកNavalny
24, Jan 2021 , 12:15 pm        
រូបភាព
ប៉ូលិសរុស្ស៊ី បង្រ្កាបបាតុករនៅក្នុងទីក្រុងមូស្គូ នៅថ្ងៃទី២៣ ខែមករា។ រូបភាព៖ Reuters
ប៉ូលិសរុស្ស៊ី បង្រ្កាបបាតុករនៅក្នុងទីក្រុងមូស្គូ នៅថ្ងៃទី២៣ ខែមករា។ រូបភាព៖ Reuters
ប៉ូលិសរុស្ស៊ី បានឃុំខ្លួនមនុស្សយ៉ាងហោចណាស់ ២៥០០នាក់ និងប្រើប្រាស់កងកម្លាំង ដើម្បីបំបែកបាតុកម្ម ដែលមានប្រជាជនរុស្ស៊ីចូលរួមជាច្រើនម៉ឺននាក់ ក្នុងការទាមទារឲ្យដោះលែងលោកAlexei Navalny អ្នករិះគន់ដ៏សកម្មមួយលើការដឹកនាំរបស់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ ភរិយារបស់លោក Navalny ក៏ស្ថិតក្នុងការឃុំខ្លួននេះដែរ។


 
 
បន្ទាប់ពីត្រលប់មកពីអាល្លឺម៉ង់វិញ លោក Alexei Navalny ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនភ្លាមៗ  នៅអាកាសយានដ្ឋានក្រុងមូស្គូ និងត្រូវជាប់ឃុំរយៈពេល៣០ថ្ងៃ មុនសវនាការ។ លោកត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ខ្លួន ដោយសារបំពានលក្ខខណ្ឌនៅក្រៅឃុំ។ បន្ទាប់ពីត្រូវបានចាប់ខ្លួនរូបលោក និងមនុស្សជំនិត៤ ឬ៥នាក់ទៀត អ្នកនយោបាយប្រឆាំងវិមានក្រឹមឡាំងរូបនេះ បានអំពាវនាវឲ្យប្រជាជនតវ៉ានឹងអាជ្ញាធររុស្ស៊ី។ 
 
តាមការអំពាវនាវ ប្រជាជនរុស្ស៊ីជាច្រើនម៉ឺននាក់ បានចេញមកបាតុកម្មនៅក្នុងទីក្រុងជាច្រើន នៅថ្ងៃទី២៣ ខែមករា និងអំពាវនាវឲ្យអាជ្ញាធរដោះលែងលោក Navalny បើទោះបីជារុស្ស៊ី បានព្រមានទុកមុន ថានឹងបង្រ្កាបការជួបជុំខុសច្បាប់នេះក៏ដោយ។ អាជ្ញាធរបានព្រមានថា បាតុកម្មនេះ គឺខុសច្បាប់ បំពានបម្រាបការជួបប្រជុំ ក្នុងការទប់ស្កាត់កូវីដ-១៩ ហើយអ្នកចូលរួមអាចប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារថែមទៀត។ 
 
ដោយសារបាតុកម្មនៅតែប្រព្រឹត្តទៅ អាជ្ញាធរ បានបញ្ជូនកងកម្លាំងជាច្រើនពាន់នាក់ ទៅបង្រ្កាប ដោយសំអាងថាជាបាតុកម្មខុសច្បាប់ និងចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ២៥០០នាក់ ដាក់រថយន្ត។ ក្រុមអ្នកឃ្លាំមើលក្រុមបាតុករ បានអះអាងថា ប្រជាជននៅក្រុងមូស្គូប្រមាណ ៩៥០នាក់, ប្រជាជនចំនួន ២១១នាក់នៅក្រុង St Petersburg និងប្រជាជននៅតំបន់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន។ ប្រពន្ធលោកNavalny ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនដែរ។ 
 
តាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រជាជនរុស្ស៊ី ចូលរួមក្នុងបាតុកម្មនេះ អាចមានរហូតដល់ ៤ម៉ឺននាក់ឯណោះ។ ចំនួននេះ ត្រូវបានក្រសួងការបរទេសរុស្ស៊ី ចោទជាសំណួរថា៖ «ម្ត៉េចមិនដាក់ ៤លាននាក់តែម្តងទៅ»។ បើតាមក្រសួងការបរទេស ប្រជាជនរុស្ស៊ី មកចូលរួមបាតុកម្មតែប្រមាណ ៤ពាន់នាក់ប៉ុណ្ណោះ។  
 
សូមបញ្ជាក់ថា បន្ទាប់ពីមានការចាប់ខ្លួន និងបង្រ្កាបលើក្រុមបាតុករ រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលបែលហ្ស៊ិក បានរិះគន់យ៉ាងខ្លាំងលើចំណាត់ការរបស់រុស្ស៊ី។ ចំណែកស្នងការគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell  ថាសហភាពអឺរ៉ុប នឹងជជែកពីបញ្ហានេះ នៅថ្ងៃទី២៥ ខែមករា៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com