COVID-19
អន្តរជាតិ
អង់គ្លេស៖ ការផ្ដល់វ៉ាក់សាំងកូវីដ-១៩ លើកទី១ទៅមុខលឿន ខណៈគ្រូពេទ្យចង់ឱ្យពន្លឿនការចាក់លើកទី២
24, Jan 2021 , 3:39 pm        
រូបភាព
ដោយ៖ កង ម៉េងហុង
 
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅចក្រភពអង់គ្លេស បានដំណើរការក្នុងល្បឿនដ៏លឿនមួយ។ គិតត្រឹមថ្ងៃទី ២៣ ខែមករា មនុស្សចំនួន ៥,៩ លាននាក់ បានទទួលការចាក់លើកទី១ ហើយ។ ប៉ុន្តែក្រុមគ្រូពេទ្យ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនល្បឿនការចាក់លើកទីពីរ និងមិនត្រូវពង្រីកគម្លាតការចាក់លើកទីមួយ និងលើកទីពីររហូតដល់១២សប្ដាហ៍នោះឡើយ។

 
ខណៈវ៉ាក់សាំងមិនទាន់មានគ្រប់គ្រាន់ រដ្ឋាភិបាលអង់គ្លេស បានពន្យារពេលចាក់វ៉ាក់សាំងលើកទីពីរដល់អ្នកដែលបានទទួលវ៉ាក់សាំងលើកទីមួយរួចហើយ។ ការពន្យារពេលនេះ ធ្វើឡើងក្រោយការគិតគូរលម្អិត ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃនៅតែមានច្រើន។ អង់គ្លេសចង់ឱ្យប្រជាជនរបស់ខ្លួនកាន់តែច្រើនទទួលបានវ៉ាក់សាំង ដើម្បីមានការការពារខ្លះ ទើបពង្រីកគម្លាតចាក់លើកទីពីរដល់ទៅ១២សប្ដាហ៍ឯណោះ។ 
 
ការទុកគម្លាតរយៈពេល ១២ សប្តាហ៍ អនុញ្ញាឱ្យកម្មវិធីចាក់វ៉ាក់សាំងរបស់អង់គ្លេសដំណើរការយ៉ាងលឿន។ គិតត្រឹមថ្ងៃទី២៣ ខែមករា អ្នកដែលទទួលបានវ៉ាក់សាំងនៅអង់គ្លេសមានជិត៦លាននាក់។  
 
យ៉ាងណាមិញ ផែនការនេះ ត្រូវបានជំទាស់ដោយក្រុមគ្រូពេទ្យ។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលិខិតមួយផ្ញើលោក Chris Whitty មន្រ្តីជាន់ខ្ពស់ផ្នែកវេជ្ជសាស្រ្តរបស់អង់គ្លេស សមាគមវេជ្ជសាស្ត្រអង់គ្លេសបាននិយាយថា ការទុកចន្លោះពេល ១២ សប្តាហ៍សម្រាប់ការចាក់វ៉ាក់សាំង Pfizer ផ្ទុយនឹងការណែនាំរបស់អង្គការសុខភាពពិភពលោក។ ពួកគេបានជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយគម្លាតរវាងការចាក់វ៉ាក់សាំង Pfizer លើកទីមួយនិងទីពីរ មករយៈពេលអតិបរមា៦សប្តាហ៍វិញ។ 
 
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ក៏បានព្រមានថា ខ្លួនមិនមានភស្ដុតាងណាដែលថា វ៉ាក់សាំងរបស់ពួកគេនឹងនៅតែអាចផ្ដល់ការការពារបាននោះទេ ប្រសិនបើការចាក់លើកទី ២ ត្រូវបានផ្តល់នៅច្រើនជាងបីសប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង។
 
ជាការបកស្រាយ លោក Whitty បាននិយាយនៅថ្ងៃទី២២ ខែមករា ថា ចំពោះការរក្សាគម្លាតរយៈពេល១២ សប្តាហ៍នេះគឺជា ការសម្រេចចិត្តដើម្បីសុខភាពសាធារណៈ ដែលមានគោលបំណងក្នុងការផ្តល់ការចាក់វ៉ាក់សាំងដល់មនុស្សជាច្រើននាក់ និងផ្អែកការពិតដែលការការពារភាគច្រើនកើតចេញពីការចាក់វ៉ាក់សាំងលើកដំបូង។ 
 
ចំណែកក្រសួងសុខាភិបាល និងថែទាំសង្គម ក៏បានបញ្ជាក់អំពីការសម្រេចចិត្តលើការគម្លាតរយៈពេល ១២ សប្តាហ៍នេះ ជាមួយការអះអាងថា វាត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យទិន្នន័យយ៉ាងហ្មត់ចត់ និងស្របតាមការណែនាំរបស់ប្រធានផ្នែកវេជ្ជសាស្ត្រទាំងបួនរូបរបស់ចក្រភពអង់គ្លេសផងដែរ។
 
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសកំពុងប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងមួយទៀតពីក្រុមហ៊ុន AstraZeneca ។ ក្រុមហ៊ុន AstraZeneca បានគាំទ្រគម្លាតនៃការចាក់វ៉ាក់សាំងរបស់ខ្លួន ព្រោះទិន្នន័យបានបង្ហាញថា គម្លាតពី ៨ ទៅ ១២ សប្តាហ៍ ជា «ចំណុចប្រសព្វ» សម្រាប់ប្រសិទ្ធភាព៕
 

Tag:
 អង់គ្លេស
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com