COVID-19
ជាតិ
បុរសលួចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី បានឆ្លងដែនទៅថៃវិញ
24, Jan 2021 , 3:18 pm        
រូបភាព
មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី។ រូបភាពពីគណនីហ្វេសប៊ុក លោក រ័ត្ន ដាស៊ីណង់ រដ្ឋបាលស្រុកមង្គលបូរី
មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី។ រូបភាពពីគណនីហ្វេសប៊ុក លោក រ័ត្ន ដាស៊ីណង់ រដ្ឋបាលស្រុកមង្គលបូរី
ដោយ៖ ស៊ុល រ៉វី
 
ពលករខ្មែរម្នាក់ដែលលួចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឆ្លងដែនវិលត្រឡប់ទៅថៃ ជាមួយភរិយារបស់ខ្លួនវិញ។ នេះបើតាមការអះអាងរបស់ លោក ជា ទី មេឃុំសឿ។

 
បើតាមលោក ជា ទី ពលករឈ្មោះ ខា រិន  ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅវិទ្យាល័យមង្គលបុរី កាលពីថៃទី២១ ខែមករា ហើយលទ្ធផលសំណាកលើកទី១ បង្ហាញថា គាត់អវិជ្ជមានកូវីដ-១៩ ។ បីថ្ងៃក្រោយមក ពលកររូបនេះ បានលួចរត់ទៅថៃវិញជាមួយភរិយា។
 
អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា នេះជាលើកទី២ ដែលមានករណីរត់គេចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរីនេះ ដោយករណីទីមួយ ត្រូវបានឃាត់ខ្លួន ហើយយកត្រឡប់មកធ្វើចត្តាឡីស័កវិញ។
 
លោកបន្ថែមថា៖ «អ្នកដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខុសពីគោលការណ៍ណែនាំ គឺអាជ្ងាធរពុំមានផាកពិន័យ អ្វីនោះទេ គឺគ្រាន់យកខ្លួនគាត់មកធ្វើចត្តាឡីស័ក ហើយរាប់ចាប់ពីថ្ងៃទីមួយ ឡើងវិញប៉ុណ្ណោះ»។


មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី។ រូបភាពពីគណនីហ្វេសប៊ុក លោក រ័ត្ន ដាស៊ីណង់ រដ្ឋបាលស្រុកមង្គលបូរី

បើតាមអភិបាលស្រុកមង្គលបុរី គិតត្រឹមថ្ងៃទី២៤ ខែមករានេះ មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី ទទួលពលករខ្មែរពីថៃ មកធ្វើចត្តាឡីស័កចំនួន ៦២៨នាក់ ក្នុងនោះមាន៤នាក់វិជ្ជមាន ខណៈអ្នកមួយចំនួនទៀតបានវិលត្រឡប់ទៅផ្ទះវិញ ក្រោយផុតអំឡុងពេលនៃចត្តាឡីស័ក។
 
គិតត្រឹមថ្ងៃទី២៤នេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៤៥៨ករណី ដោយ ៤០៥ករណីជាសះស្បើយ ក្នុងនោះ មានពលករខ្មែរមកពីថៃចំនួន ៨២នាក់ និងជាសះស្បើយ ៤០នាក់។ រីឯអ្នកជំងឺកំពុងសម្រាកព្យាបាល មានចំនួន ៥៣នាក់ ក្នុងនោះ ៩នាក់ក្នុងមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និង ហង់សិន, ១នាក់ក្នុងពេទ្យមិត្តភាពខ្មែរ-សូវៀត, ១នាក់ក្នុងមណ្ឌលសុខភាពចាក់អង្រែ។ ចំណែកឯ ពលករពីថៃព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យខេត្ត ក្នុងនោះ ៣០នាក់នៅក្នុងបន្ទាយមានជ័យ, ៩នាក់នៅបាត់ដំបង, ២នាក់នៅឧត្ដរមានជ័យ និង ១នាក់នៅប៉ៃលិន៕
 
 
 

Tag:
 បន្ទាយមានជ័យ
  មណ្ឌលចត្តាឡីស័កមង្គលបុរី
  ខា រិន
© រក្សាសិទ្ធិដោយ thmeythmey.com