ជាតិ
សង្គមស៊ីវិល៖ កម្មករដែលគ្មានកិច្ចសន្យាជួលផ្ទះ ឬបន្ទប់ ភាគច្រើនរងការរំលោភបំពានពីម្ចាស់ផ្ទះជួល
24, Jan 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ សហជីព និងសង្គមស៊ីវិលអះអាងថា កម្មកររោងចក្រដែលចំណាកស្រុកមកនៅទីប្រជុំជនមានបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ នៅកន្លែងស្នាក់នៅ ឬបន្ទប់ជួល។ ពួកគេបានរកឃើញថា ៩១ភាគរយ ក្នុងចំណោមកម្មករ១៥០នាក់នៃកម្មកររោងចក្រដែលមិនមានកិច្ចសន្យាជួលផ្ទះ ឬបន្ទប់ រងការគំរាមកំហែងពាក្យសម្ដី ការបៀតបៀនរាងកាយ និងការឡើងថ្លៃបន្ទប់។



របាយការណ៍ស្រាវជ្រាវរបស់សមាគមធាងត្នោត(STT), មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស(CENTRAL), សហព័ន្ធសហជីពកម្ពុជា(CATU) និងសហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) បានរកឃើញថា កម្មកររោងចក្រទទួលរងការរំលោភបំពានពីម្ចាស់បន្ទាប់ជួល ខណៈដែលពួកគេគ្មានកិច្ចសន្យាជួល។ ជាមួយគ្នាដែរ កម្មករដែលគ្មានកិច្ចសន្យាជួល គឺជួបការំលោភបំពាននេះច្រើនជាងប្រាំដង បើធៀបនឹងកម្មករជួលបន្ទប់មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ 
 
លោក ឃុន ថារ៉ូ ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL) បានលើកឡើងថា ច្បាប់សម្រាប់គ្រប់គ្រងផ្ទះជួលឬច្បាប់ភតិសន្យា បានអនុម័តដាក់ឲ្យតាំងពីឆ្នាំ២០១៥ ដើម្បីការពារការរំលោភបំពាន់ ពិសេសការដំឡើងថ្លៃ។ ប៉ុន្តែច្បាប់នេះ ហាក់គ្មានប្រសិទ្ធភាព ដូចការស្រាវជ្រាវបានបង្ហាញថាភាគច្រើនអ្នកជួលបន្ទប់រងការរំលោភបំពាន់។ 
 
អ្នកធ្វើការលើសិទ្ធិកម្មកររូបនេះ សង្កត់ធ្ងន់ថា៖ «កិច្ចសន្យាជាលាយលក្ខណ៍អក្សរ គឺធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ទៅនឹងការរំលោភបំពាន់។ តែយ៉ាងណាក៏ដោយ ការមានកិច្ចសន្យាក៏មិនអាចបញ្ឈប់បាននូវរាល់ការរំលោភបំពាន់ទាំងអស់ឡើយ ប៉ុន្តែយ៉ាងណារាជរដ្ឋាភិបាលគួរតែតម្រូវឲ្យម្ចាស់បន្ទប់ជួលមានកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរដល់អ្នកជួលទាំងអស់ ដើម្បីធានាថាសិទ្ធិរបស់អ្នកជួយបន្ទប់ត្រូវបានការពារ»។ 
 
កម្មករទាំងអស់មិនត្រឹមតែជួបការគំរាមគំហែងពាក្យសម្ដី ការដំឡើងថ្លៃបន្ទប់ និងការបៀតបៀនរាងការពីម្ចាស់ផ្ទះនោះទេ គឺពួកគេទ្រាំរស់នៅក្នុងបន្ទប់ជួលដែលមិនមានសុវត្ថិភាពទៀតផង។ នេះបើតាមការអះអាងរបស់អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ដោយបានពន្យល់ថា៖ «ម្ចាស់ផ្ទះដែលគ្មានកិច្ចសន្យាតែប្រើសម្ដីខ្លាំងៗតាមចិត្ត រាល់ពេលមានបញ្ហាដោយគិតថា ខ្លួនជាម្ចាស់ផ្ទះចង់ឲ្យអ្នកជួលបន្ទប់ចេញពេលក៏បាន ហើយខ្លះបង្កសំឡេងរំខានមិនគោលសិទ្ធិអ្នកដទៃ...ក្នុងបទសម្ភាសន៍ជាមួយកម្មករពួកគេ ជួបបទល្មើសនិងបញ្ហាជាច្រើន ព្រោះបន្ទប់គ្មានសោរចាក់ត្រឹមត្រូវហើយតូចចង្អៀតរស់នៅច្រើននាក់ បន្ទប់ទឹករួមគ្នាហើយខ្លះគ្មានអំពូលភ្លឺ ហើយផ្លូវចូលគ្មានសុវត្ថិភាពគ្មានអំពូលភ្លើង រួមទាំងគ្មានច្រកសុវត្ថិភាពនៅពេលអគ្គិភ័យកើតឡើងឡើយ»។ 
 
រីឯ ការឡើងថ្លៃបន្ទប់ លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យថា កម្មកររោងចក្រប្រមាណ២០ភាគរយ ក្នុងចំណោម១៥០នាក់ បានជួបបញ្ហានេះ ស្របពេលពួកគេឡើងប្រាក់ឈ្នួល។ កម្មករឡើងប្រាក់ឈ្នួល២ដុល្លារ ត្រូវប្រឈមការឡើងថ្លៃផ្ទះ៥ដុល្លារ និងបរិយាកាសការងារលំបាកជាងមុន។ លោកថ្លែងយ៉ាងដូច្នេះថា៖ «…មិនធ្លាប់ឃើញមានខាងស្ថាប័នពាក់ព័ន្ធណាចុះមកសម្ភាសពីអារម្មរណ៍ផ្ទាល់របស់កម្មកររោចក្រទាក់ទងនឹងការទទួលបានការដំឡើង២ដុល្លារសម្រាប់ប្រាក់ឈ្នួលនោះទេ។ មានកម្មករខ្លះនិយាយថា គាត់មិនចង់ទទួលបានការដំឡើងប្រាក់ឈ្នួល២ដុល្លារនេះទេ ព្រោះវាតិចជាងការដំឡើងថ្លៃបន្ទប់ជួល ដែលមានចំនួន៥ដុល្លារទៅទៀត។ នេះវាធ្វើឱ្យបង្កើននូវការចំណាយរបស់កម្មកររោចក្រទៅវិញ»។ 
 
ជាមួយគ្នាដែរ លោកបញ្ជាក់ថា ការដំឡើងថ្លៃផ្ទះបែបនេះ គឺខុសនឹងច្បាប់ដែលចែងនៅក្នុងច្បាប់ស្តីពីភតិសន្យា ហើយបញ្ហានេះកើតឡើងដោយសារកង្វះខាតការអនុវត្តរបស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យទង្វើខុសច្បាប់នេះនៅតែបន្តកើតមានឡើង។ 
ជុំវិញបញ្ហានេះ អ្នកស្រី យ៉ាង សុភ័ណ្ឌ ថារដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់ពង្រឹងច្បាប់ភតិសន្យានេះឡើងវិញ។ ទន្ទឹមនឹងនេះ រដ្ឋនិងសង្គមស៊ីវិលពាក់ព័ន្ធទាំងត្រូវគាំទ្រឲ្យមានការផ្សព្វផ្សាយស្ដីពីការអនុវត្តច្បាប់និងចុះអធិការកិច្ច។ ក្រៅពីនេះ អាជ្ញាធរត្រូវផ្ដល់ភ្លើងបំភ្លឺផ្លូវនៅទូទាំងរាជធានី ដើម្បីធានាថាកម្មកររោងចក្រមិនត្រូវបានកេងប្រវ័ញ្ច ហើយរស់នៅប្រកបដោយសុវត្ថិភាព។ 
សូមជម្រាបថា ប្រាក់ខែគោលអប្បបរមាកម្មកររោងចក្រឆ្នាំ២០២១នេះ គឺឡើង២ដុល្លារ ពោលគឺឆ្នាំ២០២១នេះ១៩២ដុល្លារក្នុងមួយខែ ហើយកាលពីឆ្នាំ២០២០ គឺ១៩០ដុល្លារ៕ 
 
 
 
 
 
 

Tag:
 កម្មករ
  ស្នាក់នៅ
© រក្សាសិទ្ធិដោយ thmeythmey.com