ជាតិ
កីឡាករ រិន ដេវីត គ្រងខ្សែក្រវាត់អធិរាជគុនខ្មែរ នៅសង្វៀនភីអិនអិន
24, Jan 2021 , 4:26 pm        
រូបភាព
ដោយ:
យុវជនថ្នាលជម្រើសជាតិគុនខ្មែរកីឡាករ រិន ដេវីត បានគ្រងខ្សែអធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន ក្រោយយកឈ្នះគូប្រកួតដោយពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

 
គ្រាន់តែស្នូរជួងទឹកទី១បន្លឺឡើងទាំងកីឡាករ ភួន ឡាំងកូស៊ីន ទាំងកីឡាករ រិន ដេវីត មិនបានបង្អង់ឲ្យខាតពេលវេលានោះទេ ដោយពួកគេបានប្តូរកណ្តាប់ដៃ និងប្រើជើងទាត់ដាក់គ្នាទៅវិញទៅមក។ ដេវីត ដែលដើរចូលទៅរកគូប្រកួតបានព្យាយាមទាត់ជន្ទល់របស់ ឡាំងកូស៊ីន ដែលចាំត្រងពីការដើរចូលរបស់គូប្រកួត។ 
 
ឈានដល់ទឹកទី២កីឡាករទាំងពីរនៅតែបន្តប្តូរកណ្តាប់ដៃ និងជើងដាក់គ្នាទៅវិញទៅមក ប៉ុន្តែយើងសង្កេតឃើញថា ភួន ឡាំងកូស៊ីន បានប្រើជើងធ្ងន់ទៅលើ រិន ដេវីត។ ក្នុងទឹកទី៣ ពួកគេ នៅបន្តការវាយលុកដូចទឹកទី១ និងទី២ ដដែល ដោយ ដេវីត នៅបន្តដើរចូលទៅរក ឡាំងកូស៊ីន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់យើងសង្កេតឃើញថា នៅក្នុងទឹកទាំង៣កីឡាករទាំងពីរមិនសូវប្រើកែងនោះទេ។  
 


គ្រាន់តែស្នូរជួងទឺកទី៤បន្លឺឡើងយុវជនថ្នាលជម្រើសជាតិគុនខ្មែរ រិន ដេវីត មិនបង្អង់យូរនោទេ ដោយបានដើរចូលសម្រុកទៅរកគូប្រកួត ហើយបានបោះជង្គង់ជាច្រើនទៅលើពោះទឹករបស់កីឡាករ ភួន ឡាំងកូស៊ីន ដែលធ្វើឲ្យរូបគេហាក់ថមថយកម្លាំង។ លើសពីនេះ ដេវីត បានកាច់ផ្តួល ឡាំងកូស៊ីន ជាច្រើនលើកផងដែរនៅក្នុងទឹកនេះ។  
 
ខុសពីទឹកមុនៗ នៅទឹកទី៥ ដែលជាទឹកចុងក្រោយកូនសិស្សរបស់លោក សាន់ សៅយ៉ាន់ កីឡាករ ភួន ឡាំងកូស៊ីន បានប្តូរយុទ្ធសាស្ត្រដោយដើរចូលទៅរកគូប្រកួតវិញម្តង។ ឡាំងកូស៊ីន បានព្យាយាមប្រើកែងជាច្រើនទៅលើកីឡាករ រិន ដេវីត ដែលព្យាយាមចាប់ឱបដើម្បីប្រើជង្គង់ ដែលជាយុទ្ធសាស្ត្រ ដែលរូបគេធ្លាប់ប្រើមានប្រសិទ្ធិភាពទៅលើគូប្រកួតនៅទឹកទិ៤។ 
 
ក្រោយចប់ការប្រកួត៥ទឹក ចៅក្រមបានផ្តល់ពិន្ទុឈ្នះចាញ់មិនឯកច្ឆន្ទ ដោយផ្តល់ជ័យជម្នះឲ្យកីឡាករ រិន ដេវីត លើកីឡាករ ភួន ឡាំងកូស៊ីន ៤-១។ ជ័យជម្នះនេះ ដេវីត ទទួលបានខ្សែក្រវាត់មួយ អមជាមួយថវិកាលើកទឹកចិត្តចំនួន៣០លានរៀល ខណៈ ឡាំងកូស៊ីន ទទួលបាន១០លានរៀល។ ពិធីប្រគល់ខ្សែក្រវាត់ និងថវិកាលើកទឹកចិត្តនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ៕ 






 

© រក្សាសិទ្ធិដោយ thmeythmey.com