អន្តរជាតិ
ចិន បានជួយសង្រ្គោះកម្មករជីករ៉ែមាសចំនួន ១១នាក់ ដែលបានជាប់នៅក្នុងដីរយៈពេល ១៤ថ្ងៃ
24, Jan 2021 , 4:59 pm        
រូបភាព
ក្រុមអ្នកជួយសង្រ្គោះ ជួយបានអ្នកជាប់នៅក្នុងដីម្នាក់។ រូបភាព៖ AP
ក្រុមអ្នកជួយសង្រ្គោះ ជួយបានអ្នកជាប់នៅក្នុងដីម្នាក់។ រូបភាព៖ AP
គិតត្រឹមថ្ងៃទី២៤ ខែមករា ក្រុមអ្នកជួយសង្រ្គោះចិន បានជួយកម្មករជីករ៉ែមាស ចំនួន ១១នាក់ហើយ បន្ទាប់ពីជាប់នៅក្នុងដីចំនួន ១៤ថ្ងៃ ដោយសារតែការផ្ទុះនៅក្រោមដីមួយ នៅថ្ងៃទី១០ ខែមករា។



មនុស្សចំនួន ២២នាក់ បានជាប់ក្នុងដីជម្រៅ ៦០០ម៉ែត្រ នៅកន្លែងជីករ៉ែHushan ក្នុងតំបន់Qixia ដែលជាកន្លែងផលិតមាសដ៏សំខាន់មួយ ក្នុងខេត្តShandong ប្រទេសចិន។ បន្ទាប់ពីមានករណីផ្ទុះនៅក្រោមដី កម្មកររ៉ែមាស ១នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួនជាង ២១នាក់ផ្សេងទៀត បានជាប់នៅក្នុងដី។ 
 
នៅថ្ងៃទី២៤ ខែមករា ក្រុមអ្នកជួយសង្រ្គោះ បានជួយមនុស្សចំនួន ១១នាក់ហើយ។ ដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ជួយបានមនុស្ស ១នាក់ ដោយមានសភាពខ្សោយខ្លាំង និងបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ ប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរ បានជួយសង្រ្គោះបានចំនួន ១០នាក់បន្ថែមទៀត។ ក្នុងចំណោម ១០នាក់នេះ មានមនុស្ស ១នាក់រងរបួស និងអ្នកផ្សេងទៀត អាចដើរបាន។ កន្លងមកអ្នកទាំង ១០នាក់នេះ បានទទួលអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត ពីក្រុមអ្នកជួយសង្រ្គោះ។  
 
ចំណែកអ្នកជាប់នៅក្នុងដី ១០នាក់ទៀត កំពុងត្រូវបានអាជ្ញាធរជួយសង្រ្គោះ ប៉ុន្តែគេមិនទាន់ដឹងថា នៅរស់ឬស្លាប់នៅឡើយទេ។ បើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua អ្នកជួយសង្រ្គោះចំនួន ៦០០នាក់ កំពុងជួយសង្រ្គោះអ្នកជាប់នៅក្រោមដីផ្សេងទៀត៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com