ជាតិ
កញ្ញា ង៉ែត ស៊ីណែត៖ ទោះឡើងភ្នំមានផលលំបាកបន្តិច តែអាចទទួលបទពិសោធន៍ថ្មី
24, Jan 2021 , 11:29 pm        
រូបភាព
ដោយ:
ពោធិ៍សាត់៖ ការឡើងភ្នំខ្ពស់ៗ មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសសម្រាប់មនុស្សស្រីតែម្ដង ប៉ុន្តែសម្រាប់កញ្ញា ង៉ែត ស៊ីណែត ការឡើងភ្នំអាចឲ្យកញ្ញាទទួលបានបទពិសោធន៍ថ្មី។ កញ្ញា ង៉ែត ស៊ីណែត លើកឡើង ថា ទេសចរគួរសាកល្បងផ្សងព្រេងម្ដង ក្រៅពីការដើរកម្សាន្តបែបងាយស្រួល ព្រោះទេសចរនឹងអាចមើលឃើញទេសភាពព្រៃភ្នំយ៉ាងប្លែកភ្នែក។



ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញ លោក អ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយអ្នកសារព័ត៌មានThmeyThmey25 និង កញ្ញា ង៉ែត ស៊ីណែត មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដូចតទៅ៖ 

 
កញ្ញា ង៉ែត ស៊ីណែត ដែលធ្លាប់មានបទពិសោធន៍ឡើងភ្នំទំព័រ និងភ្នំតាក្រហមក បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ថាកញ្ញាត្រូវចំណាយពេល២ថ្ងៃ ៣យប់ ពេលឡើងភ្នំនីមួយៗ។ សម្រាប់ការឡើងភ្នំនេះ អ្វីដែលលំបាកសម្រាប់កញ្ញាគឺ កន្លែងដំណេក និងការផ្លាស់សម្លៀកបំពាក់។ 
 
កញ្ញា ស៊ីណែត លើកឡើងដូច្នេះថា៖ «ខ្ញុំជាកូនអ្នកស្រែស្រាប់អ៊ីចឹងសត្វទាក ខ្ញុំអត់សូវខ្លាចទេ។ អ្វីដែលលំបាកនោះ យើងជាមនុស្សស្រី ពិបាកក្នុងការផ្លាស់ខោអាវ ហើយយើងទៅសម្រាកក្នុងអង្រឹងផង។ មនុស្សស្រីបើដើរព្រៃ មានតង់សម្រាប់សម្រាកគឺងាយស្រួលជាង»។
 
ទោះជួបលំបាកយ៉ាងនេះក្ដីតែ កញ្ញា ស៊ីណែត យល់ថាកញ្ញាអាចទទួលបានបទពិសោធន៍ថ្មី និងមានអារម្មណ៍ខុសប្លែកពីការដើរកម្សាន្តតាមរមណីយដ្ឋាន។ កញ្ញាបញ្ជាក់ដូច្នេះថា៖ « ពេលដើរឡើងគឺវាហត់ ប៉ុន្តែពេលយើងឡើងទៅដល់កន្លែងដែលមានទេសភាពស្អាត គឺភ្លេចអស់ភាពនឿយហត់។ ពេលយើងឡើងភ្នំទំព័រគឺយើងអាចមើលឃើញទេសភាពស្រុកវាលវែងទាំងមូលតែម្ដង ហើយបើឡើងភ្នំតាក្រហមកយើងអាចមើលឃើញស្រុកក្រគរ និងស្រុកភ្នំក្រវាញ »។ 
 
កញ្ញា ង៉ែត ស៊ីណែត យល់ថាទេសចរដែលធ្លាប់តែទៅកម្សាន្តនៅតាមរមណីយដ្ឋាន គួរសាកល្បងឡើងភ្នំម្ដង ព្រោះទេសចរនឹងអាចមើលឃើញទេសភាពព្រៃភ្នំ ធម្មជាតិ ដែលមានភាពប្លែកភ្នែក និងអាចដកស្រង់បទពិសោធន៍ថ្មីផងដែរ៕
 

Tag:
 ទេសចរណ៍ផ្សងព្រេង
  ង៉ែត ស៊ីណែត
  ពោធិ៍សាត់
  សម្ភាស
  វីដេអូ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com