ជាតិ
«​ផ្លូវ​កង់​»​នៅ​រមណីយដ្ឋាន​អង្គរ ជា​ផលិតផល​ទេសចរណ៍​ថ្មី​បែប​សុខភាព​សម្រាប់​ទេសចរ​
25, Jan 2021 , 9:19 pm        
រូបភាព
លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​(​កណ្តាល​)​កំពុងផ្តល់​បទ​សម្ភាស​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៤​មករា​។ រូបថត​៖ ផាត ដា​ណេ​
លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​(​កណ្តាល​)​កំពុងផ្តល់​បទ​សម្ភាស​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៤​មករា​។ រូបថត​៖ ផាត ដា​ណេ​
​សៀមរាប​៖ «​ផ្លូវ​កង់​» ដែលមាន​ប្រវែង​សរុប​២៣​គីឡូម៉ែត្រ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រៅពី​បង្កើតឡើង​គោលដៅ​បម្រើ​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ  ក៏​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ផងដែរ​។ បើតាម​ប្រសាសន៍​របស់លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា «​ផ្លូវ​កង់​»​នេះ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​បែប​សុខភាព សម្រាប់​ភ្ញៀវទេសចរ មកកាន់​តំបន់​រមណីយដ្ឋាន​អង្គរ នៃ​ខេត្តសៀមរាប​។

 
​សូម​អញ្ជើញលោក​អ្នកទស្សនា​វីដេអូ ខាងក្រោម​ដូចតទៅ​៖ 
 
​តាមរយៈ​ផលិតផល​ទេសចរណ៍​ថ្មី​នៅ​តំបន់​អង្គរ​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នឹង​ទទួលបាន​បទពិសោធន៍ រួមទាំង​បរិយាកាស​ដ៏​ល្អ ដែល​អម​ទៅដោយ​ព្រៃព្រឹក្សា និង​ប្រាសាទបុរាណ​នានា ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ហង់ ពៅ នៅក្នុង​ដំណើរ​ដឹកនាំ​ក្រុមការងារ​ជិះ​កង់​សាកល្បង​លើផ្លូវ​កង់​ថ្មី នា​ព្រឹក​ថ្ងៃទី​២៤​មករា​។​
 
​សម្រាប់​ផ្លូវ​កង់​នេះ មាន​ភាពបត់បែន​តាម​ធម្មជាតិ និង​បត់បែន​តាម​ដើមឈើ​តូចធំ ចាប់ពី​ចំណុច​ផ្លូវលំ​ក្បែរ​កន្លែង​ត្រួតពិនិត្យ​សំបុត្រ​ចាស់ លើផ្លូវ​ហ្សា​ល​ដឺ​ហ្គោល កាត់​តាម​ក្រោយ​អង្គរវត្ត កាត់​តាម​ប្រាសាទ​ក្រវ៉ាត់ ឆ្ពោះទៅ​ខាងកើត​ប្រាសាទបន្ទាយក្ដី កាត់​តាម​ប្រាសាទតាព្រហ្ម រហូតដល់​ស្ពាន​ប្រាសាទតាកែវ​។ ចំណែក​ផ្លូវ​វង់​ធំ ផ្លូវ​កង់​នេះ​ផ្តើម​ពី​ស្រះស្រង់ កាត់​តាម​ប្រាសាទប្រែរូប រហូតដល់​ខ្លោងទ្វារ​ដី​ឆ្នាំង​។​


លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​(​អាវ​ក្រហម​) កំពុង​ជិះ​កង់​លើផ្លូវ​កង់ នា​ព្រឹក​ថ្ងៃទី​២៤​មករា​។ រូបថត​៖ ផាត ដា​ណេ​ 

​ជាមួយគ្នានេះ លោក រឿន រដ្ឋា ដែលជា​អ្នក​ចូលចិត្ត​ជិះ​កង់​បែប​កីឡា និង​កម្សាន្ត​ផង​នោះ បានបង្ហាញ​ការ គាំទ្រ​ជាខ្លាំង ចំពោះ​សមិទ្ធផល​ថ្មី​មួយ​នេះ ដែល​ផ្តល់នូវ​ភាពងាយស្រួល​, សុវត្ថិភាព និង​ស្រស់ស្រាយ​ល្អ​សម្រាប់​ពលរដ្ឋ ក៏​ដូច​ភ្ញៀវទេសចរ​។​
 
«​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មកលេង​សៀមរាប គួរតែ​ចំណាយពេល​មួយ​ថៃ្ង សម្រាប់​ការ​ជិះ​កង់​ហ្នឹង ព្រោះ​យើង​អាចមាន​បទពិសោធន៍​ថ្មី នៅក្នុង​ដំណើរ​កម្សាន្ត បូកផ្សំ​ជាមួយនឹង​ការ​ហត់​ប្រាណ ផងដែរ​»​។ នេះ​ជាការ​ណែនាំ​របស់លោក រដ្ឋា នៅក្នុង​ដំណើរ​កម្សាន្ត​ជិះ​កង់ នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​អង្គរ ជាមួយ​មិត្តភក្តិ​។ 
​យុវជន សាន ផល​លីន ដែលជា​ភ្ញៀវទេសចរ​មកពី​រាជធានី​ភ្នំពេញ ក៏​ពេញ​ចិត្តនឹង​ការបង្កើត​ផ្លូវ​កង់​នេះដែរ​។ សម្រាប់​យុវជន សាន ផល​លីន ផ្លូវ​កង់​នេះ​មិន​ត្រឹមតែ​ផ្តល់​ឲ្យ​ការធ្វើដំណើរ​របស់​ទេស​ចរ និង​ពលរដ្ឋ​កាន់តែ​ងាយស្រួល និង​សុវត្ថិភាព​នោះទេ តែ​ថែមទាំង​បាន​គយគន់​នូវ​ទេសភាព​ធម្មជាតិ នៅ​ជុំវិញ​តំបន់​អង្គរ​ទៀត​។ 


លោក ហង់ ពៅ (​កណ្តាល​)​ដឹកនាំ​ក្រុមការងារ ជិះ​កង់​លើផ្លូវ​កង់ នា​ព្រឹក​ថ្ងៃទី​២៤​មករា​។ រូបថត​៖ អាជ្ញាធរ​ជាតិ​អប្សរា​

​សូមជម្រាបថា ផ្លូវ​កង់​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ នឹង​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៧​មករា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ ឯកអគ្គរដ្ឋទូត​ជប៉ុន និង​បារាំង​ប្រចាំ​កម្ពុជា ដែលជា​សហប្រធាន ICC​អង្គរ និង លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕


  ផ្លូវ​កង់​នៅ​រមណីយដ្ឋាន​អង្គរ​។ រូបថត​៖ អាជ្ញាធរ​ជាតិ​អប្សរា​
 

Tag:
 ផ្លូវ​កង់​
  រមណីយដ្ឋាន​អង្គរវត្ត​
  លោក ហង់ ពៅ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com