COVID-19
អន្តរជាតិ
តៃវ៉ាន់ ឱ្យ​ប្រជាជន​ខ្លួន​ជាង​៥​ពាន់​នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ផ្ទុះ​ករណី​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​មួយ​
25, Jan 2021 , 3:28 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ដោយ ឈួន ឈី​វ​អ៊ីង
 
​តៃវ៉ាន់ នឹងធ្វើ​ច​ត្តា​ឡី​ស័ក​ប្រជាជន​ខ្លួន​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ប្រមាណ ៥​ពាន់​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល លោក Chen Shih –chung នៅ​ថ្ងៃទី​២៤ ខែមករា​។ វិធានការ​នេះ ធ្វើឡើង ស្របពេល​រដ្ឋាភិបាល​តៃវ៉ាន់ ព្យាយាម​គ្រប់គ្រង​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​ករណី​ឆ្លង​នៅ​មន្ទីរពេទ្យក្រុង Taoyuan ។

 
​កន្លងទៅ តៃវ៉ាន់ បាន​គ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ​ដោយសារ​វិធានការ​មាន​ប្រសិទ្ធភាព និង​បាន​ទាន់ពេលវេលា​។ យ៉ាងណាមិញ ករណី​ផ្ទុះ​ជំងឺ​នេះ​នៅឯ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង Taoyuan នៅ​ភាគ​ខាងជើង​ដែន​កោះ​នេះ កំពុង​បង្កឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង ដែល​តម្រូវឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តឹងរ៉ឹង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Chen Shih-chung រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់​និយាយថា ចំនួន​ប្រជាជន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ អាច​នឹងមាន​ដល់​ទៅ​៥​ពាន់​នាក់​។ ពួកគេ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​ដែល​ផ្ទុក​កូ​វីដ​-១៩ ក្នុង​មន្ទីរពេទ្យ​នៅ​ក្រុង​ខាងលើ​។ លោក​បន្តថា មនុស្ស​១៣០០​នាក់​ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​រដ្ឋាភិបាល​កំពុង​ធ្វើតេស្ត​ជា​បន្តទៀត​ចំពោះ​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់នោះ​។​
 
​មិនមែនជា​រឿង​ប្លែក​សម្រាប់​វិធានការ​ខ្លាំង​បែបនេះ​នៅ​តៃវ៉ាន់​។ ដែន​កោះ​នេះ ប្រកាន់​ជំហរ​ប្រុងប្រយ័ត្ន​នៅពេល​មាន​ករណី​ឆ្លង ទោះ​មួយ​ករណី​ក៏ដោយ​។ តៃវ៉ាន់ មាន​ប្រព័ន្ធ​តាមដាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ត្រួតពិនិត្យ​លើ​អ្នក​ដែល​ទាក់ទង​ករណី​វិជ្ជមាន ហើយ​ក៏មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក  និង​ការដាក់ពិន័យ​ដ៏​តឹងរ៉ឹង​ដែរ​។ កន្លងទៅ អ្នក​ល្មើស​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​គ្រាន់តែ​ចេញ​បន្ទប់ ត្រូវ​បង់ប្រាក់​ពិន័យ​យ៉ាងច្រើន​។ 
 
​គួររំឭកថា ដោយសារ​តែមាន​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​មន្ទីរពេទ្យ​ដដែល​នេះ តៃវ៉ាន់ ក៏​សម្រេច​រំសាយ​កម្មវិធី​បុណ្យ​គោម​ធំ​មួយ​ដែល​នឹងត្រូវ​ធ្វើឡើង​នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ​។ តៃវ៉ាន់​មាន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​តែ ៩៥ នាក់​ក្នុងចំណោម​ករណី​វិជ្ជមាន​សរុប​ចំនួន​៨៨៩​នាក់ និង​មាន​ករណី​ស្លាប់​ចំនួន​៧​នាក់​៕
 
 
 
 

Tag:
 តៃវ៉ាន់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com