ជាតិ
ក្រសួង​ព័ត៌មាន បង្កើត​គណៈកម្មការ​វាយតម្លៃ​«​ពានរង្វាន់​ដឹងគុណ​ចំពោះ​អ្នកសារព័ត៌មាន​៥​ទសវត្សរ៍​»
25, Jan 2021 , 4:18 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បានសម្រេច​បង្កើត​គណៈ​កម្ម​ការវាយតម្លៃ លើ​ការផ្ដល់​«​ពានរង្វាន់​ដឹងគុណ​ចំពោះ​អ្នកសារព័ត៌មាន​៥​ទសវត្សរ៍ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​២០១០»​។ សមាសភាព​គណៈកម្មកា​រ​នេះ គឺ​មកពី​ស្ថាប័ន​ព័ត៌មាន​ផ្សេងៗ​គ្នា​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តី​ច​សម្រេច​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​២២ មករា​។​


​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា គណៈកម្មការ​វាយតម្លៃ​នេះ មាន​ភារកិច្ច​ជ្រើសរើស និង​កំណត់​បញ្ជី​ឈ្មោះ​បេក្ខភាព​សម្រាប់​វាយតម្លៃ , កំណត់​គោលការណ៍ លក្ខខណ្ឌ​សម្រាប់​វាយតម្លៃ និង​ផ្ដល់​ពិន្ទុ​សម្រាប់​ជ្រើសរើស​ជ័យលាភី ផ្នែក​លើ​គុណវុឌ្ឍិ​ការងារ ប្រវត្តិ​ការងារ ការបណ្ដុះបណ្ដាល និង​បំពេញការងារ​កន្លងមក​។​
 
​បន្ថែម​ពីនេះ​គណៈកម្មការ ត្រូវ​ពិនិត្យ វាយតម្លៃ និង​ជ្រើសរើស​ជ័យលាភី​៥​រូប ក្នុងចំណោម​អ្នកសារព័ត៌មាន​សម្រិត​សម្រាំង​រួច ចំនួន​១២​រូប ដោយមាន​ប្រវត្តិ​សិក្សា និង​ការងារ​ជា​លាយលក្ខណ៍អក្សរ​ជាដើម​។ នេះ​បើតាម​ក្រសួង​ព័ត៌មាន​។​
 
​សមាភាព​គណៈកម្មការ​ទាំងនោះ​រួមមាន លោក អ៊ុក គឹម​សេង អនុ​រដ្ឋលេខា​ធិការក្រសួង​ព័ត៌មាន ជា​ប្រធាន​គណៈកម្មការ​។ លោក គី សុខ​លីម ចាងហ្វាង​ការផ្សាយ​របស់​សារព័ត៌មាន​ថ្មីៗ អនុប្រធាន​។ ក្រៅពីនោះ ក៏មាន​លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា លោក ទៀ សូផាត និពន្ធ​នាយក​សារព័ត៌មាន​ត្នោត TNAOT APP និង​លោក ងួន ច័ន្ទ​មុនី ស្ថាបនិក​អង្គភាព​សារព័ត៌មាន Fresh News ជា​សមាជិក​។​
 
​កន្លងមក​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា កម្មវិធី​ផ្តល់​«​ពានរង្វាន់​ដឹងគុណ​»​នេះ រៀបចំឡើង​ដើម្បី​រម្លឹក​គុណ​ដល់​ការលះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី របស់​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា ចាប់ពី​ទស្សវត្សរ៍ ឆ្នាំ​១៩៧០ ដល់​បច្ចុប្បន្ន​។  
 
​បើតាម​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន «​ពានរង្វាន់​ដឹងគុណ​» នឹង​ផ្ដល់ជូន​អ្នកសារព័ត៌មាន នៅក្នុង​ឆ្នាំ​១៩៧០ ឆ្នាំ​១៩៨០ ឆ្នាំ​១៩៩០ ឆ្នាំ​២០០០ និង​ឆ្នាំ​២០១០​។  លោក​បាន​បញ្ជាក់ថា សម្រាប់​ទសវត្សរ៍​នីមួយៗ នឹងត្រូវ​ជ្រើសរើស​អ្នកសារព័ត៌មាន​ចំនួន​២​នាក់ ដោយ​មួយម្នាក់​ទទួល​ពានរង្វាន់​ដឹងគុណ និង​ម្នាក់ទៀត​នឹង​ទទួល​រង្វាន់​កិត្តិយស​។​
 
​សម្រាប់​កម្ម​វី​ធី​ផ្តល់​«​ពានរង្វាន់​ដឹងគុណ​»​ដល់​អ្នកសារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ចុងខែ​មីនា ឬ​ដើមខែ​មេសា ឆ្នាំ​២០២១​។ នេះ​គឺជា​កម្មវិធី​លើក​ទី​១ ដែល​ក្រសួង​ព័ត៌មាន​រៀបចំឡើង ហើយ គ្រោង​នឹង​រៀបចំ​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ផងដែរ​។​
 
 
 

Tag:
 អ្នកសារព័ត៌មាន​
  ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com