រថយន្ត
អន្តរជាតិ
Maya Weug ជាស្ត្រីដំបូងដែលក្លាយជាសមាជិកកម្មវិធីថ្នាល Ferrari Driver Academy
25, Jan 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
វ័យត្រឹម១៦ឆ្នាំ Maya Weug បានបង្កើតប្រវត្តិសាស្ត្រក្នុងពិភពកីឡាប្រណាំងរថយន្ត ដោយនាងក្លាយជាសមាជិកស្ត្រីដំបូងបំផុតក្នុងកម្មវិធីថ្នាល Ferrari Driver Academy (FDA) បន្ទាប់ពីបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៍  Girls on Track-Rising Stars ដែលសហការរៀបចំដោយ Ferrari និងសហព័ន្ធយានយន្តអន្តរជាតិ (FIA)។

 
Weug កើតនៅក្នុងប្រទេសអេស្ប៉ាញ ដោយមានម្តាយជាជនជាតិបែលហ្ស៊ិក និងឪពុកជាជនជាតិហូឡង់។ នាងបានយកឈ្នះកីឡាការិនីបារាំង Doriane Pin អាយុ១៧ឆ្នាំ, Antonella Bassani អាយុ១៤ឆ្នាំ និង Julia Ayoub អាយុ១៥ឆ្នាំ មកពីប្រេស៊ីល ក្នុងការប្រកួត Girls on Track-Rising Stars នៅទីលាន Scuderia ក្រុង Maranello ប្រទេសអ៊ីតាលី។
 
 
Ferrari Driver Academy (FDA) ត្រូវបានផ្តួចផ្តើមដំបូងកាលពីឆ្នាំ២០០៩ ដោយក្រុមហ៊ុនផលិត និងប្រណាំងរថយន្ត Scuderia Ferrari។ កម្មវិធីនេះ មានគោលដៅជ្រើសរើសយុវជនដែលមានទេពកោសល្យ ដើម្បីពង្រឹងសមត្ថភាពឲ្យពួកគេក្លាយជាអ្នកប្រណាំងរថយន្ត Formula 1 អាជីព ដោយកន្លងមក សុទ្ធតែជាយុវជន។
 
 
ការសម្រេចជ្រើសរើសយកកីឡាការិនី Weug មិនមែនផ្អែកតែល្បឿនប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមអ្នកជំនាញ FDA តាមដានសង្កេតយ៉ាងដិតដល់លើកត្តាផ្សេងៗជាច្រើនទៀត នាអំឡុងនៃព្រឹត្តិការណ៍ Girls on Track-Rising Stars។
 
Weug បានចាប់ផ្តើមបើកបររថយន្ត Kart លើកដំបូងនាអាយុ៧ឆ្នាំ ដោយមានកីឡាករម៉ូណាកូ Charles Leclerc អតីតសមាជិក FDA ជានិមិត្តរូប។ Charles Leclerc អាយុ២៣ឆ្នាំ បច្ចុប្បន្នបើកឲ្យ Ferrari ស្ថិតក្នុងចំណោមកីឡាករ Formula One ៤រូបដែលបានវិវត្តខ្លួនពី Academy។
 



ក្នុងនាមជាសមាជិកស្ត្រីដំបូងរបស់ FDA កីឡាការិនី Weug នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួត F4 Championship នៅឆ្នាំ២០២១នេះ។ «ខ្ញុំនឹងមិនបំភ្លេចថ្ងៃនេះឡើយ ខ្ញុំរីករាយខ្លាំងណាស់ដែលក្លាយជាស្ត្រីដំបូងក្នុងកម្មវិធី Ferrari Driver Academy។ ខ្ញុំនឹងខំប្រឹងប្រែងដើម្បីសាងទំនុកចិត្តដល់អ្នកដែលជឿជាក់មកលើខ្ញុំ»។ កីឡាការិនីវ័យក្មេងហូឡង់ បានបញ្ជាក់យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយគេហទំព័រផ្លូវការរបស់ Ferrari។
 
ស្ត្រី៥រូបធ្លាប់មានឈ្មោះក្នុងការប្រកួតកម្រិត F1។ កីឡាការិនីអ៊ីតាលី Maria Teresa de Filippis ជាកីឡាការិនីដំបូងគេដែលធ្លាប់ចូលរួម Grands Prix ៥លើកចន្លោះឆ្នាំ១៩៥៨ និង១៩៥៩។ បន្ទាប់មកកីឡាការិនីអ៊ីតាលីមួយរូបទៀត គឺ Lella Lombardi ដែលបានចូលរួម Grands Prix ១៧លើកពីឆ្នាំ១៩៧៤-៧៦ ហើយក្លាយជាកីឡាការិនីដំបូងដែលរកបានពិន្ទុក្នុង World Championship។
 
កីឡាការិនីផ្សេងទៀតរួមមាន Divina Galica កីឡាការិនីតែម្នាក់គត់ពីចក្រភពអង់គ្លេសដែលបានបង្ហាញខ្លួនក្នុង Grands Prix ៣លើកចន្លោះឆ្នាំ១៩៧៦ និង១៩៧៨។ Desire Wilson កីឡាការិនីអាហ្វ្រិកខាងត្បូង និងជាកីឡាការិនីតែម្នាក់គត់ពីអាហ្វ្រិកដែលមានវត្តមាននៅ Grand Prix ១លើកនៅឆ្នាំ១៩៨០ និងចុងក្រោយគេ គឺកីឡាការិនីអ៊ីតាលី Gionvanna Amati ដែលបានចូលរួមក្នុង Grands Prix ៣លើកនៅឆ្នាំ១៩៩២៕


 
 

© រក្សាសិទ្ធិដោយ thmeythmey.com