ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ​៖ មុខជំនាញ STEM ជួយ​ឲ្យ​យុវជន​មានការ​ងារ​ល្អ និង​នាំ​កម្ពុជា​ឆ្ពោះទៅ​បច្ចេកវិទ្យា​ទំនើប​
25, Jan 2021 , 9:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែមករា ​បានថ្លែងសន្ទរកថា ក្នុងពិធីបើកមហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២9 ខែមករា ឆ្នាំ២០២១
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែមករា ​បានថ្លែងសន្ទរកថា ក្នុងពិធីបើកមហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២9 ខែមករា ឆ្នាំ២០២១
ដោយ:
​ភ្នំពេញ​៖ មុខជំនាញ​STEM (​បច្ចេកវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និង​គណិតវិទ្យា​) ជា​មុខវិជ្ជា​ដ៏​សំខាន់ ដែល​អាច​ជំរុញ​ឲ្យ​កម្ពុជា ឆ្ពោះទៅរក​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​។ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​មហា​ស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥-២៩ ខែមករា​។

 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការអប់រំ​ផ្នែក​STEM គឺមាន​សារសំខាន់​សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​ខាងមុខ ដើម្បី​ជំរុញ​ឲ្យ​គ្រប់​វិស័យ​នៅ​កម្ពុជា​ទាំងអស់ បោះជំហាន​ទៅ​តាមបែប​បច្ចេកវិទ្យា ប្រកបដោយ​គុណភាព​។​
 
«​ការបន្ត​អភិវឌ្ឍន៍​សមត្ថភាព​ត្រៀមខ្លួន​ដើម្បី​អនាគត គឺ​អាស្រ័យ​លើ​កម្លាំងចលករ​ចំពោះ​ជំនាញ​ទាំងនេះ ដើម្បី​រួមចំណែក​យ៉ាង​ពេញលេញ​លើ​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច ដែល​អាស្រ័យ​លើ​ការប្រើប្រាស់​ចំណេះដឹង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​អប់រំ ដោយ​បញ្ជាក់ថា ក្រសួង​អប់រំ​បាន​ពង្រឹងសមត្ថភាព​គ្រូបង្រៀន លើ​ជំនាញ​STEM ដោយ​ដាក់បញ្ចូល​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​នៅក្នុង​សាលារៀន ដើម្បី​ឲ្យ​វិស័យ​អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត​ឆ្ពោះទៅរក​ប្រព័ន្ធ​បច្ចេកវិទ្យា​។ 
 
​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា តាមរយៈ​កម្មវិធី​ស្ទែ​ម ដែល​រៀបចំ​ជា​រៀងរាល់ឆ្នាំ​ម្តងនេះ ក៏​ជា​ផ្លូវ​មួយ​សម្រាប់​ផ្តល់​ចំណេះដឹង និង​ស្មារតី​ដល់​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​ជំនាញ​មួយ​នេះ​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖«​មហា​ស្រព​ស្ទែ​ម​នៅ​ឆ្នាំនេះ នឹង​ល្បង​សមត្ថភាព​យុវជន​នៅ​កម្ពុជា​យើង​ឲ្យ​ចេះ​ប្រើប្រាស់​ជំនាញ​ស្ទែ​ម ដើម្បី​ជួយ​ឲ្យ​ប្រទេសជាតិ​ក្នុងការ​ត្រៀមលក្ខណៈ​នៅ​ថ្ងៃ​ខាងមុខ​»​។ 
 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ បាន​និយាយថា កម្ពុជា​ត្រូវការ​អ្នកជំនាញ​ផ្នែក​ស្ទែ​ម ដើម្បី​ឲ្យ​កម្ពុជា​អាចឈាន​ទៅរក​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បាន​។ «​ប្រទេស​កម្ពុជា​យើង​ត្រូវការ​អ្នកជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និង​គណិតវិទ្យា អ្នកជំនាញ​ផ្នែក​បម្រែបម្រួល​អាកាសធាតុ អ្នក​បច្ចេកវិទ្យា វិស្វករ វេជ្ជបណ្ឌិត គិ​លា​នុប​ដ្ឋា និង​គិលានុបដ្ឋាយិកា​ជាច្រើន​នាក់​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​អប់រំ​។​
 
​បើតាម​រដ្ឋមន្ត្រី​អប់រំ កាលណា​សិស្ស និស្សិត និង​យុវជន​មាន​ជំនាញ​ស្ទែ​ម​នេះ​ច្បាស់លាស់ នឹងធ្វើ​ឲ្យ​ពួកគេ​មានការ​ងារ​ដ៏​ល្អ​ត្រឹមត្រូវ​មួយ និង​រួមចំណែក​ឲ្យ​សង្គម​កម្ពុ​ជាមាន​ភាព​រី​ក​ចម្រើន​។ លោក​មានប្រសាសន៍ថា​៖«​មុខវិជ្ជា​ទាំងនេះ​នឹង​ជួយ​ឲ្យ​ក្មួយៗ​មាន​ជំនាញ និង​ការងារ​ល្អៗ ព្រមទាំង​ចូលរួមចំណែក​ប្រកបដោយ​អត្ថន័យ​ខ្ពស់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​កសាង​អនាគត​កម្ពុជា​យើង​ឲ្យ​កាន់តែ​ត្រ​ចេះ​ត្រចង់ និង​រុងរឿង​ថែមទៀត​»​។​
 
​គួរ​បញ្ជាក់ថា មុខវិជ្ជា​STEM គឹ​ផ្ដោតទៅលើ​ផ្នែក​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និង​គណិតវិទ្យា​៕ 

Tag:
 ស្ទែ​ម​
 ​បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com