Bruno Fernandes យល់ច្បាស់ពីការមិនសប្បាយចិត្តរបស់ Donny van de Beek ដែលបណ្តាលមកពីមិត្តរួមក្រុមរូបនេះមិនទទួលបានពេលវេលាលេងគ្រប់គ្រាន់សម្រាប់ក្រុម Manchester United និងការដាក់ឱ្យលេងនៅទីតាំងខុសពីទម្រង់ក្ដី។ Fernandes អះអាងថា បើសិនខ្លួន ត្រូវដាក់ឲ្យលេងនៅទីតាំងដូច Van de Beek ក៏មិនសប្បាយចិត្តដែរ។
Van de Beek ខ្សែបម្រើរអន្តរជាតិហូឡង់ បានបង្ហាញខ្លួនជាលើកទី១០សម្រាប់ក្រុមបិសាចក្រហមដូវកាលនេះ ក្នុងជំនួបដែល Man Utd យកឈ្នះ Liverpool ក្នុងពានរង្វាន់ FA Cup ជុំទី ៤ នៅរាត្រីថ្ងៃទី២៤ ខែមករា។
ក្នុងជំនួបនេះ អតីតកីឡាករ Ajax បានព្យាយាមធ្វើឱ្យបានល្អដ្បិតជាប់ជម្រើស១១ដំបូងរបស់លោក Ole Gunnar Solskjaer នៅ Old Trafford ប៉ុន្តែទោះយ៉ាងណារូបគេទប់បាល់បាន ២៣លើក និងព្យាយាមប៉ះទៅឲ្យដៃគូតែ១៨ដងប៉ុណ្ណោះ មុនពេលត្រូវប្តូរចេញនៅនាទី៦៦។
Fernandes ដែលចូលជំនួស Van de Beek ត្រូវបានគេមើលឃើញថា បានប្រែរបៀបលេងរបស់បិសាចក្រហមទាំងស្រុង និងថែមទាំងជួយក្រុមទទួលបានជ័យជម្នះលើក្រុម Liverpool ក្នុងលទ្ធផល ៣-២ តាមរយៈការស៊ុតបាល់ពិន័យ Free-kick នៅ១២នាទីក្រោយប្តូរចូល។
នៅមុនពេលប្រកួត FA Cup ជុំទី៤នេះ លោក Solskjaer បានសារភាពថា Van de Beek មិនសប្បាយចិត្តនោះទេព្រោះបានលេងតិចតួចបំផុតចាប់តាំងពីផ្លាស់ពី Ajax ក្នុងតម្លៃ៥៤លានដុល្លារកាលពីដើមរដូវកាល។ ជុំវិញករណីនេះ Fernandes បានបង្ហាញក្តីអាណិតអាសូរចំពោះមិត្តរួមក្រុមរូបនេះយ៉ាងខ្លាំង។
ខ្សែបម្រើដែលលេចធ្លោសញ្ជាតិព័រទុយហ្គាល់បានប្រាប់ទូរទស្សន៍ MUTV ថា៖ « Van de Beek មានការប្រកួតដ៏អស្ចារ្យ។ ពីទីតាំងរបស់ខ្ញុំ មើលទៅគាត់លេងផ្លាស់ទីបានល្អណាស់។ ប្រសិនខ្ញុំត្រូវលេងទីតាំងដែល Van de Beek លេងសព្វដង ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលគាត់ធ្វើនៅថ្ងៃនេះគឺបានជួយក្រុម»។
យ៉ាងណាក៏ដោយ Fernandes បន្ថែមថា នេះក៏ដោយសារតែ Man Utd មានសមាជិកក្រុមដែលមានជម្រើសល្អច្រើន។ សូម្បីតែអ្នកអង្គុយនៅកៅអីបម្រុង ក៏សុទ្ធសឹងជាកីឡាករពោពេញដោយសមត្ថភាពដែរ។ ដូច្នេះ នេះមិនមែនជាបញ្ហាទេ បើទោះរូបគេ អាណិត Van de Beek ដែលបង្ហាញខ្លួនបានតិចម៉ោងនោះ។
បច្ចុប្បន្ន Fernandes រកបាន ២៨ គ្រាប់ហើយសម្រាប់ក្រុមបិសាចក្រហមនៅគ្រប់ការប្រកួត ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅខែកុម្ភៈ ឆ្នាំ ២០២០ ក្រោយផ្លាស់ពី Sporting Lisbon។ ២៨គ្រាប់ ក្នុងការប្រកួត៤៦លើកនេះ បានធ្វើឲ្យខ្សែបម្រើវ័យ២៦ឆ្នាំ ក្លាយជាកីឡាករដែលរកគ្រាប់បានច្រើនសម្រាប់ក្លិបនៅ Premier League។ Van de Beek ទើបរកបាន១គ្រាប់ប៉ុណ្ណោះ ពីការប្រកួតទាំង១០លើក៕