ក្រសួងការបរទេសចិន តាមរយៈអ្នកនាំពាក្យនៅថ្ងៃទី២៥ ខែមករា អះអាងថា វត្តមានរបស់យោធាអាមេរិកនៅក្នុងសមុទ្រចិនភាគខាងត្បូងមិនមែនជារឿងល្អឡើយសម្រាប់សន្តិភាព។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកងនាវាចម្បាំងអាមេរិកដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានបើកចូលសមុទ្រចិនភាគខាងត្បូង។
សមុទ្រចិនខាងត្បូង ដែលជាទីតាំងយុទ្ធសាស្ត្រ និងជាផ្លូវឆ្លងកាត់នៃទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ គឺជាចំណុចតានតឹងរវាងវ៉ាស៊ីនតោន និងប៉េកាំង។ ចិនតែងប្រតិកម្មចំពោះសកម្មភាពយោធាអាមេរិកក្នុងសមុទ្រនេះ។ ចិនលើកឡើងថា នាវាចម្បាំងអាមេរិកតែងតែចូលទៅជិត កោះដែលខ្លួនគ្រប់គ្រងក្នុងសមុទ្រចិនភាគខាងត្បូង ដែលកោះទាំងនោះក៏ស្ថិតក្រោមការទាមទារកម្មសិទ្ធពីវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងតៃវ៉ាន់ផងដែរ។
« អាមេរិកជារឿយៗបានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងចូលក្នុងសមុទ្រចិនភាគខាងត្បូង។ នេះមិនអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ»។ នេះជាការលើកឡើងរបស់លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៥ ខែមករា។
បើតាមយោធាអាមេរិក ក្រុមនាវាចម្បាំងមួយកង បើកចូលសមុទ្រចិនខាងត្បូងនៅថ្ងៃទី២៣ ខែមករា ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt អមដោយនាវាប្រយុទ្ធបីគ្រឿងផ្សេងទៀតបានបើកចូលសមុទ្រចិនខាងត្បូង។ វត្តមាននាវាមួយក្រុមនេះ ត្រូវបានអាមេរិកលើកឡើងថា ជាការលើកកម្ពស់សិទ្ធិសេរីភាពដែនសមុទ្រ បង្កើតភាពជាដៃគូ និងពង្រឹងសន្តិភាពលំហសមុទ្រ។ ការបើកនាវានេះ គាប់ជួនទៅនឹងការប្រកាសរបស់តៃវ៉ាន់ដែលអះអាងថាកងទ័ពអាកាសរបស់ចិន បានហោះចូលក្នុងតំបន់ការពារផ្លូវអាកាសរបស់ខ្លួននៅភាគនិរតីនៃដែនកោះនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់លោក Doug Verissimo មេបញ្ជាការកងនាវាចម្បាំងខាងលើ អះអាងថា ការរក្សាវត្តមាន និងបន្តលើកកម្ពស់វិន័យសណ្តាប់ធ្នាប់ នៅសមុទ្រចិនខាងត្បូងដែលមានទំនិញហូរកាត់ចំនួន២ភាគ៣ នៃការដឹកជញ្ជូនទាំងអស់មានសារៈសំខាន់បំផុត។
ចំពោះការបើកយន្តហោះចូលដែលកំណត់អត្តសញ្ញាណរបស់តៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន បង្វែរឱ្យសួរសំណួរទៅក្រសួងការពារជាតិចិន ប៉ុន្តែសង្កត់ធ្ងន់ថា តៃវ៉ាន់ ជាផ្នែកកមួយរបស់ចិនដែលមិនអាចបំបែកបាន ហើយអាមេរិកត្រូវតែគោរពគោលនយោបាយចិនតែមួយ។
ទាក់ទងរឿងយន្តហោះចម្បាំងចិននេះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen អះអាងថា រ៉ាដារបស់តៃវ៉ាន់រកឃើញយន្តហោះរបស់ចិនចំនួន២ពាន់ និងនាវា៤រយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
អាមេរិក ក៏ដូចជាបណ្តាប្រទេសសឹងតែទាំងអស់លើលោកពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែអាមេរិកជាប្រទេសលក់អាវុធច្រើនបំផុតជាមួយកោះនេះ ដែលតែងតែធ្វើឱ្យចិនក្តៅក្រហាយ។ បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ប្រាប់សមាជិកព្រឹទ្ធសភាថា អាមេរិកនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកុំឱ្យចិនកាន់កាប់តៃវ៉ាន់ដោយកម្លាំងអាវុធ។ លោកAustin ក៏បញ្ជាក់ថាអាមេរិកនឹងប្តេជ្ញា ក្នុងការគាំទ្រតៃវ៉ាន់ឱ្យមានសមត្ថភាពក្នុងការការពារខ្លួនឯង៕