ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសបង្កើតបក្សថ្មីជាផ្លូវការ
25, Jan 2021 , 6:40 pm        
រូបភាព
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តក្រុមប្រឆាំង (រូបពីទំព័រហ្វេសប៊ុក Chanrath Ou - អ៊ូ ច័ន្ទរ័ត្ន Page)
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តក្រុមប្រឆាំង (រូបពីទំព័រហ្វេសប៊ុក Chanrath Ou - អ៊ូ ច័ន្ទរ័ត្ន Page)
លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់ជាតំណាងរាស្រ្តនិងជាមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្នុងស្រុក បានសម្រេចចិត្តជាផ្លូវការហើយ ក្នុងការបង្កើតគណបក្សថ្មី គឺគណបក្សកែទម្រង់កម្ពុជា (Cambodian Reform Party)។ ការសម្រេចចិត្តចុងក្រោយក្នុងការបង្កើតគណបក្សថ្មីនេះ គឺកើតចេញពីការពិភាក្សាគ្នារវាងលោក និងមន្រ្តីជាន់ខ្ពស់ផ្សេងៗរបស់អតីតគណបក្សសង្គ្រោះជាតិ។



ហេតុផលធំមួយ ដែលជំរុញឲ្យលោក អ៊ូ ច័ន្ទរ័ត្ន ដើរពិភាក្សាជាមួយសហជីវិនរបស់លោកដែលធ្លាប់រួមរស់ក្នុងអតីតគណបក្សសង្គ្រោះជាតិជាមួយគ្នា ដើម្បីបង្កើតគណបក្សថ្មី គឺដោយសារតែលោក មើលឃើញថា មេដឹកនាំកំពូលៗរបស់អតីតគណបក្សសង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី និង លោក កឹម សុខា ប្រហែលជាគ្មានច្រកអាចវិលចូលឆាកនយោបាយវិញនិងមិនអាចរៀបចំកម្លាំង សម្រាប់ការបោះឆ្នោតអាណត្តិថ្មីនេះបាន។

ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ (អាណត្តិថ្មី) នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ហើយការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ (អាណត្តិថ្មី) នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោក អ៊ូ ច័ន្ទរ័ត្ន ដែលទទួលបានសិទ្ធិនយោបាយវិញ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ ថ្លែងថា៖«យើង មានកម្លាំងគ្រប់គ្រាន់ សម្រាប់ប្រកួតប្រជែង [ជាមួយគណបក្សប្រជាជនកម្ពុជា]។ […] យើង នឹងប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត និងប្រឹងឲ្យអស់លទ្ធភាព»។

យ៉ាងណាក៏ដោយ គណបក្សថ្មីនេះ ទំនងជាបង្កើតឡើង គ្រាន់តែជាការសាកួប៉ុណ្ណោះ។ តាមរយៈសារព័ត៌មានថ្មីៗ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសថា បើលោក សម រង្ស៊ី និង កឹម សុខា ឬអ្នកណាម្នាក់ ក្នុងចំណោមលោកទាំងពីរ អាចវិលចូលនយោបាយវិញ ហើយអាចរៀបចំកម្លាំងចូលរួមប្រកួកប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និងការបោះឆ្នោតនៅឆ្នាំ២០២៣ លោក នឹងរំលាយគណបក្សថ្មីរបស់លោកចោល ហើយសុំចូលជាមួយមេដឹកនាំរបស់លោកវិញ ដើម្បីឲ្យកម្លាំងប្រឆាំង ប្រមូលផ្តុំគ្នាកាន់តែធំដូចមុន និងអាចមានតុល្យភាពក្នុងការប្រជែងជាមួយគណបក្សកាន់អំណាច។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា ការបង្កើតគណបក្សថ្មីនេះ គឺមានការចូលរួមពីអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងផ្សេងទៀត។ ប៉ុន្តែ លោក មិនទាន់បញ្ចេញឈ្មោះអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងទាំងនោះទេ ដោយរង់ចាំគណបក្សថ្មីរបស់លោក លេចរូបរាងនិងដំណើរការជាផ្លូវការសិន។

ជាមួយគ្នានេះ លោក បញ្ជាក់ថា ដ្បិតលោក ជាអ្នកផ្តើមគំនិតនិងជំរុញឲ្យបង្កើតគណបក្សថ្មីនេះពិតមែន តែលោក នឹងមិនធ្វើជាប្រធានឡើយ ដោយទុកឲ្យអ្នកនយោបាយផ្សេង ដែលចាស់ទុំនិងមានបទពិសោធច្រើនជាងលោក ធ្វើជាប្រធាន។ លោក ក៏មិនទាន់បង្ហើបដែរថា អ្នកនយោបាយចាស់ទុំនិងមានបទពិសោធច្រើននោះ ជាអ្នកណា។ លោក ថ្លែងថា បើគ្មានអ្វីប្រួលប្រែលទេ ក្រុមការងាររបស់លោក នឹងដាក់សំណើសុំបង្កើតគណបក្ស ទៅក្រសួងមហាផ្ទៃ ក្នុងអំឡុងខែមករា ឆ្នាំ២០២១នេះ។

មានគណបក្សពីរ-បីហើយ ដែលបែកខ្ញែកចេញពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង។ គណបក្សទាំងនោះ គឺ គណបក្សខ្មែរអភិរក្សនិយម មានលោក រៀល ខេមរិន្ទ ជាប្រធាន និង គណបក្សខ្មែរស្រឡាញ់ជាតិ មានលោក ជីវ កត្តា ជាប្រធាន។ លើសពីនេះ លោក គង់ គាំ ឥស្សរជននយោបាយក្រុមប្រឆាំងនិងធ្លាប់ជាមនុស្សស្និទ្ធរបស់លោក សម រង្ស៊ី បានផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ហើយទៅគាំទ្រកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា បង្កើតគណបក្សមួយដោយឡែក គឺគណបក្សឆន្ទៈខ្មែរ។ ឥឡូវនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សថ្មីមួយបន្ថែមទៀត៕

Tag:
 អ៊ូ ច័ន្ទរ័ត្ន
  គណបក្សថ្មី
  គណបក្សកែទម្រង់កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com