Ibrahimovic ទទួលកំហុស ដែល​ធ្វើឱ្យ AC Milan ចាញ់ Inter ធ្លាក់​ពី Coppa Italia
  • ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ​​ ម៉ោង ៩:៥៩ នាទី យប់
Ibrahimovic ទទួលកំហុស ដែល​ធ្វើឱ្យ AC Milan ចាញ់ Inter ធ្លាក់​ពី Coppa Italia

Zlatan Ibrahimovic សុំទោស​មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក ចំពោះ​ការទទួលបាន​កាត​ក្រហម​ដែល​ធ្វើឱ្យ AC Milan ធ្លាក់​ចេញពី​ពានរង្វាន់ Coppa Italia ក្រោយ​ចាញ់ Inter Milan ក្នុង​លទ្ធផល ២-១​។ លោក Stefano Pioli អ្នកចាត់ការ AC Milan អះអាង​បែបនេះ​។​
TTN-Free-Banner-In-Article-PC


Ibrahimovic ដែល​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី ៤៩៩​ក្នុង​អាជីព ដើម្បី​ជួយ AC Milan នាំមុខ Inter Milan ១​គ្រាប់​មុន​នៅ​នាទី​៣១ ក្នុងការ​ប្រកួត Coppa Italia វគ្គ​៨​ក្រុម​នៅ​រាត្រី​ថ្ងៃទី​២៦ ខែមករា ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញចេញ​ក្រោយ​ទទួលបាន​កាត​លឿង​ទី​២​។ កាត់​លឿង​ដំបូង​កើតឡើង​ពី​ការឈ្លោះប្រកែក​គ្នា​រវាង Ibrahimovic និង Romelu Lukaku ដែលជា​អតីត​មិត្ត​រួម​ក្រុម Manchester United និង​ទី​២ នៅពេល​ធ្វើឱ្យ Aleksandar Kolarov ដួល​នៅ​នាទី​៥៨​។​
 
​ក្រោយ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ​ទទួលបាន​កាត​ក្រហម Inter បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង រហូត​រកបាន​គ្រាប់​តាម​ស្មើ​វិញ ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ពី​សំណាក់​ខ្សែប្រយុទ្ធ Lukaku នៅ​នាទី​៧១​។ 


 
Christian Eriksen ជា​អ្នក​បន្ថែម​គ្រាប់​ជ័យជម្នះ ដោយ​ការទា​ត់បាល់​ពិន័យ Free-kick ដ៏​ល្អ​នៅ​នាទី​៩០​។ ចប់​ការប្រកួត​ក្រុម​លោក Antonio Conte ឈ្នះ ក្រុម​លោក Pioli ២-១​។​
​លោក Pioli លើកឡើងថា​អាកប្បកិរិយា​មិនល្អ​របស់ Ibrahimovic រហូត​បាន​កាត​ក្រហម​ជា​កំហុស​ធំ​បំផុត​ដែលនាំឱ្យ AC Milan ធ្លាក់​ចេញពី Coppa Italia ត្រឹម​វគ្គ​៨​ក្រុម ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ​រូបនេះ បានទទួល​កំហុស​ទាំង​ស្រុង​។​
 
«Ibrahimovic បាន​សុំទោស​ក្រុម​។ គាត់​ដឹងថា​គាត់​បាន​បង្កើត​បញ្ហា​សម្រាប់​ក្រុម​។ គាត់​បាន​សុំទោស ព្រោះ​គាត់​ជា​បុរស​ដ៏​អស្ចារ្យ និង​ជា​ជើងឯក​។ វា​ច្បាស់​ណាស់​ថា​ការប្រកួត​នេះ​កាន់តែ​ពិបាក​នៅពេល​បាត់​សមាជិក​ម្នាក់ ហើយ​សំខាន់​ផង​»​។ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រៀបរាប់​ដូច្នេះ ហើយ​បន្ថែមថា​លោក​បាន​មើលឃើញ​ពី​ការនឿយហត់​របស់​ក្រុម​ក្នុង​រយៈពេល​៣០ នាទីចុងក្រោយ ប៉ុន្តែ​ទទួលបាន​លទ្ធផល​ខក​ចិត្ត​។​
 
​ក្រោយ​ធ្លាក់​ចេញពី Coppa Italia លោក Pioli បានដាក់​គោលដៅ​ចម្បង​ក្នុងការ​ប្រជែង​ពាន Serie A វិញ ខណៈ AC Milan ត្រូវ​ជួប Bologna សប្តាហ៍​នេះ​។ AC Milan នៅតែ​ឈរ​កំពូល​តារាង​នៃ​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី ដោយមាន​២​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ Inter Milan ក្រោយ​ការប្រកួត​១៩​លើក​រួចមក​៕

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​