វាយអក្សរខ្មែរកាន់តែរហ័សជាមួយកម្មវិធី Khmer Fastype Tool
  • ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
វាយអក្សរខ្មែរកាន់តែរហ័សជាមួយកម្មវិធី Khmer Fastype Tool

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយ ក្រុមហ៊ុន Microsoft Office អភិវឌ្ឍកម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស (Khmer Fastype Tool) ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ឲ្យកាន់តែងាយស្រួល និងរហ័សជាងមុន។
TTN-Free-Banner-In-Article-PC

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាជាមួយអ្នកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រង ក្រុមហ៊ុន Brite Digital តំណាងក្រុមហ៊ុន Microsoft Office នៅកម្ពុជា លើការអភិវឌ្ឍ កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស (Khmer Fastype Tool)។ 
 
កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស (Khmer Fastype Tool) ជាផ្នែកមួយ ក្នុងកម្មវិធី Microsoft Office សម្រាប់វាយអត្ថបទជាអក្សរខ្មែរ។ ក្រោយបញ្ចប់ការអភិវឌ្ឍ កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស (Khmer Fastype Tool) អ្នកប្រើប្រាស់ អាចតំឡើងក្នុងកម្មវិធី Microsoft Office ដើម្បីសម្រួលដល់វាយអត្ថបទប្រចាំថ្ងៃ ពិសេសក្នុងការងាររដ្ឋបាល ឲ្យកាន់តែរហ័សជាងមុន និងចំណេញពេលវេលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយបញ្ជាក់ថា កម្មវិធីនេះអភិវឌ្ឍឡើងដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់អ្នកប្រើប្រាស់កាន់តែងាយស្រួលវាយអត្ថបទ និងត្រឹមត្រូវជាងមុន។ 
 
លើសពីនេះទៅទៀត ដៃគូរសហការទាំង២ ក៏កំពុងសិក្សាបន្ថែមពីលទ្ធភាព ក្នុងការបញ្ចូលតួនាទីពិនិត្យអក្ខរាវិរុទ្ធខ្មែរ (Spelling Check) ក្នុងកម្មវិធី Microsoft Office ផងដែរ៕


 លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រង ក្រុមហ៊ុន Brite Digital តំណាងក្រុមហ៊ុន Microsoft Office

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ