ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសគាំទ្រអភិបាលខេត្តកំពង់ស្ពឺ ដែលលុបបំបាត់ផ្ទាំងពាណិជ្ជកម្មស្រាបៀទាំងអស់
- ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង ៤:៤០ នាទី រសៀល

រូបពីទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
បញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដែលមាននៅតាមដងផ្លូវនិងតាមទីតាំងនានា ក្នុងខេតក្តកំពង់ស្ពឺ មិនត្រឹមតែទទួលបានការពេញចិត្តពីសាធារជននោះទេ តែក៏ស្របនឹងបំណងរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែរ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក ម៉ុង ឫទ្ធី សេដ្ឋីកសិកម្ម និងជាសមាជិកព្រឹទ្ធសភា ប្រកាសដូច្នេះថា៖«រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំ ឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុក ចុះផ្សាយព្រោងព្រាត ដោយគាំទ្រចំណាត់ការឯកឧត្ដមអភិបាល គណៈអភិបាលខេត្តកំពង់ស្ពឺ ដាក់បញ្ជាឲ្យរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មលក់គ្រឿងស្រវឹង រូបខ្ញុំផ្ទាល់ ក៏គាំទ្រចំណាត់ការនេះ ដូចប្រិយមិត្តយើងដែរ»។
ដោយសារសង្កេតឃើញនៅតាមដងផ្លូវជាច្រើន មានដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងស្អេកស្កះ លោកឧកញ៉ារូបនេះ ធ្លាប់សំណូមពរឲ្យប្រជាពលរដ្ឋ រុះរើប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងនោះចេញវិញ។ លោក រម្លឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូមួយខ្សែងប្រវែងជិត៦គីឡូម៉ែត្រ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីដើមខែមករា ឆ្នាំ២០២១ លោក បានសំណូមពរឲ្យប្រជាពលរដ្ឋ ដកប៉ាណូផ្សព្វផ្សាយពាណិជ្ជគ្រឿងស្រវឹងចេញពីមុខផ្ទះរបស់ពួកគាត់ជាមុនសិន ទើបលោក យល់ព្រមសាងសង់ផ្លូវនេះឲ្យ។
លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គមនិងនយោបាយ បានចែករំលែកសំណេររបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ហើយបានបញ្ចេញយោបល់ថា៖«ខ្ញុំ គិតថា យើងពិតជាអាចបាន នៅពេលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាប់ផ្តើមធ្វើរឿងនេះទាំងអស់គ្នា្នដូចខាងលើ»។
លោក មាស នី បន្តទៀតថា ជំងឺកូវីដ-១៩ សម្លាប់មនុស្ស២ឬ៣នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ តែគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹង កំពុងសម្លាប់មនុស្សលើសពីជំងឺកូវីដ-១៩ ពី២ដងទៅ៣ដងឯណោះ ដោយមិនទាន់រាប់បញ្ចូលនូវអំពើហិង្សានិងការកើតជំងឺផ្សេងៗនោះទេ។
សង្គមស៊ីវិល បញ្ញវន្ត និង ប្រជាពលរដ្ឋទូទៅ បានគាំទ្រខ្លាំងចំពោះលោក វ៉ី សំណាង ដែលចេញបញ្ជានៅចុងខែឧសភា ឆ្នាំ២០២១នេះ ឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ។ លោក វ៉ី សំណាង មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២១ ខែឧសភា ថា ខេត្តកំពង់ស្ពឺ ជាស្រុកកំណើតរបស់អ្នកប្រាជ្ញខ្មែរ មានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម ដូច្នេះ មិនត្រូវឲ្យមានផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងឡើយ។
មានប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មមួយចំនួនហើយ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្ហាញការគាំទ្រលើចំណាត់ការបស់លោកអភិបាលខេត្ត ហើយបានស្ម័គ្រចិត្តរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងចេញដោយខ្លួនឯង ដោយមិនចាំបាច់ឲ្យអាជ្ញាធរចុះទៅរុះរើឡើយ។ ចាប់តាំងពីអភិបាលខេត្តកំពង់ស្ពឺ ដាក់ចេញបញ្ជានេះមក ចលនាលើបណ្តាញសង្គម ដែលជំរុញឲ្យបណ្តាខេត្តដទៃ លុបបំបាត់ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺកាន់តែផុសផុល៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ