«ខ្សែចង្វាក់តម្លៃ» គឺមានន័យខុសពី«ខ្សែចង្វាក់ផលិតកម្ម»!
- ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ព្រឹក

«ខ្សែចង្វាក់តម្លៃ» និង«ខ្សែចង្វាក់ផលិតកម្ម» ជាពាក្យដែលពេញនិយមប្រើនៅក្នុងវិស័យសេដ្ឋកិច្ច។ ពាក្យទាំងពីរនេះមានខ្លឹមសារខុសគ្នា។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។

«ខ្សែចង្វាក់តម្លៃ» សរសេរជាភាសាអង់គ្លេស Value Chain មានន័យថា ដំណើរការ ឬស៊េរីនៃសកម្មភាពដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើត និងបន្ថែមតម្លៃទៅលើការផលិត ឬការកែច្នៃផលិតផលនៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មទាំងមូល។ ឧទាហរណ៍៖ ដើម្បីមានប្រៀបលើដៃគូប្រកួតប្រជែង ក្រុមហ៊ុនមួយត្រូវសិក្សាឲ្យច្បាស់អំពីខ្សែចង្វាក់តម្លៃនៃផលិតផលរបស់ខ្លួន។
ចំណែក«ខ្សែចង្វាក់ផលិតកម្ម»សរសេរជាភាសាអង់គ្លេស Production chain ហើយសរសេរជាភាសាបារាំង chaîne de production មានន័យថា ដំណាក់នានាដែលត្រូវការសម្រាប់បំប្លែងវត្ថុធាតុដើមទៅជាផលិតផលពាក់កណ្តាលសម្រេច ឬផលិតផលសម្រេចសម្រាប់អ្នកប្រើប្រាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com