«ប៉ាន់តែ»ទម្ងន់២៥០គីឡូក្រាមពីកម្ពុជា ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅឥណ្ឌា
- ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ៦:៥៩ នាទី ល្ងាច

សារមន្ទីរប៉ាន់តែ (TeaPot Museum) នឹងត្រូវសាងសង់ឡើងដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌា។ នេះជាគំនិតផ្តួចផ្តើមរបស់ម្ចាស់ហាង La Gravitea ដែលមានទីតាំងនៅក្រុង Jamshedpur រដ្ឋ Jharkhand។ ក្នុងចំណោមប៉ាន់តែជាង១០០ដែលនឹងត្រូវដាក់តាំងបង្ហាញ ប៉ាន់តែដ៏ធំជាងគេទម្ងន់២៥០គីឡូក្រាម មានប្រភពមកពីកម្ពុជា។

«ខ្ញុំបានទិញប៉ាន់តែនេះពីភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ២០២០»។ លោក Avinash Dugar ស្ថាបនិកហាង La Gravitea បានអះអាងយ៉ាងដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ តាមអ៊ីម៉ែល ហើយបានបញ្ជាក់ថា លោកធ្លាប់បានមកកាន់រាជធានីភ្នំពេញ ក្នុងខែធ្នូ ឆ្នាំ២០១៩ និងខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសិក្សាពីលទ្ធភាពបើហាងកាហ្វេ DeafCafe ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសដល់សហគមន៍មនុស្សគរថ្លង់នៅកម្ពុជា។
ប៉ាន់តែដែលមានប្រភពពីកម្ពុជានេះ មានទម្ងន់២៥០គីឡូក្រាម ប្រវែង១,២២ម៉ែត្រ និងកម្ពស់០,៩១ម៉ែត្រ។ វាធ្វើពីព័រសឺឡែនពណ៌ស លាយខៀវ ជាមួយនឹងការរចនារូបភាពតាមរឿងព្រេងនិទានចិន ហើយមានតម្លៃប្រមាណ២០០០ដុល្លារអាមេរិក។

លោក Avinash Dugar បានលើកឡើងថា៖ «យើងកំពុងរៀបចំសាងសង់សារមន្ទីរប៉ាន់តែ [TeaPot Museum] ដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌា ដើម្បីដាក់តាំងប៉ាន់តែចំនួន១១៥ ក្នុងនោះ ប៉ាន់តែដែលមានប្រភពពីកម្ពុជា គឺធំជាងគេបំផុតនៅក្នុងសារមន្ទីរបស់យើង»។
La Gravitea (DeafCafe) ជាហាងដែលផ្តល់ឱកាសដល់សហគមន៍គរថ្លង់ និងកុមារកំព្រានៅក្រុង Jamshedpur រដ្ឋ Jharkhand មានការងារធ្វើ និងមានសិទ្ធិសម្រេចចិត្តលើជោគវាសនារបស់ខ្លួន ហើយលោក Dugar ក៏បានលើកឡើងពីគម្រោងបើកសាខានៅក្នុងរាជធានីភ្នំពេញផងដែរ។

អតិថិជនភាគច្រើនដែលបានចូលក្នុងហាង សុទ្ធតែបាននាំគ្នាថតរូបជាអនុស្សាវរីយ៍ជាមួយប៉ាន់តែដ៏ធំជាងគេ ហើយ La Gravitea ក៏បានបង្ហោះរូបថតទាំងនោះ នៅក្នុងទំព័រ Twitter (https://twitter.com/LaGravitea) ផ្លូវការរបស់ខ្លួនផងដែរ។
«ហាងយើងមានតែ១៥០ប្រភេទ មកពី១២ប្រទេសផ្សេងៗគ្នា។ នេះហើយជាមូលហេតុដែលនាំឲ្យយើងសម្រេចបង្កើតសារមន្ទីប៉ាន់តែដំបូងបំផុតនៅឥណ្ឌា ជាពិសេសបន្ទាប់ពីយើងបានទិញប៉ាន់តែដ៏ទាក់ទាញពីឥណ្ឌា»។ ស្ថាបនិកហាង La Gravitea។

បច្ចុប្បន្ន លោក Dugar មានប៉ាន់តែយ៉ាងហោច៤៥ហើយនៅក្នុងដៃ ដោយលោកព្យាយាមស្វែងរកប៉ាន់តែដែលមានលក្ខណៈពិសេសផ្សេងទៀត ដើម្បីបង្គ្រប់ឲ្យបានចំនួន១១៥ សម្រាប់សារមន្ទីរ TeaPot Museum របស់លោក៕
ប្រភពរូបថត៖ Twitter LaGravitea #DeafCafe



@SowannaYun@cambodiadaily@ChineseTeaArts#ChineseArt
— LaGravitea #DeafCafe (@LaGravitea) September 6, 2021
We request you to help us unravel the story depicted on this #TeaPot from #Cambodia, also reach the #Artist #Sculptor who made (Year Of Mfg, Material Used) this mammoth #VintageTeaPot, currently adding glory to #LaGravitea. pic.twitter.com/bAeJqkkgTe
អ្នកសរសេរអត្ថបទ
លោក អ៊ឹង ចំរើន (Ung Chamroeun) មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: