ការបើកសាលារៀនឡើងវិញក្នុងក្រុងសៀមរាប ត្រូវពន្យារពេល
  • ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ ​​ ម៉ោង ៦:៤៣ នាទី ល្ងាច
ការបើកសាលារៀនឡើងវិញក្នុងក្រុងសៀមរាប ត្រូវពន្យារពេល
ការសាកល្បងបើកសាលារៀនឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាបឋមសិក្សាមុខនាគ សង្កាត់គោកចក ក្រុងសៀមរាប។ រូបភាព៖ អ៊ីសា រ៉ហានី

សៀមរាប៖ ក្រោយតាមដានស្ថានការណ៍មួយរយៈ រដ្ឋបាលខេត្តសៀមរាប បានសម្រេចពន្យារពេលបើកសាលារៀនឡើងវិញក្នុងក្រុង។ អភិបាលខេត្តបញ្ជាក់ថា ជំងឺកូវីដ១៩ក្នុងក្រុងសៀមរាបកំពុងផ្ទុះខ្លាំង ដូច្នេះនឹងមិនអនុញ្ញាតឱ្យបើកសាលារៀនវិញទេ ដោយត្រូវរង់ចាំមួយសប្ដាហ៍ទៀត។
TTN-Free-Banner-In-Article-PC
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា រដ្ឋបាលខេត្តបានពន្យារពេល៧ថ្ងៃ ដើម្បីបើកសាលារៀនក្នុងក្រុង ខណៈពេលបច្ចុប្បន្ននេះ អាជ្ញាធរបានសម្រេចបិទខ្ទប់ និងដាក់ក្រុងជាតំបន់លឿងទុំ។ លោកបញ្ជាក់ថា ប្រសិនមួយសប្ដាហ៍ទៀត ស្ថានការណ៍នឹងល្អប្រសើរវិញ នោះខេត្តនឹងពិចារណាដើម្បីបើកសាលាឡើងវិញ។
 
យ៉ាងណា លោក ទៀ សីហា ប្រាប់ថា ចំពោះតំបន់ពុំមានហានិភ័យ ឬតំបន់ឆ្ងាយៗ អាចបើកបង្រៀនឡើងវិញតាមការស្នើសុំ ហើយមកដល់ពេលនេះ លោកក៏មិនទាន់ទទួលបានរបាយការណ៍ពីចំនួនសាលារៀនដែលស្នើបើកបង្រៀនឡើងវិញនោះដែរ។ លោកបន្ថែមថា ការបើកឡើងវិញនេះ ក៏ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ដោយក្នុងមួយបន្ទប់មិនតម្រូវឱ្យបង្រៀនលើសពី១៥នាក់ឡើយ និងត្រូវឆ្លាស់វេនគ្នារៀន៕
 
សូមស្ដាប់ការឡើងរបស់អភិបាលខេត្ត លោក ទៀ សីហា ជុំវិញករណីខាងលើនេះដូចតទៅ


 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី