សត្វទុងប្រផេះ៤០ក្បាល វិលមកតំបន់រ៉ាមសារស្ទឹងសែនវិញ ក្រោយអវត្តមានក្នុងរដូវប្រាំង
- ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ៩:៣៩ នាទី យប់

ភ្នំពេញ៖ សត្វទុងប្រផេះ ៤០ក្បាល បានវិលមកតំបន់រ៉ាមសារស្ទឹងសែន នៅក្នុងភូមិកំពង់ស្វាយ ខេត្តកំពង់ធំវិញ ខណៈពេលរដូវរស្សាចូលមកដល់។ បើតាមលោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា រដូវវស្សាតំបន់រ៉ាមសារជាទីជម្រក និងកន្លែងរកចំណីមួយដ៏សំខាន់សម្រាប់សត្វទុងប្រផេះ និងសត្វស្លាបផ្សេងទៀតនៅក្នុងតំបន់។

នៅរដូវប្រាំង សត្វទុងប្រផេះ និងសត្វប្រភេទផ្សេង តែងធ្វើដំណើរចាកចេញពីតំបន់រ៉ាមសារស្ទឹងសែនទៅទីតាំងផ្សេងដើម្បីរកចំណី និងបន្តពូជនៅតាមទីជិតឬឆ្ងាយ។ ឈានចូលរដូវវស្សាទើបសត្វទាំងនោះ ត្រឡប់មកជួបជុំគ្នាវិញ និងរស់នៅតាមធម្មតានៅតំបន់នេះរហូតចប់រដូវរស្សា។ នេះជាការលើកឡើងរបស់លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា។
លោក វរសក្ស ពន្យល់ដូច្នេះ៖«ពេលកម្ពស់ទឹកកើនឡើងក្នុងតំបន់រ៉ាមសារស្ទឹងសែន សត្វចាប់ផ្ដើមវិលត្រឡប់មកវិញ។ បើតាមការកត់ត្រាមានសត្វទុងប្រផេះប្រមាណ៤០ក្បាល និងសត្វស្លាបផ្សេងជាង២៧ប្រភេទ។ បើសួរថាចំនួនសត្វទុងប្រផេះមានការកើនឡើង ឬថយចុះ ខ្ញុំមិនអាចសន្និដ្ឋានបានទេ ដោយសត្វប្រភេទមិនទាន់ធ្វើជំរឿនដូចជាសត្វត្មាត ឬត្រយងយក្សនោះទេ»។

រូបភាពដោយ NatureLife Cambodia Organization

រូបភាពដោយ NatureLife Cambodia Organization
បើតាមនាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជារូបនេះ សត្វទុងប្រផេះ ជាប្រភេទសត្វដែលកំពុងឈានទៅរកការគំរាមកំហែង ដោយសារការបំផ្លាញជម្រក ការបរបាញ់ និងការបំពុល ដែលធ្វើឱ្យសត្វប្រភេទនេះ និងសត្វផ្សេងៗទៀតងាយរងគ្រោះថ្នាក់។ សូមបញ្ជាក់ថា ប្រភេទសត្វដែលកំពុងឈានទៅរកការគំរាមកំហែង (Near Threatened, NT)នៅក្នុងតំបន់រ៉ាមសារស្ទឹងសែនមានដូចជា ស្មោញ (Darter) អកត្រីក្បាលប្រផេះ (Grey-headed Fish Eagle) និងទុងប្រផេះ (Spot-billed Pelican)។ ទន្ទឹមនឹងនោះ ក្រុមឧទ្យានុរក្សក៏បានបង្រ្កាបបទល្មើសមួយចំនួន ដែលសុទ្ធតែជាបទល្មើសនេសាទខុសច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: