រដ្ឋបាលខេត្តសៀមរាប ដឹកជញ្ជូនទំនិញដល់អ្នកក្នុងតំបន់ក្រហម និងលឿងទុំដោយឥតគិតថ្លៃ
- ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ២:០៦ នាទី រសៀល

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានបង្កើតក្រុមអ្នកដឹកទំនិញជាស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់ក្រហម និងលឿងទុំដោយឥតគិតថ្លៃ។

តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ការផ្តល់ការដឹកជញ្ជូនទំនិញជាស្បៀងអាហារ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនេះ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ កញ្ញា។ រដ្ឋបាលខេត្តក៏ផ្តល់ជូនលេខទំនាក់ទំនង និងអ្នកបើកបររ៉ឺម៉ក សម្រាប់ការងារដឹកជញ្ជូននេះ និងមានការបែងចែងចែកទាំងវេនព្រឹកចាប់ពីម៉ោង៦ ដល់ម៉ោង ១២ និងរសៀលពីម៉ោង១ ដល់ម៉ោង៦។

ក្រៅពីការងារខាងលើនេះ រដ្ឋបាលខេត្តក៏បានសម្រួលទីតាំងលក់បន្លែ ត្រី សាច់ ចំនួន៤ ក្នុងសង្កាត់ដែលជាប់ជាតំបន់ក្រហម ងាយស្រួលពលរដ្ឋក្នុងតំបន់នោះរកទិញ។ ទី១ក្នុងសង្កាត់ស្លរក្រាម នៅមុខផ្សារលើធំថ្មី ទី២សង្កាត់ស្វាយដង្គំ នៅមុខសណ្ឋាគារតាព្រហ្ម ក្បែរផ្សារចាស់ ទី៣ សង្កាត់ជ្រាវ នៅផ្លូវបេតុង មុខសាលារៀនខ្នារ និងសង្កាត់គោកចក នៅផ្លូវ ៣០ម៉ែត្រ៕




© រក្សាសិទ្ធិដោយ thmeythmey.com