ដើមឈើនៅតំបន់អង្គរ ត្រូវបានថែទាំដោយយកចិត្តទុកដាក់ ដើម្បីសោភ័ណភាពបៃតង
  • ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ដើមឈើនៅតំបន់អង្គរ ត្រូវបានថែទាំដោយយកចិត្តទុកដាក់ ដើម្បីសោភ័ណភាពបៃតង
ដើមឈើក្នុងរមណីយដ្ឋាន​អង្គរ។ រូបភាពពី​អាជ្ញាធរជាតិ​អប្សរា

ភ្នំពេញ៖ ដើមឈើក្នុងរមណីយដ្ឋានអង្គរ ត្រូវបានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ថែទាំជាប្រចាំ តាមរយៈការព្យាបាល កាត់ក្រី និងកាត់ដកហូតដើមឈើ ដែលអាចបង្កគ្រោះថ្នាក់ដល់ទេសចរ និងប្រាសាទ។ ក្រៅពីទាក់ទាញទេសចរ និងជួយដល់បរិស្ថាន ដើមឈើ ក៏ជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ និងធ្វើឱ្យអង្គរមានភាពបៃតង។
TTN-Free-Banner-In-Article-PC


ក្នុងរមណីយដ្ឋានអង្គរ មានដើមឈើច្រើនប្រភេទ និងច្រើនដើម ដុះស្អេកស្កះផ្ដល់ជាសម្រស់ទាក់ទាញទេសចរ និងជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ។ ក្រៅពីផ្ដល់ម្លប់ និងទស្សនីយភាពដល់ទេសចរ រួមទាំងកិច្ចការអភិរក្សប្រាសាទ ដើមឈើក៏ផ្ដល់ហានិភ័យ នៅពេលមានដើមធំ ចាស់ ងាប់ និងពុកផុយ។ ដើម្បីសង្រ្គោះប្រាសាទ និងសុវត្ថិភាពភ្ញៀវ អាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យ ព្យាបាល កាត់ក្រី និងកាត់ដកហូតដើមឈើ ដែលអាចបង្កគ្រោះថ្នាក់ផងដែរ។
 
បើតាមអាជ្ញាធរជាតិអប្សរា ដើមឈើខ្លះមានសភាពស្អាតនៅខាងក្រៅ និងពុំមានការខូចខាត ប៉ុន្តែខាងក្នុងមានប្រហោងពុកផុយ ដែលទាមទារឱ្យមានការត្រួតពិនិត្យត្រឹមត្រូវ។ អាជ្ញាធរជាតិអប្សរា តែងព្យាយាមទុកដើមឈើដែលមានបញ្ហាឱ្យអស់លទ្ធ មុនសម្រេចកាត់ដកហូតចេញ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់មនុស្ស និងប្រាសាទ។ 


រូបភាពពី​អាជ្ញាធរជាតិអប្សរា 

«ក្រៅពីកិច្ចការចម្បងក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍប្រកបដោយចីរភាព ការថែរក្សា និងលើកតម្លៃទេសភាពវប្បធម៌ ការងារថែរក្សាព្រៃឈើនិងបង្កើនគម្របបៃតងក្នុងរមណីយដ្ឋានអង្គរ ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាចាត់ទុកជាការងារអាទិភាពដែរ។ មូលហេតុសំខាន់នោះ គឺដើមឈើបានជួយមួយផ្នែកដល់កិច្ចការអភិរក្សប្រាសាទផងដែរ»។ នេះជាការលើកឡើងរបស់លោក យិត ចាន់ដារដ្ឋ អគ្គនាយករងទទួលបន្ទុកការងារគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។ 
 
តាមរយៈការចូលរួមថែរក្សា និងអភិរក្សដើមឈើ ក្នុងបរិវេណរមណីយដ្ឋានអង្គរ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរា បានបង្កើតឱ្យមានស្ថានីយបណ្ដុះកូនឈើរហូតដល់១០ទីតាំង ដែលស្ថានីយទាំងនោះ អាចបណ្តុះកូនឈើបានជាង  ២០ម៉ឺនដើមក្នុងមួយឆ្នាំៗ។  តាំងពីឆ្នាំ២០០៤មក  អាជ្ញាធរជាតិអប្សរា បានដាំដើមឈើជាង ២លានដើមក្នុងតំបន់អង្គរ បន្ថែមលើដើមឈើដែលមានស្រាប់។ 
 


រូបភាពពី​អាជ្ញាធរជាតិអប្សរា 

ជាមួយគ្នានេះ ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរា បានដាំកូនឈើលើផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរបានជាង ២ម៉ឺនដើម និងចែកចាយកូនឈើដោយឥតគិតថ្ លៃដល់សាធារណជនគ្រប់ទិសទីជាង ១០ម៉ឺនដើមផងដែរ។ លោក យិត ចាន់ដារដ្ឋ អះអាងថា ការដាំ និងផ្ដល់កូនឈើទាំងនេះ ក្នុងទិសដៅដើម្បីឱ្យអង្គរមានភាពបៃតង និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងការពារបរិស្ថាន៕ 
 


រូបភាពពី​អាជ្ញាធរជាតិអប្សរា 

រូបភាពពី​អាជ្ញាធរជាតិអប្សរា 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ (Nhek Sreyleak)