ប្រជាជនក្នុងខេត្តកំពតមួយចំនួន យកស្លឹកផ្អាវ មកវេចអន្សម ជំនួសស្លឹកចេក
  • ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ប្រជាជនក្នុងខេត្តកំពតមួយចំនួន យកស្លឹកផ្អាវ មកវេចអន្សម ជំនួសស្លឹកចេក
នំអន្សម វេចពីស្លឹកផ្អាវ ដែលនិយមនៅខេត្តកំពត ព្រះសីហនុ និងកោះកុង

 ភ្នំពេញ៖ ប្រជាជនក្នុងខេត្តកំពត មួយចំនួន យកស្លឹកផ្អាវវេចអន្សម ជំនួសស្លឹកចេក ដោយសារតំបន់នោះសម្បូររុក្ខជាតិប្រភេទនេះ។ អ្នកយកស្លឹកផ្អាវមកវេចអន្សម លើកឡើងថា  ស្លឹកផ្អាវស្រួលវេចជាងស្លឹកចេក ហើយធ្វើឱ្យនំរឹងល្អ និងមានរសជាតិឆ្ងាញ់។
TTN-Free-Banner-In-Article-PC


ផ្អាវជាប្រភេទ រុក្ខជាតិដុះក្នុងព្រៃ សម្បូរនៅខេត្តកំពត កោះកុង និងព្រះសីហនុជាដើម។ រុក្ខជាតិនេះ គេតែងយកធ្វើកន្ទេល មួក កន្ត្រក និងដាំលម្អរគេហដ្ឋាន។  ស្លឹកផ្អាវ ក៏ត្រូវបានប្រជាជនក្នុងខេត្តកំពតមួយចំនួន យកមកវេចអន្សមផងដែរ។



លោកស្រី មៀច មុំ ជាអ្នករស់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត តែងយកស្លឹកផ្អាវមកវេចអន្សម។ លោកស្រី ទិញស្លឹកផ្អាវ ពីផ្សារបន្ទាយមាស ក្នុងតម្លៃ១ដុំ ៣ ០០០រៀល- ៥ ០០០រៀល ឬមួយគីឡូ ៤ ០០០រៀល។ អ្នកខេត្តកំពតរូបនេះ យកស្លឹកផ្អាវវេចនំ ជំនួសស្លឹកចេក ព្រោះវាធ្វើឱ្យអន្សមមានរសជាតិឆ្ងាញ់។

លោកស្រី មៀច មុំ រៀបរាប់ដូច្នេះថា៖ « ស្លឹកផ្អាវវេចទៅនំ។ បើយើងទុកនំ ពីរ បីថ្ងៃ ទៅនំរឹង ហើយស្ងួត តែបើវេចស្លឹកចេកនំទន់ តែបើហូបភ្លាមៗ វេចស្លឹកផ្អាវឆ្ងាញ់ជាង ។ ស្លឹកផ្អាវស្រួលវេចជាងស្លឹកចេក។ យើងយកស្លឹកផ្អាវមកដាក់លើបាតដៃ ហើយរៀបវាម្ដង២-៣ សន្លឹក ហើយដាក់អង្ករ ដាក់ស្នូលនំពីលើស្លឹក។ បន្ទាប់មកគេ ថែមស្លឹកជុំវិញ ហើយចងកណ្ដាល រួចបត់ក្បាល និងកន្ទុយ»។



បើតាមលោកស្រី មៀច មុំ ពលរដ្ឋនៅក្នុងភូមិសង្កែរដួច ស្រុកបន្ទាយមាស ខេត្តកំពត ភាគច្រើនគេនិយមយកស្លឹកផ្អាវមកវេចនំច្រើនជាងស្លឹកចេក។  
ជាពលរដ្ឋ រស់នៅក្នុងខេត្តកំពតម្នាក់ទៀតលោកស្រី ដាំ យិន ក៏តែងតែទៅកាប់ស្លឹកផ្អាវពីក្នុងព្រៃ ដោយខ្លួនឯង ដើម្បីមកវេចនំដែរ។ ស្ត្រីវ័យ៥២ឆ្នាំរូបនេះ ថាស្លឹកផ្អាវ មិនពិបាករកនោះទេ ហើយយកមកវេចនំ មានរសជាតិឆ្ងាញ់ មិនចាញ់ស្លឹកចេកនោះឡើយ។

«កន្លែងខ្ញុំរស់នៅគេ និយមយកស្លឹកផ្អាវមកវេចអន្សមជាង។  នំអន្សមដែលវេចដោយស្លឹកផ្អាវឆ្ងាញ់ជាង ព្រោះសាច់នំរឹង ហើយវាស្រួលវេច។ ពេលយើកកាប់ស្លឹកផ្អាវ មកហើយជូតវាឱ្យស្អាត ហើយយកមកវេច។ ស្លឹកផ្អាវស្រួលទុកដាក់ជាង មិនរហែក ដូចស្លឹកចេកទេ»។ នេះជាការរៀបរាប់របស់លោកស្រី ដាំ យិន។



បើតាម អ្នកខេត្តកំពតរូបនេះ ក្រៅពីស្លឹកចេក និងស្លឹកផ្អាវ ប្រជាជនមួយចំនួនក៏បានយកស្លឹកត្នោត ឬស្លឹកដូងមកវេចអន្សម។ របៀបនៃ ការវេចអន្សម ក៏ខុសគ្នាបន្តិចបន្តួច តាមតំបន់ និងចំណង់ចំណូលចិត្តផងដែរ៕




 





អ្នកសរសេរអត្ថបទ

ជឿន ស្រីណយ បានចូលបម្រើការងារនៅសារព័ត៌មានThmeyThmey នៅខែ មិថុនា ឆ្នាំ២០២០ ។ ស្រីណយ បានបញ្ចប់ការសិក្សាជំនាញ សារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ជឿន ស្រីណយ