ប្រទេសទាំង១០ដែលតម្លៃប្រេងសាំងក្នុង១លីត្រថ្លៃជាងគេនៅឆ្នាំ២០២១
- ថ្ងៃសៅរ៍ ទី១ ខែមករា ឆ្នាំ២០២២ ម៉ោង ៥:៥៩ នាទី ល្ងាច

នៅក្នុងរយៈពេលប្រមាណប៉ុន្មានខែមកនេះ ប្រទេសជាច្រើនកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដោយសារតែកង្វះការផ្គត់ផ្គង់ និងកើនឡើងនៃតម្រូវការ។ ជាការពិតទៅ កាលពីជំងឺកូវីដ-១៩ រីករាលដាលដំបូង តម្លៃប្រេងឆៅឆ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែនៅប៉ុន្មានខែថ្មីៗនេះតម្រូវការកើនឡើងដោយសារសេដ្ឋកិច្ចជុំវិញពិភពលោកបានចាប់ផ្តើមបើកដំណើរការឡើងវិញ។ ម្យ៉ាងវិញទៀត ប្រេងសាំង ម៉ាស៊ូត និងឥន្ធនៈផ្សេងទៀតត្រូវបានផលិតចេញពីប្រេងឆៅ ដូច្នេះហើយវានាំឱ្យតម្លៃប្រេងឥន្ធនៈទាំងនេះកើនឡើង ឬថយចុះទៅតាមតម្លៃប្រេងឆៅដែរ។

តម្លៃជាមធ្យមនៃប្រេងសាំងក្នុងឆ្នាំ២០២១ គឺ១,២១ ដុល្លារក្នុង១លីត្រ ខណៈនៅឆ្នាំ ២០២០ តម្លៃជាមធ្យមត្រឹមតែ ០,៨ ដុល្លារប៉ុណ្ណោះ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ប្រេងសាំងក្នុង១លីត្រនៅទីក្រុងហុងកុងដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន មានតម្លៃថ្លៃជាងគេបំផុតដល់ទៅគឺ ២,៥៩៥ ដុល្លារ ហើយប្រទេសទាំង៩ដែលត្រូវបានរៀបរាប់ខាងក្រោមនេះមានតម្លៃថ្លៃជាងគេជាបន្តបន្ទាប់៖
២. ហូឡង់៖ ២,២២៤ ដុល្លារ/លីត្រ
៣. អ៊ីស្រាអែល៖ ២,១១៦ ដុល្លារ/លីត្រ
៤. សាធារណរដ្ឋអាហ្វ្រ៊ិកកណ្តាល៖ ២,០៦៨ ដុល្លារ/លីត្រ
៥. ន័រវេស៖ ២,០៥៦ ដុល្លារ/លីត្រ
៦. ហ្វាំងឡង់៖ ២,០៤៤ ដុល្លារ/លីត្រ
៧.ដាណឺម៉ាក៖ ២,០២១ ដុល្លារ/លីត្រ
៨.អ៊ីស្លង់៖ ១,៩៩៤ ដុល្លារ/លីត្រ
៩.ម៉ូណាកូ៖ ១,៩៨៥ ដុល្លារ/លីត្រ
១០.បាបាដុស៖ ១,៩៧៥ ដុល្លារ/លីត្រ
គួរបញ្ជាក់ថា តម្លៃប្រេងសាំងនៅតាមប្រទេសនីមួយៗខុសៗគ្នាដោយសារតែពន្ធផ្សេងៗ និងការឧបត្ថម្ភធនសម្រាប់ប្រេងសាំង។ ប្រទេសទាំងអស់ទទួលបាននូវតម្លៃប្រេងសាំងមួយដែលស្មើៗគ្នាពីទីផ្សារអន្តរជាតិ ប៉ុន្តែតម្លៃលក់រាយនៅតាមបណ្តាប្រទេសនីមួយៗប្រែប្រួលទៅតាមការដាក់ពន្ធផ្សេងៗគ្នាពីរដ្ឋាភិបាល។ បើតាមក្បួនទូទៅ តម្លៃប្រេងសាំងនៅប្រទេសអ្នកមានមានតម្លៃខ្ពស់ជាង ខណៈប្រទេសក្រីក្រ និងប្រទេសដែលផលិត និងនាំចេញប្រេងមានតម្លៃទាបជាងយ៉ាងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com