ប្រធាន UEFA ថាគម្រោងរៀប World Cup ពីរឆ្នាំម្តងជាគំនិតអាក្រក់ ហើយប្រឆាំងដាច់ខាត
  • ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ​​ ម៉ោង ៣:០៦ នាទី រសៀល
ប្រធាន UEFA ថាគម្រោងរៀប World Cup ពីរឆ្នាំម្តងជាគំនិតអាក្រក់ ហើយប្រឆាំងដាច់ខាត

ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានរំលឹកឡើងវិញម្តងទៀតថាលោកនៅតែប្រឆាំងដាច់ខាតចំពោះផែនការរៀប FIFA World Cup ពីរឆ្នាំម្តងរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លោក Ceferin ជឿថាគម្រោងនេះនឹងបរាជ័យដោយឯកឯង ដ្បិតជាគំនិតអាក្រក់។
TTN-Free-Banner-In-Article-PC


លោក Arsene Wenger ដែលជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់របស់ FIFA បានបង្កើនការផ្សព្វផ្សាយគំនិតរបស់ខ្លួនកាន់តែខ្លាំង អំពីការផ្លាស់ប្តូរកាលប្រកួតកីឡាបាល់ទាត់ពិភពលោកពី៤ឆ្នាំ មកត្រឹមពីរឆ្នាំម្តងវិញ។
 
ក្នុងនាមជាអ្នកបំផុសគម្រោងនេះឡើង អតីតអ្នកចាត់ការ Arsenal ប្តេជ្ញាកាត់បន្ថយគម្លាតប្រាក់ឧបត្តម្ភរវាងប្រទេសអ្នកមាន និងក្រីក្របំផុត រួមទាំងបង្កើនឱកាសឱ្យកីឡាករមកពីប្រទេសក្រីក្រដែលមានទេពកោសល្យ អាចអភិវឌ្ឍខ្លួនរហូតដល់កម្រិតខ្ពស់ផងដែរ។
 
លើសពីនេះទៅទៀតនោះ FIFA នាកិច្ចប្រជុំកំពូលនៅថ្ងៃទី២០ ខែធ្នូ បានអះអាងប្រាប់សមាជិករបស់ខ្លួនថា ការរៀបចំការប្រកួត World Cup រៀងរាល់ពីរឆ្នាំម្តង នឹងបង្កើតប្រាក់ចំណូលបន្ថែម លើសពី៤ពាន់លានដុល្លារអាម៉េរិកតាមរយៈសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងប្រាក់ចំណូលឧបត្ថម្ភផ្សេងៗ។
 
យ៉ាងណាផែនការរបស់លោក Wenger មិនទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់ធំចំនួន២រួមមាន UEFA និងអាម៉េរិកឡាទីន (CONMEBOL) ឡើយ។
 
លោក Ceferin ប្រធាន UEFA បានប្រាប់អ្នកយកព័ត៌មាននៅឯពិព័រណ៍ Expo 2020 Dubai Fair នៅថ្ងៃទី៣០ ខែធ្នូថា UEFA និង CONMEBOL ដែលមានក្រុមឈ្នះពានកីឡាបាល់ទាត់ច្រើនជាងគេលើលោក ប្រឆាំងដាច់ខាតចំពោះគម្រោងរៀប World Cup ២ឆ្នាំម្រង។
 
«World Cup ត្រូវតែរៀបចំរៀងរាល់៤ឆ្នាំម្តងដើម្បីឱ្យមានការចាប់អារម្មណ៍។ ប្រសិនបើធ្វើពីរឆ្នាំម្តង វានឹងជាន់គ្នាជាមួយ World Cup នារី និងព្រឹត្តិការណ៍កីឡាធំៗផ្សេងទៀត ដូចជាកីឡាអូឡាំពិកជាដើម។ នេះគ្រាន់តែជាគំនិតអាក្រក់ ហើយគម្រោងនេះនឹងមិនកើតឡើងទេ»។
 
UEFA ថែមទាំងលើកឡើងពីបញ្ហាប្រឈមជុំវិញផែនការខាងលើថា នឹងធ្វើឱ្យព្រឹត្តិការកីឡានៅតំបន់អឺរ៉ុប រួមទាំងលីគល្បីៗនៅអឺរ៉ុបផងអាចខាតបង់ចំណូលពីសិទ្ធិទូរទស្សន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រហែល ៩ ពាន់លានដុល្លារក្នុងមួយរដូវកាលឯណោះ៕

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​