រុស្ស៊ីធ្វើសមយុទ្ធយោធានៅសមុទ្របាល់ទិក ស្របពេលណាតូបញ្ជូនទ័ពទៅអឺរ៉ុបខាងកើត
  • ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
រុស្ស៊ីធ្វើសមយុទ្ធយោធានៅសមុទ្របាល់ទិក ស្របពេលណាតូបញ្ជូនទ័ពទៅអឺរ៉ុបខាងកើត
នាវាចម្បាំងរបស់រុស្ស៊ី។ រូបភាព៖ Tass

នាវាចម្បាំងរុស្ស៊ីចំនួន ២០គ្រឿង បានចូលទៅក្នុងសមុទ្របាល់ទិក ដើម្បីធ្វើសមយុទ្ធយោធា នៅក្នុងសមុទ្របាល់ទិក។ ការបញ្ចេញសាច់ដុំរបស់រុស្ស៊ីនេះ ធ្វើឡើងស្របពេលណាតូ (NATO) បន្ថែមទ័ពមកអឺរ៉ុបខាងកើត ស្របពេលវិបត្តិអ៊ុយក្រែននៅតែមានភាពតានតឹង។ មិនតែប៉ុណ្ណោះ អាម៉េរិក ក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំង មកក្នុងសមុទ្រមេឌីទែរ៉ាណេផងដែរ។
TTN-Free-Banner-In-Article-PC
 
វិបត្តិអ៊ុយក្រែន ហាក់មិនបានធូរស្រាលបន្តិចឡើយ បើទោះកិច្ចចរចារវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច បានធ្វើឡើងជាច្រើនលើកក៏ដោយ។ បញ្ហាកាត់តែក្តៅថែមទៀត នៅពេលរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុងសមុទ្របាល់ទិក ខណៈពេលសម្ព័ន្ធយោធាណាតូ បានបញ្ជូនទ័ពជាច្រើន មកប្រទេសនៅអឺរ៉ុបខាងកើត។ 
 
តាមសេចក្តីថ្លែងការណ៍យោធារុស្ស៊ីភូមិភាគខាងលិចនៅថ្ងៃទី២៤ ខែមករា នាវាចម្បាំង និងនាវាគាំទ្រចំនួន ២០គ្រឿង ត្រូវធ្វើសមយុទ្ធនៅក្នុងសមុទ្របាល់ទិក។ នាវាមកពីកងជើងទឹកបាល់ទិកនេះ ត្រូវរៀបចំជាក្រុមយុទ្ធសាស្រ្ត ដើម្បីធ្វើប្រតិបត្តិការប្រឆាំងនាវាមុជទឹក ការការពារអាកាស និងកិច្ចការដោះមីនជាដើម។ 
 
ការបញ្ចេញសាច់ដុំរបស់រុស្ស៊ីនៅក្នុងសមុទ្របាល់ទិក ធ្វើឡើងស្របពេលអង្គការណាតូ បានបញ្ជូនទ័ព និងសម្ភារយោធាបន្ថែមមកអឺរ៉ុបខាងកើត។ «យើងនឹងឆ្លើយតបនឹងការប៉ះពាល់សន្តិសុខ រួមទាំងការពង្រឹងសន្តិសុខសមូហភាព»។ លោក Jens Stoltenberg ប្រមុខសម្ព័ន្ធយោធាណាតូ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ក្នុងថ្ងៃទី២៤ ខែមករា និងសាទរចំពោះការពង្រាយទ័ពរបស់សមាជិកនៅបណ្តាប្រទេសអឺរ៉ុបខាងកើត។ 
 
កន្លងមក ណាតូមានទ័ពចំនួន ៤ពាន់នាក់ ដែលគាំទ្រដោយរថពាសដែក ប្រព័ន្ធការពារអាកាស និងកងចារកិច្ច នៅក្នុងបណ្តាប្រទេសដូចជា អេស្តូនី លីទុយអានី ឡេតូនី និងប៉ូឡូញ។ ទន្ទឹមនេះ ដាណឺម៉ាក អេស្ប៉ាញ បារាំង និងហូឡង់ ក៏ពិចារណាបញ្ជូនទ័ព យន្តហោះ និងនាវាទៅអឺរ៉ុបខាងកើតផងដែរ។ 
 
ក្រៅពីការបញ្ជូនទ័ពរបស់អង្គការណាតូ អាម៉េរិក នាពេលកន្លងទៅ ក៏បានប្រកាសបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Harry S. Truman និងនាវាចម្បាំងផ្សេងទៀត មកក្នុងសមុទ្រមេឌីទែរ៉ាណេ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាជាមួយសម្ព័ន្ធយោធាណាតូ ហើយស្ថិតក្រោមបញ្ជាណាតូតែម្ដង។ សមយុទ្ធ Neptune Strike 22 ចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមករា។ 
 
ស្របពេលបញ្ហាក្នុងតំបន់កំពុងតែកើនឡើង អង់គ្លេស បានអះអាងថា ខ្លួនបានដកបុគ្គលិកស្ថានទូតខ្លួនមួយចំនួន ចេញពីស្ថានទូតនៅអ៊ុយក្រែន ក្រោមហេតុផលការគំរាមកំហែងពីរុស្ស៊ី។ ការប្រកាសនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាម៉េរិក បញ្ជាឱ្យសមាជិកគ្រួសារមន្រ្តីទូតអាម៉េរិកនៅអ៊ុយក្រែនត្រលប់ទៅប្រទេសវិញ។
 
ពាក់ព័ន្ធនឹងការបញ្ជូនទ័ពមកអឺរ៉ុបខាងកើត អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា សកម្មភាពយោធាទាំងនោះ នឹងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀត។ បើតាមអ្នកនាំពាក្យរូបនេះ ការពង្រឹងកម្លាំងយោធារបស់រុស្ស៊ី ធ្វើឡើង ដោយសារតែអាម៉េរិក និងអង្គការណាតូ កំពុងតែធ្វើ និងផ្សព្វផ្សាយព័ត៌មានមិនពិតប៉ុណ្ណោះ។ 
 
រយៈពេលជាច្រើនខែមកហើយ រុស្ស៊ីនៅតែបន្តប្រមូលផ្តុំកម្លាំងយោធាជាង១០ម៉ឺននាក់ នៅតំបន់ក្បែរព្រំដែនជាមួយអ៊ុយក្រែន។ បញ្ហានោះ បានធ្វើឱ្យអ៊ុយក្រែន និងប្រទេសលោកខាងលិច បារម្ភពីលទ្ធភាពឈ្លានពានជាថ្មីពីសំណាក់រុស្ស៊ីដូចឆ្នាំ២០១៤។ បើទោះមានការចរចាជាច្រើនលើកជុំវិញបញ្ហាអ៊ុយក្រែន ប្រទេសលោកខាងលិច និងរុស្ស៊ី បានត្រឹមតែឯកភាពបន្តកិច្ចពិភាក្សាប៉ុណ្ណោះ និងមិនមានលទ្ធផលផ្លែផ្កាអ្វីឡើយ៕ 
 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ