ចិនប្រាប់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា កុំប៉ះពាល់គម្រោងវិនិយោគរបស់ខ្លួន
  • ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ​​ ម៉ោង ៣:១៦ នាទី រសៀល
ចិនប្រាប់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា កុំប៉ះពាល់គម្រោងវិនិយោគរបស់ខ្លួន
ក្រុមអ្នកតវ៉ា លើកបដានៅមុខស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា។ រូបភាព៖ The Irrawaddy

ចិន បានជំរុញរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ឱ្យប្រាប់កងកម្លាំងតស៊ូរបស់ខ្លួន កុំប៉ះពាល់គម្រោងវិនិយោគរបស់ចិន ដែលមាននៅមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការពារជាតិ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ ទៅកាន់សារព័ត៌មាន The Irrawaddy។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីចលនាតស៊ូនៅមីយ៉ាន់ម៉ា វាយប្រហារបង្គោលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រចិន Tagaung Taung។
TTN-Free-Banner-In-Article-PC
 
កម្លាំងចលនាតស៊ូមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែមករា បានវាយប្រហារ បង្គោលអគ្គិសនីចំនួន៣ កន្លែង សម្រាប់ផ្គត់ផ្គង់រោងចក្រចម្រាញ់សារធាតុនីកែល។ ការវាយប្រហារនោះ បានធ្វើឱ្យរោងចក្រត្រូវផ្អាកសកម្មភាព ហើយស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា ទាក់ទងទៅរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដើម្បីជំរុញកុំឱ្យមានករណីបែបនោះទៀត។  
 
«យើងមិនមានគោលនយោបាយ វាយប្រហារលើគម្រោងវិនិយោគរបស់ប្រទេសជិតខាងឡើយ»។ លោក Yee Mon រដ្ឋមន្រ្តីការពារជាតិរបស់រដ្ឋាភិបាលបង្រួបង្រួមជាតិ បានបញ្ជាក់បែបនេះ មុនបន្តថា ករណីវាយប្រហារលើរោងចក្រនោះ ធ្វើឡើងដោយសារគំនិតរបស់ចលនាបះបោរផ្ទាល់ ដោយសារករណីខ្លះ យោធាមីយ៉ាន់ម៉ា បានយករោងចក្ររបស់ប្រទេសជិតខាង ធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដើម្បីប្រព្រឹត្តហិង្សាប្រឆាំងប្រជាជនស៊ីវិល។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ ប្រមុខការពារជាតិរបស់រដ្ឋាភិបាលស្រមោលមួយនេះ ក៏បានបញ្ជាក់ផងដែរថា លោកហ៊ានធានាថា ករណីវាយប្រហារលើគម្រោងវិនិយោគរបស់ប្រទេសជិតខាង នឹងមិនកើតមានទៀតឡើយ ប៉ុន្តែជំនួញបរទេស ត្រូវនៅឱ្យឆ្ងាយពីយោធាមីយ៉ាន់ម៉ា។ 
 
រោងចក្រចម្រាញ់សារធាតុនីកែល Tagaung Taung គឺជារោងចក្រផលិតនីកែលដ៏ធំបំផុតនៅមីយ៉ាន់ម៉ា ក្រោមទំហំវិនិយោគជាទឹកប្រាក់ ៨០០លានដុល្លារ និងអាចទាញសារធាតុនីកែលឆៅបាន ៨៥០០០តោន ក្នុងមួយឆ្នាំៗ។ 
 
កន្លងមក តាមសំណើចិន រដ្ឋាភិបាលយោធា បានការពារសន្តិសុខលើគម្រោងវិនិយោគចិននៅមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ យោធាមីយ៉ាន់ម៉ា បានពង្រាយមីននៅក្បែរមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធបង្ហូរឧស្ម័នធម្មជាតិ និងប្រេង ក្នុងរដ្ឋ Shan ទៀត ក្នុងគោលបំណងប្រឆាំងការវាយប្រហារចលនាតស៊ូនៅក្នុងប្រទេស៕ 
 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ