កូរ៉េខាងជើង បាញ់មីស៊ីលលើកទី៥ក្នុងឆ្នាំ២០២២ ទំនងជាមីស៊ីលប្រដេញ
- ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ម៉ោង ៤:៥៩ នាទី រសៀល

រូបភាព៖ KCNA
កូរ៉េខាងជើង ទំនងជាបាញ់សាកល្បងមីស៊ីលប្រដេញចំនួនពីរគ្រាប់ និងបានធ្លាក់នៅក្នុងសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែមករា។ នេះជាលើកទី៥ ហើយ ដែលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ក្នុងឆ្នាំ២០២២។

Relate
បើទោះស្ថិតក្រោមទណ្ឌកម្មអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ កូរ៉េខាងជើង បានបន្តធ្វើតេស្តមីស៊ីលជាច្រើនលើក ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ កូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែមេសា បានរាយការណ៍កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលលើកទី៥ ចំនួនពីរគ្រាប់ ក្នុងឆ្នាំ ២០២២។
«យើង នៅតែស្វែងរកការវិភាគជាលម្អិត»។ មន្រ្តីយោធាកូរ៉េខាងត្បូងម្នាក់ បានប្រាប់អ្នកសារព័ត៌មានបែបនេះ មុនបន្តថា មីស៊ីលពីរគ្រាប់នោះ ទំនងជាបាញ់ចេញពីភាគខាងត្បូង ខណៈប្រព័ន្ធស្ទាក់ និងចាប់សញ្ញា មិនមានបញ្ហាក្នុងប្រឆាំងអាវុធទាំងនោះឡើយ។
យ៉ាងណាមិញ ការសាកល្បងបាញ់មីស៊ីលប្រដេញរបស់ក្រុងព្យុងយ៉ាង គឺមិនស្ថិតក្រោមការហាមឃាត់របស់សេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រដេញលើកចុងក្រោយ នៅក្នុងខែកញ្ញា ឆ្នាំ ២០២១។ កាលនោះ ក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានសាកល្បងមីស៊ីលប្រដេញប្រភេទថ្មីចម្ងាយឆ្ងាយ និងចាត់ទុកជាអាវុធយុទ្ធសាស្រ្ត។
សូមបញ្ជាក់ថា ការសាកល្បងមីស៊ីលើកចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងរងទណ្ឌកម្មពីអាម៉េរិក ក្រោមហេតុផលបំពានច្បាប់អន្តរជាតិ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: