លោក បៃឌិន ព្រមានដាក់ទណ្ឌកម្មលោក ពូទីន ដោយផ្ទាល់ពាក់ព័ន្ធវិបត្តិអ៊ុយក្រែន
- ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ម៉ោង ៣:៣៥ នាទី រសៀល

ប្រមុខរដ្ឋអាម៉េរិក ចូ បៃឌិន បានគំរាមដាក់ទណ្ឌកម្មដោយផ្ទាល់លើសមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ខណៈកងកម្លាំងរុស្ស៊ីនៅសមុទ្របាល់ទិក និងតាមព្រំដែនអ៊ុយក្រែន ផ្តើមធ្វើសមយុទ្ធ។ មិនត្រឹមបុគ្គលលោកពូទីន ឡើយ លោក បៃឌិន ក៏ចង់ដាក់ទណ្ឌកម្មលើរុស្ស៊ីបើហ៊ានធ្វើអ្វីផ្ដេសផ្ដាសនៅអ៊ុយក្រែន។

វិបត្តិអ៊ុយក្រែន មកទល់ពេលនេះកាន់តែមានភាពតានតឹងខ្លាំងឡើង ដ្បិតប្រទេសលោកខាងលិចព្រួយបារម្ភថា រុស្ស៊ីអាចវាយប្រហារលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ រួមនឹងការព្រួយបារម្ភ អាម៉េរិកថ្មីៗនេះបានប្រាប់ឱ្យសមាជិកគ្រួសារបុគ្គលិកស្ថានទូតខ្លួនចាកចេញពីអ៊ុយក្រែនផងដែរ។ ម្ដងជាពីរដង អាម៉េរិក ព្រមានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ីទៀតផង។ ប៉ុន្តែប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២៥ ខែមករា អះអាងថា កំពុងពិចារណាដាក់ទណ្ឌកម្មលើលោក វ៉្លាឌីមៀ ពូទីន តែម្ដង។
«ខ្ញុំឃើញថាមានផ្លូវ»។ លោក បៃឌិន លើកឡើងបែបនេះ ក្រោយអ្នកកាសែតបានចោទសួរទាក់ទិននឹងការទណ្ឌកម្មដោយផ្ទាល់លើលោក ពូទីន តែមិនបញ្ជាក់ឱ្យច្បាស់ឡើយ។
ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានបញ្ជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីនឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរជាងទណ្ឌកម្មដែលបានដាក់ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានតំបន់គ្រីមៀ។ ទណ្ឌកម្មថ្មីនឹងរួមបញ្ចូលការរឹតបន្តឹងលើការនាំចេញឧបករណ៍បច្ចេកវិទ្យាទំនើបរបស់អាម៉េរិកនៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត(AI) និងវិស័យអវកាសជាដើម។
ក្រៅតែពីអាម៉េរិក នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ក៏ព្រមានដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ លោក ចនសុន បញ្ជាក់ថាទណ្ឌកម្មថ្មីនេះនឹងធ្ងន់ធ្ងរជាងទណ្ឌកម្មដែលអង់គ្លេសធ្លាប់បានដាក់ពីមុនមកដូចគ្នា។
ស្របពេលអាម៉េរិកប្រកាសបញ្ជូនទ័ពបន្ថែមជាង ៨ ពាន់នាក់ដើម្បីគាំទ្រកងកម្លាំងអង្គការណាតូ រុស្ស៊ីថ្មីៗនេះ បានធ្វើសមយុទ្ធយោធា ដែលមានកងទ័ពជាង ៦ពាន់នាក់នៅជិតអ៊ុយក្រែន និងក្នុងតំបន់គ្រីមៀ។ បើតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពរុស្ស៊ីបានធ្វើសមយុទ្ធមួយយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធប្រឆាំងយន្តហោះជាដើម។
ការចរចារវាងរុស្ស៊ី និងអាម៉េរិក ណាតូ និងអឺរ៉ុបក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅខែនេះ បានបញ្ចប់ដោយគ្មានផ្កែផ្កា ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូបានយល់ព្រមបន្តការពិភាក្សាក៏ដោយ។ កិច្ចចរចាជាបន្ទាប់ រវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនរួមនឹងសមភាគីបារាំង និងអាល្លឺម៉ង់នៅទីក្រុងប៉ារីសនឹងបន្តធ្វើឡើងដើម្បីបន្តដោះស្រាយបញ្ហា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: