ណាហ្គាខបនាំយកកីឡាករបរទេស៤រូបទៅបន្តធ្វើតេស្តិ៍នៅភ្នំពេញ
- ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០១៤ ម៉ោង ១០:៤០ នាទី ព្រឹក

កីឡាករបរទេស៤រូបដែលបានចូលលេងក្នុងការប្រកួតមិត្តភាពទាំងពីរលើកនៅក្នុងប្រទេសថៃជាមួយក្លិបណាហ្គាខប ត្រូវបន្តធ្វើដំណើរទៅកាន់រាជធានីភ្នំពេញដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ ថ្នាក់ដឹកនាំណាហ្គាខបអះអាងថា សមត្ថភាពរបស់កីឡាករទាំងបួនរូបអាចនឹងឈានទៅដល់ការចុះកិច្ចសន្យាជាផ្លូវការមួយសម្រាប់ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនាពេលខាងមុខ។

កីឡាករបរទេសទាំង៤រូបរួមមាន ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Sang Min ខ្សែបម្រើប្រយុទ្ធកូរ៉េខាងត្បូង Jang In Yong ខ្សែបម្រើកណ្តាលជប៉ុន Masahiro Fukasawa និងខ្សែបម្រើស្លាបហ្គីណេ Barry។ កីឡាករទាំងនេះ បានចូលលេងជាបន្តបន្ទាប់ ខណៈក្លិប BCC Tero (ឈុតទីពីររបស់ BEC Tero Sansana) យកឈ្នះណាហ្គាខប ៤-១ ។ ពួកគេបានចូលលេងជាងមួយម៉ោងទៀតនាជំនួបមិត្តភាពជាមួយក្លិប Chainat FC នៅកីឡដ្ឋាន Khao Plong Stadium កាលពីថ្ងៃសុក្រ ដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ៣-០ ។
លោក ឡាំ ទីនី អ្នកចាត់ការទូទៅក្រុមណាហ្គាខប បានអះអាងថា ក្រុមរបស់លោកអាចនឹងឈានទៅដល់កិច្ចព្រមព្រៀងជាមួយកីឡាករបរទេសទាំងបួននាពេលឆាប់ៗ ខណៈលក្ខខណ្ឌមួយចំនួនកំពុងស្ថិតក្នុងពិភាក្សារវាងថ្នាក់ដឹកនាំណាហ្គាខប និងភ្នាក់ងាររបស់កីឡាករទាំងនោះ។
លោកបានបញ្ជាក់ថា៖ «យើងយកពួកគេទៅធ្វើតេស្តិ៍បន្តនៅភ្នំពេញ ហើយបើគ្មានបញ្ហាអ្វីទេនោះ ពួកគេនឹងក្លាយជាសមាជិកបរទេសថ្មីរបស់ណាហ្គាខបសម្រាប់ការប្រកួតលីក ខណៈបច្ចុប្បន្ន យើងមានកីឡាករកូដឌីវ័រម្នាក់រួចទៅហើយ»។
សូមបញ្ជាក់កាលពីជំនួបមិត្តភាពជាមួយក្លិប Chainat FC ណាហ្គាខបបានធ្វើដំណើរជាង៣ម៉ោងដើម្បីទៅជួបក្រុមម្ចាស់ផ្ទះ ហើយពួកគេ៤០នាទីក្រោយទៅដល់ទីលាន ពួកគេបានចាប់ផ្តើមប្រកួត។ ក្រុមម្ចាស់ផ្ទះដែលស្ថិតក្រោមការដឹកនាំរបស់លោក Surachai Jaturapattarapong បានយកឈ្នះក្នុងលទ្ធផល ៣-០ ដែលគ្រាប់បាល់បញ្ចូលទីទាំងអស់គឺពួកគេធ្វើបានសម្រេចនៅក្នុងតង់ទីមួយ។
ទាក់ទងនឹងសមត្ថភាពរបស់កីឡាករបរទេស លោក ប្រាក់ សុវណ្ណារ៉ា ទីប្រឹក្សាបច្ចេកទេស និងជាអ្នកដឹកនាំបង្វឹកបណ្តោះអាសន្នរបស់ណាហ្គាខប បានគូសបញ្ជាក់ថា៖ «ពួកគេសុទ្ធតែមានសមត្ថភាពដ៏គួរឲ្យកត់សម្គាល់ ជាពិសេស កីឡាករជប៉ុន Masahiro Fukasawa និងកីឡាករកូរ៉េខាងត្បូង Jang In Yong ប៉ុន្តែបញ្ហាត្រង់ថា ពួកគេមិនដឹងច្បាស់ពីរបៀបលេងរបស់ណាហ្គាខប ហើយម្យ៉ាងទៀត ការអស់កម្លាំងដោយសារការធ្វើដំណើរ»។
លោកបានបន្ថែមថា ប្រសិនបើមានការត្រូវរ៉ូវគ្នាលើលក្ខខណ្ឌមួយចំនួនហើយនោះ ពួកគេនឹងក្លាយជាកម្លាំងដ៏សំខាន់របស់ណាហ្គាខបសម្រាប់ការប្រកួតក្នុងលីក។ នៅក្នុងការប្រកួតកន្លងមក លោកប្រាក់ សុវណ្ណារ៉ា ក៏បានដាក់ឲ្យកីឡាករវ័យក្មេងមួយចំនួនចូលលេងផងដែរដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេសម្រាប់យុទ្ធនាការការពារពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៣៕

កីឡាករបរទេសទាំងបួនស្ថិតនៅក្នុងជម្រើសជាតិដំបូងនាជំនួបមិត្តភាពជាមួយ Chainat FC

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Sang Min

ខ្សែបម្រើស្លាប Barry សញ្ជាតិហ្គីណេ

ខ្សែបម្រើប្រយុទ្ធកូរ៉េខាងត្បូង Jang In Yong

ខ្សែបម្រើកណ្តាលជប៉ុន (ឈូសបាល់) Masahiro Fukasawa និងខ្សែបម្រើកូរ៉េខាងត្បូង (ស្តាំ) Jang In Yong
អ្នកសរសេរអត្ថបទ
លោក អ៊ឹង ចំរើន (Ung Chamroeun) មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ